ក្រសួងការបរទេសកូរ៉េខាងត្បូងនឹងផ្តោតទៅលើ ការជួយធ្វើឱ្យមានការបន្តឡើងវិញការសន្ទនាគ្នាកូរ៉េខាងជើង-ស.រ.អា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ — ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយពីថ្ងៃពុធថា ខ្លួននឹងផ្តោតនៅឆ្នាំនេះទៅលើការជួយធ្វើ ឱ្យមានការបន្តឡើងវិញការសន្ទនាគ្នារវាងកូរ៉េខាងជើង និង ស.រ.អា ។

ក្រសួងនេះបាននិយាយនៅក្នុងផែនការការងារឆ្នាំ ២០១៩ របស់ខ្លួន ដែលបានដាក់ជូនទៅវិមាន ខៀវ ប្រធានាធិបតីថា ប្រទេសនេះនឹងគាំទ្រឱ្យមានការបន្តឡើងវិញយ៉ាងលឿនការសន្ទនាគ្នាកូរ៉េខាងជើង – ស.រ.អា ។

ក្រសួងនេះមានផែនការជំរុញឱ្យមានការជឿនលឿនយ៉ាងទូលំទូលាយ នៅក្នុងការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លែអ៊ែរ, ធ្វើឱ្យប្រសើរនូវទំនាក់ទំនងរវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីងតោន នឹងការកសាងរបប សន្តិភាពមួយនៅលើឧបទ្វីបនេះ ។
មន្ត្រីក្រសួងការបរទេសម្នាក់ដែលមិនស្គាល់ឈ្មោះ បានប្រាប់ពួកអ្នកយកព័ត៌មានក្នុងស្រុកថា កូរ៉េ ខាងត្បូងនឹងផ្តោតកិច្ចការទូតរបស់ខ្លួន ទៅលើការបន្តឡើងវិញឱ្យបានឆាប់ការសន្ទនាគ្នាកូរ៉េខាងជើង – ស.រ.អា ព្រោះរឿងដែលសំខាន់បំផុតនោះ គឺដើម្បីថែរក្សានូវកម្លាំងចលករការសន្ទនាគ្នាមួយ រវាងក្រុង ព្យុងយ៉ាង និងក្រុងវ៉ាស៊ីងតោន ។

ចំពោះកិច្ចប្រជុំកំពូលលើកទី២ រវាងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន ( Kim jong un ) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ( Donald Trump ) នោះ ក្រសួងនេះបាននិយាយថា មេដឹក នាំទាំងពីរបានធ្វើការពិភាក្សាគ្នាដែលបានផលមួយ ស្តីពីការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ព្រមទាំងវិធានការ ដែលមានជាប់ទាក់ទង ថ្វីបើពួកគេមិនបានសម្រេចព្រមព្រៀងទាំងស្រុងមួយក៏ដោយ ។

ក្រសួងក្រុងសេអ៊ូលនេះ បានសង្ឃឹមទុកថា នឹងមានការជឿនលឿនយ៉ាងធំមួយនៅក្នុងការធ្វើឱ្យ ឧបទ្វីបនេះគ្មាននុយក្លេអ៊ែរទាំងស្រុងនឹងដំណោះស្រាយសន្តិភាពដ៏យូរអង្វែង ដែលពឹងផ្អែកទៅលើកិច្ច ចរចាជាបន្តរវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីងតោន ហើយនឹងទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងនៅ កូរ៉េខាងត្បូង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)