ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបញ្ជាក់សារជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១២ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយនៅកូរ៉េខាងជើង បានចុះផ្សាយអំពីការបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសនេះ ក្នុងការធ្វើការងារឆ្ពោះទៅរកការលុបបំបាត់ចោលទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ។

នេះជាលើកដំបូងហើយដែលប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង បាននិយាយអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរចាប់តាំងពីកិច្ចប្រជុំកំពូលលើកទីពីររបស់កូរ៉េខាងជើង – សហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅទីក្រុងហាណូយកាលពីចុងខែកុម្ភៈ ដែលបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងអ្វីមួយឡើយនោះ។

គេហទំព័រ Uriminzokkiri ដែលជាគេហទំព័រមួយសម្រាប់ទំនាក់ទំនងបរទេសនៃប្រទេសនេះ បានបង្ហោះរឿងមួយដែលបញ្ជាក់ថា ជំហររឹងរូសរបស់កូរ៉េខាងជើង គឺដើម្បីបង្កើតទំនាក់ទំនងថ្មីជាមួយសហរដ្ឋអាមេរិក កសាងយន្តការដែលមាននិរន្តរភាព និងយូរអង្វែងនៅក្នុងឧបទ្វីបកូរ៉េ ហើយឈានទៅដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងតែម្តង។

ទាក់ទងនឹងកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ប្រព័ន្ធផ្សព្វផ្សាយនេះបានវាយតម្លៃថា ព្រឹត្តិការណ៍នេះបានរួមចំណែកដល់ការពង្រឹងការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នារវាងភាគីទាំងពីរ ដោយនាំមកនូវឱកាសដ៏សំខាន់ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅនឹងកិច្ចអភិវឌ្ឍន៍ថ្មីមួយ។

រឿងនេះត្រូវបានចេញផ្សាយចំពេលដែលមានព័ត៌មាននៃសកម្មភាពថ្មីនៅក្នុងតំបន់ធ្វើការសាកល្បងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ដែលធ្វើឱ្យមានក្តីបារម្ភថា ប្រទេសនេះអាចធ្វើការសាកល្បងគ្រាប់មីស៊ីលឡើងវិញបន្ទាប់ពីកិច្ចប្រជុំកំពូលនេះ។

នៅថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងថ្ងៃនេះ ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយផ្សេងទៀតរបស់កូរ៉េខាងជើងក៏បានចុះផ្សាយអត្ថបទមួយដែលមានខ្លឹមសារស្រដៀងគ្នានេះផងដែរ ដែលបង្ហាញឱ្យឃើញនូវជំហរខ្ជាប់ខ្ជួនរបស់ទីក្រុងព្យុងយ៉ាងឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់សាធារណរដ្ឋកូរ៉េបាននិយាយថា អត្ថបទទាំងនេះអាចត្រូវបានគេមើលឃើញថា ជាការចង្អុលបង្ហាញថា ទីក្រុងព្យុងយ៉ាងបានបញ្ចប់ការសន្ទនាផ្ទៃក្នុងស្តីពីរបៀបដើម្បីបន្តកិច្ចចរចានុយក្លេអ៊ែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនេះត្រូវបានកាត់ផ្តាច់ភ្លាមៗ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការផ្លាស់ប្តូររបស់កូរ៉េខាងជើងមានបំណងផ្សព្វផ្សាយសារមួយថា ប្រទេសនេះនឹងមិនធ្វើឱ្យស្ថានភាពកាន់តែអាក្រក់នោះទេ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)