លោក ឡាវរ៉ូវ : អាម៉េរិកកំពុងព្យាយាមទិញសម្ព័ន្ធមិត្តដើម្បីឱ្យប្រឆាំងនឹងរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សែរហ្គេស ឡាវរ៉ូវ (​Sergei Lavrov  ) បាននិយាយពីថ្ងៃអង្គារថា      ស.រ.អា កំពុងប៉ុនប៉ងទិញសម្ព័ន្ធមិត្តក្នុងអឺរ៉ុប និងកន្លែងដទៃទៀត នឹងបង្វិលពួកគេឱ្យប្រឆាំងនឹងប្រទេសរុស្ស៊ី ។

លោក ឡាវរ៉ូវ បាននិយាយនៅឯសន្និសីទកាសែតមួយ បន្ទាប់ពីធ្វើកិច្ចចរចា ជាមួយសមភាគីអូទ្រីសរបស់លោក គឺលោក Karin Kneissl  ថា ខ្ញុំមិនដឹងថា មានប្រទេសប៉ុន្មានដែលជាអ្នកទទួលនូវការផ្តួចផ្តើម គំនិតនេះ នឹងត្រូវបានគេទិញនោះ ទេ ។

កាលពីថ្ងៃចន្ទ សេតវិមានបានផ្សព្វផ្សាយផែនការថវិការដ្ឋាភិបាលអាម៉េរិកមួយសម្រាប់ឆ្នាំ ២០២០ ដែលស្នើនូវទឹកប្រាក់ជាង ៥០០លានដុល្លារ សម្រាប់ជួយដល់បណ្តាប្រទេសនៅអឺរ៉ុប , អឺរ៉ុបអាស៊ី និងអាស៊ី   កណ្តាល ដើម្បីប្រឆាំងនឹងឥទ្ធិពលអាក្រក់របស់រុស្ស៊ី ។

លោក ឡាវរ៉ូវ បាននិយាយថា ក្រុងមូស្គូចាត់ទុកសំណើនេះថា ជាគំរូមួយ នៃកិច្ចការទូតអាម៉េរិក ដ៏ទំនើបដែលនឹងធ្លាក់មកដល់ទាំងការ​គំរាមកំហែង ឬ​ការដាក់ទណ្ឌកម្ម ឬការប៉ុនប៉ងទិញសម្ព័ន្ធមិត្រនោះ។

លោក ឡាវរ៉ូវ បាននិយាយថា ដោយសារតែអាកប្បកិរិយា ដែលមានជាទូទៅនៅក្នុងក្រុងវ៉ាស៊ីនតោននោះ ប្រទេសមួយមិនអាចផាត់ចេញនូវលទ្ធភាពក្នុងការប្រឈមមុខ នឹងទណ្ឌកម្មបានទេ ប្រសិនបើខ្លួនបដិសេធជំនួយនេះ​ ។

លោកបាននិយាយថា សមាជិកសភា និងពួកអ្នកបង់ពន្ធអាម៉េរិកគប្បីធ្វើការសម្រេច ថាតើវិធានការបែបនេះនឹងបំពេញនូវផលប្រយោជន៍របស់ខ្លួនដែរឬយ៉ាងណានោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )