បទយកការណ៍៖  ដំណើការក្រោកឡើងវិញនៃវិស័យកីឡាកម្ពុជា និងការបន្តឧត្តមភាពនៅលើឆាកអន្តរជាតិ ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — សមិទ្ធផលនៃវិស័យកីឡានៅកម្ពុជាដែលមានការអភិវឌ្ឍរីកចម្រើននៅពេលបច្ចុប្បន្ននេះ មិនមែនជាការកើត ឡើងដោយ​ឯកឯង​នោះ​​​ទេ ក្រោយពីចាប់ផ្តើមពីបាតដៃទទេអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីឆ្លងកាត់ របប៣ឆ្នាំ ៨ខែ និង​២០​ថ្ងៃ ។

ឯកឧត្តម វ៉ាត់ ចំរើន

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជាបានរម្លឹកឡើងវិញនូវប្រវត្តិដ៏ជូរចត់ និងការតស៊ូគ្រប់ដំណាក់កាលក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ថា ៤០ឆ្នំាមុន ធនធានមនុស្សផ្នែកកីឡានៅសេសសល់តិចតួចបំផុត​។ ឯកឧត្តមបានមាន ប្រសាសន៍ថា ការខិតខំកសាងវិស័យកីឡាឡើងវិញពីបាតដៃទទេរនេះ កម្ពុជាបានជួបបញ្ហា​ប្រឈម​ជា ច្រើន ក្នុងនោះ ក្រៅពីធនធានមនុស្ស ផ្នែកហេដ្ឋារចនាសម្ព័ន្ធកីឡាក៏កាន់តែខ្វះថែមទៀត។​

ឯកឧត្តម វ៉ាត់ ចំរើន បានចែករំលែកថា ដូចរូបឯកឧត្ដមផ្ទាល់ បានចូលប្រឡូកក្នុងវិស័យកីឡា ជាច្រើនទសវត្សរ៍តាំង​ពីកុមារភាព​អាយុ១៣ឆ្នាំ លើប្រភេទកីឡាយូដូ ចំបាប់ រហូតដល់ច្ចុប្បន្ននេះ។ ឯកឧត្តម បានបន្ដថា នេះគឺជាគុណូបក្ការៈដ៏ថ្លៃថ្លា​មិន​អាចកាត់ថ្លែបាន ដែលវីរជនខ្មែរ បានរំដោះប្រទេសជាតិ​ចេញពីសង្រ្គាម​និង​អំពើ​ប្រល័យពូជសាសន៍ប៉ុលពត។ ចេញពីរបបខ្មែរក្រហម បាតដៃទទេស្អាត វិស័យ កីឡាកម្ពុជាបានចាប់​ផ្តើម​ទទួលជំនួយបន្តិចបន្តួច ក្នុងឆ្នាំ១៩៨០ លើផ្នែកបណ្តុះបណ្តាលបច្ចេកទេសគ្រូ មន្ត្រីកីឡានៅប្រទេស​វៀតណាម រុស្ស៊ី អាល្លឺម៉ង់ខាងកើត ដែលមានទំនាក់ទំនងជាមួយកម្ពុជាហើយ​ក៏បន្ត​ទទួលបានជំនួយ​បច្ចេកទេសបន្ថែម រហូតដល់ឆ្នាំ​១៩៩០។

ឯកឧត្ដមអគ្គលេខាធិកាបានបន្តទៀតថា នៅពេលសេដ្ឋកិច្ចកម្ពុជានៅ​មានកម្រិត និងនៅមានសង្រ្គាមស៊ីវិល​នៅ​តាម​​ព្រំដែនផង ការខិតខំអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា នាពេលនោះជួបការលំបាកខ្លាំងណាស់ ជាមួយ នឹង​ការ​ក្រាញននៀលប្រកបដោយភាព​ជូរចត់ទៀតផង។  ក្នុងដំណាក់កាលនោះ ដោយសារការបើកចំហរ​របស់​ជាតិបានធ្វើឱ្យវិស័យកីឡាបាល់ទាត់កម្ពុជាធ្លាប់កក្រើកមួយសារដែរនៅទសវត្សរ៍នៃឆ្នាំ១៩៨០ តាម រយៈការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិជាមួយប្រទេសជិតខាង ធ្វើឱ្យកីឡាមានសកម្មភាពខ្លះៗបន្តពីពេលនោះ​មក។ ឯកឧត្តមបានចែករំលែកនូវទិដ្ឋភាពមួយកាលពីឆ្នាំ​១៩៨៧ ដោយលើកឡើងថានៅក្នុងឆ្នំានោះ មាន ការប្រកួតអន្តរជាតិមួយនៅប្រទេសឥណ្ឌូណេស៊ី តែកីឡាករកម្ពុជាមិនត្រូវបានទទួលស្គាល់​ជាអន្តរជាតិ​ឡើយ ដោយអន្តរជាតិទទួលស្គាល់ខាងត្រីភាគី នៅក្នុងព្រៃឯណោះ ហើយពួកគេមិនមែន​អញ្ជើញអ្នកនៅ​ក្នុង​​ស្រុក​ឡើយ ដោយអន្តរជាតិបានចាត់ទុកថា អ្នកក្នុងស្រុកគឺជាអ្នកមិនស្របច្បាប់ ទៅវិញ ដែលកាលនោះ យើងបានជួបជំពប់នឹងការលំបាកមិនតិចតួចឡើយ ដូចជាគំនាបខាងក្នុងលើផ្នែកសេដ្ឋកិច្ចផង និងខាងក្រៅ​វិស័យកីឡាផង។ ឯកឧត្តមបានបន្តថា សូម្បីតែបេក្ខភាពរបស់​គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា នៅលើ​ឆាក​អន្តរជាតិ​ត្រូវបានគេបិទសិទ្ធិដូចគ្នា។

ឯកឧត្តមបានរម្លឹកថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ វិស័យកីឡាត្រូវបានទទួលស្គាល់ឡើង វិញ​ជា​អន្តរជាតិ ពោលគឺចាប់ពីឆ្នាំ១៩៩៤ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរ ជាតិ​ឡើងវិញដោយកម្ពុជាជាសមាជិកពេញសិទ្ធិមួយ នៅក្នុងចលនាអូឡាំពិកអន្តរជាតិ ហើយកម្ពុជាក៏ចាប់ផ្តើម​បង្ហាញមុខនាការប្រកួតអន្តរជាតិនានាដោយស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសនានាលើវិស័យកីឡា ដោយ​ត្រូវបានគេចាត់ ទុកថាជាប្រទេសមានអធិបតេយ្យ។ នៅឆ្នាំ១៩៩៤ កម្ពុជាបានចូលរួមប្រកួត​កីឡា អាស៊ី (ASIAN GAMES) ជាលើកដំបូងជាប្រវត្តិសាស្រ្តរបស់ខ្លួន នៅទីក្រុងហេរ៉ូស៊ីម៉ា ប្រទេសជប៉ុន ដោយ​បានបញ្ជូនកីឡាករ និងកីឡាការិនីលើ៣ប្រភេទកីឡាប៉ុណ្ណោះ គឺកីឡាយូដូ អត្តពលកម្ម (លើវិញ្ញាសា​រត់ ប្រណាំង) និងកីឡាវាយសី។ នៅឆ្នាំ១៩៩៥ កម្ពុជាបានចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម (SEA GAMES) ដែលបានធ្វើឡើងនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ នៅឆ្នាំ១៩៩៦ ក៏បានបង្ហាញ ខ្លួនជាថ្មីម្តងទៀត នៅក្នុងការប្រកួតកីឡាអូឡាំពិក (OLYMPIC GAMES) ដែលជាព្រឹត្តិការណ៍កម្រិតបច្ចេក ទេសជំនាញខ្ពស់បំផុតរបស់ពិភពលោកនៅសហរដ្ឋអាមេរិក ដែលពេលនោះឯ.ឧផ្ទាល់ គឺជាអតីតកីឡា ករចំបាប់ ហើយអ្វីដែលធ្វើឱ្យឯ.ឧមិនអាចបំភ្លេចបាន គឺភាសា របស់ជនជាតិអាម៉េរិក និងជនជាតិដទៃទៀត ថា​មិនស្គាល់កម្ពុជាឡើយ កាលនោះ។

ឯកឧត្តមបានគូសបញ្ជាក់ថា “ខ្ញុំប្រាប់ពួកគេថា កម្ពុជាទើបនឹងវិលត្រឡប់មកក្នុងចលនាអូឡាំពិកឡើងវិញ ទេ អញ្ចឹង​អ្នក​ឯងចាំទទួលស្គាល់ខ្ញុំផងគេសួរថា អ្នកឯងមកពីប្រទេសនៅឯណា ខ្ញុំប្រាប់ថា កម្ពុជានៅជាប់ នឹងប្រទេស ថៃ វៀតណាមទើបគេស្គាល់”។ ឯកឧត្តមបានបន្ថែមទៀតថា នៅអំឡុងពីឆ្នាំ១៩៩៤-១៩៩៦ វិស័យកីឡាកម្ពុជាបានចូលរួមជាអន្តរជាតិ៣កម្រិត​ធំ​ៗ​​ពីថ្នាក់តំបន់ដល់កម្រិត​ពិភព​លោក ប៉ុន្តែមាន​តម្លៃត្រឹម តែចូលរួមប៉ុណ្ណោះ មិនដណ្តើមបានមេដាយអ្វី​ឡើយ។  ការចូលរួមនេះបាន​ផ្តល់នូវបទពិសោធន៍ និងអាច ធ្វើឱ្យខ្លួនឯងអាច មើលឃើញពីគុណភាពរបស់​ខ្លួន​ថា​នៅ មាន កម្រិតទាបទាំងសេដ្ឋកិច្ច ធនធានអត្តពលិក និងបច្ចេកទេស ជាដើម ដោយមិនទាន់មាន​លទ្ធភាពបំប៉ន ការហ្វឹក ហាត់ឱ្យបានជាប់លាប់នៅឡើយទេ។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងទៀតថា ក្រោយពីវិស័យសេដ្ឋកិច្ចមានការរីកចម្រើនជាដំណាក់ៗ ទើបធ្វើ​ឱ្យវិស័យកីឡារបស់ប្រទេសកំពុងអភិវឌ្ឍន៍មួយនេះបានវិវឌ្ឍន៍ខ្លួនបន្តិចម្តងៗ ពីព្រោះថា វិស័យកីឡា វា​អាស្រ័យ​ទាំង​ស្រុងទៅលើការរីកចម្រើនរបស់សេដ្ឋកិច្ចនិងសង្គម។ បើកាលណាវិស័យសេដ្ឋកិច្ចរីកចម្រើន កាន់តែ​ខ្លាំង នោះវិស័យកីឡាក៏កាន់តែរីកចម្រើនទៅតាមនោះដែរ។ ឯកឧត្តមបានចាត់ទុកថា “កត្តាដែល​សំខាន់ជាងគេ​បំផុតគឺកត្តាសន្តិភាព ដែលសន្តិភាពនេះ ហើយបានផ្តល់នូវការអភិវឌ្ឍគ្រប់បែបយ៉ាង បើគ្មាន​សន្តិភាព​ទេ ក៏គ្មានពេលវេលាទៅអភិវឌ្ឍន៍ឡើយ ហើយក៏គ្មានមិត្តភក្តិណាមកជួយពូនជ្រុំ បច្ចេកទេសដល់​យើង​ដែរ”។

លោក គុជ គឹម ឡុង

ជុំវិញដំណើរស្តារវិស័យកីឡាឡើងវិញនេះ លោក គុជ គឹម ឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គ​បានចែក រំលែក​ដែរថា បន្ទាប់ពីចេញផុតពីរបបប្រល័យពូជសាសន៍​ ក៏កម្ពុជាមិនទាន់ទទួលបានសុខសន្តិភាព​ពេញ​លេញឡើយ។ សង្រ្គាមស៊ីវិលនៅបន្តញាំញីប្រទេស ហើយពេលនោះយុវជនបាក់កម្លាំង ខ្វះអាហារូបម្ភ ស្គមស្គាំង គ្មានកម្លាំង ថាមពលគ្រប់គ្រាន់ទេ ដើម្បីលេងកីឡាទេ ខណៈកីឡាករត្រូវការកម្លាំង ស្មារតី​មាំមួន​ទើបលេងបានល្អ ដូច្នេះ ហើយវិស័យកីឡាជាច្រើនឆ្នាំមកនោះមិនទាន់រីកចម្រើនទេ។ ប៉ុន្តែនៅក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺវិស័យកីឡាត្រូវបានអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើង ដោយកីឡាករ និងកីឡា​ការិនី​យើង​​ឈ្នះមេដាយ ជាបន្តបន្ទាប់ទាំងថ្នាក់តំបន់ និងពិភពលោក។

បន្ទាប់ពីមានការចូលរួមជាច្រើនលើកច្រើនសារ ក្នុងការប្រកួតអន្តរជាតិបានធ្វើឱ្យកម្ពុជាអាចដឹងពីចំណុច​ខ្លាំង ​និងចំណុចខ្សោយរបស់ខ្លួនធៀបទៅនឹងការប្រកួតរបស់គេ ហើយបានដាក់ចេញនូវការ​កែទម្រង់​ ជា​បន្តបន្ទាប់។  នៅអំឡុងឆ្នាំ២០០៩ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើកំណែទម្រង់ដ៏ធំមួយ ដើម្បី​ផ្លាស់​​ប្តូរនូវរបត់ថ្មីមួយជំរុញដល់សកម្មភាពកីឡារបស់ជាតិ ជាហេតុនាំឱ្យវិស័យកីឡាទទួលការរីក​ចម្រើន​ជា​បន្តបន្ទាប់​។  លទ្ធភាពនៃការដណ្តើមបានមេដាយមាសរបស់កីឡាករនិងកីឡាការនី​កាន់តែកើនឡើង​ជា​លំដាប់ ហើយនៅឆ្នាំ២០១៤ កម្ពុជាបានកសាងកិត្តិយស និងកេរឈ្មោះលេចធ្លោនៅលើឆាកអន្តរជាតិ ដោយ កម្ពុជាបានឈ្នះមេដាយមាសទី១ដោយវីរកីឡាការិនីតេក្វាន់ដូ WTF (ស្ទីលកូរ៉េខាងត្បូង) ស៊ន សៀវម៉ី ដែល ជាការបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្តរបស់ខ្លួនរយៈពេល៦០ឆ្នាំ  ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាល កម្ពុជាផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់រៀបចំក្បួនដង្ហែម៉ូតូសអមដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ​យ៉ាង​អធិកអធម។ នេះគឺជា ការលើកឡើងបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន ។

ម្ចាស់មេដាយមាសអាស៊ី ស៊ន សៀវម៉ី

ឯកឧត្តមបានឱ្យដឹងថា ជោគជ័យនេះបានពញ្ញាក់ស្មារតីដល់ប្រជាពលពលរដ្ឋ ​និងយុវជនខ្មែរឱ្យ​ងាកមក​ចាប់​អារម្មណ៍ និងគាំទ្រលើវិស័យកីឡាជាតិ។  ឯកឧត្តមបញ្ជាក់ដែរថា ម្ចាស់មេដាយមាសអាស៊ី ស៊ន សៀវម៉ី គឺជាបេក្ខភាពតែមួយគត់របស់កម្ពុជា ដែលសាងភាពលេចធ្លោប្រកួត​ឆ្លងផុតវគ្គជម្រុះទ្វីបអាស៊ី នៅប្រទេស​ហ្វីលីនមុនពេល បានសិទ្ធិផ្លូវការបន្តទៅប្រកួតក្នុងព្រឹត្តិការណ៍​អូឡាំពិកហ្គេម កាលពីឆ្នាំ២០១៦ នៅប្រទេស​ប្រេស៊ីលដោយកន្លងមកការចូលរួមប្រកួតរបស់កម្ពុជាក្នុងអូឡាំពិកហ្គេម គឺជាការផ្តល់សិទ្ធិ អនុគ្រោះរបស់​អូឡាំពិក​អន្តរជាតិប៉ុណ្ណោះ។

កីឡាករ សាលី អ៊ូមើត

នៅឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី កម្ពុជាបានបង្កើន​ឧត្តមភាពរបស់ ខ្លួនបន្ថែមពីមេដាយមាស១ របស់ កញ្ញា ស៊ន សៀវម៉ី ដោយឈានដល់ការ​ឈ្នះមេដាយ​មាស២គ្រឿង លើប្រភេទកីឡា ជឺជីតស៊ូ ដោយកីឡាការិនីកូនកាត់ខ្មែរ-អាម៉េរិក ខាន់ ចេសា និងកីឡា​ម៉ូតូទឹក កីឡាករ សាលី អ៊ូមើត ទទួលបានមេដាយមាស និងសំរឹទ្ធិ។

កីឡាការិនីកូនកាត់ខ្មែរ-អាម៉េរិក ខាន់ ចេសា

ក្រៅពីវីរៈកីឡាករនិងកីឡាការិនីទំាងនោះ កម្ពុជានៅមានវីរៈកីឡាករនិងកីឡាការនីជា​ច្រើនទៀត ដូចជា  ប្រភេទកីឡាប៉េតង់ដោយកីឡាករនិងកីឡាការិនីកម្ពុជា​បានឈ្នះមេដាយមាស​ជាច្រើន​សម័យកាលមានតំាង ពីកម្រិតពិភពលោក ប្រភេទកីឡាវ៉ូវីណាម តេក្វាន់ដូ ITF (ស្ទីលកូរ៉េខាងជើង), កាយវប្បកម្ម ។ល។

កាលចេញពី​សម័យប៉ុលពតមក កម្ពុជាមានប្រភេទកីឡាតិចតួចនិងមានគ្រូបង្វឹក កីឡាករនិងកីឡាការិនី​ត្រឹម​​២០ទៅ៣០​នាក់​ប៉ុណ្ណោះ ប៉ុន្តែមកដល់បច្ចុប្បន្នកម្ពុជា មានគ្រូបង្វឹក និងអត្តពលិកជំនាញ​រហូតដល់ជិត​៤.០០០​នាក់។ ទោះជាវិស័យកីឡាកម្ពុជារីកចម្រើននៅក្នុងរយៈពេល៤០ ឆ្នាំមកនេះក៏ពិតមែន ប៉ុន្តែកម្ពុជា​បានយកឈ្នះមេដាយត្រឹមកម្រិតជើងឯកពិភពលោក ប៉ុន្តែកម្ពុជានៅមិនទាន់ ដណ្តើមបាន​មេដាយ​អូឡាំ​ពិក​ហ្គេម ដែលជាកម្រិតបច្ចេកទេសខ្ពស់ បំផុតរបស់ពិភពលោក នៅឡើយ ដោយនៅអូឡាំពិកហ្គេម​ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កម្ពុជានឹងដាក់ប្រភេទកីឡារបស់ខ្លួន ចូលរួមប្រកួតប្រជែង ហើយ នៅឆ្នាំ​២០២៤ ក្នុងអូឡាំពិកហ្គេម នៅប្រទេសបារំាង កម្ពុជារំពឹងថានឹងអាចឈានដល់មេដាយលើ​ប្រភេទ​កីឡា​ប៉េតង់ ពីព្រោះទីក្រុងប៉ារីស ជាប្រភពដើមនៃប្រភេទកីឡាប៉េតង់ ហើយកីឡាប៉េតង់របស់កម្ពុជា​ក៏កំពុង​មានសក្តានុពលខ្ពស់ដែរ។

ក្នុងឋានៈជាអគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅកាត់ថា(គ.ជ.ប.អ) ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងបញ្ជាក់ថា នៅក្នុងគោលដៅដ៏ចម្បង និងផែនការបាញ់ឆ្ពោះទៅ ទទួល​ធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ គឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានមើលឃើញនូវចក្ខុវិស័យវែងឆ្ងាយថាត្រូវចំណាយថិវកាយ៉ាងច្រើន ដោយ​វិស័យសេដ្ឋកិច្ចនៅពេលនោះនឹងកាន់តែល្អប្រសើរ ដែលកម្ពុជាអាចចំណាយធនធានលើការរៀបចំ​ម្ចាស់ផ្ទះ បាន។

យោងតាមផែនការមេឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើក ទី៣២នេះ កម្ពុជាកំពុងតែផ្តោតសំខាន់លើការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និង​ចំណេះ​ដឹងក្នុងការទទួលភ្ញៀវ ក្នុងនោះពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាពហុកីឡដ្ឋានថ្មី កសាង​ឡើង​ក្នុង​រង្វង់​ទឹកប្រាក់ប្រមាណ១៥៧លានដុល្លារ លើទំហំផ្ទៃដី ៨៥.៣៥ហិកតា ដែលទីលាន​កីឡា​ក្នុង​សាល​នានាបានកំពុងតែដំណើរការ ហើយក៏កំពុងរៀបចំ ពង្រឹងនឹងស្តារកីឡា​ដ្ឋានជាតិដែលមាន​ស្រាប់​ដូចជា មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) និងនៅតាមបណ្តាខេត្ត មួយចំនួនដូចជា​នៅខេត្តសៀមរាប បាត់ដំបង កំពង់ចាម …។ល។

ឯកឧត្តមថ្លែងទៀតថា ការឈានទៅដណ្តើមេដាយគឺមិនជាលំបាកខ្លាំងទេ ប៉ុន្តែការបន្តនូវ និរន្តភាព ឧត្តមភាពនៃវិស័យកីឡានៅក្រោយស៊ីហ្គេមឆ្នាំ២០២៣ គឺជារឿងលំបាកនិងស្មុគស្មាញ ដែលគ្រប់ សមាស ភាពពាក់ព័ន្ធទាំងអស់ត្រូវការការខិតខំរួមគ្នា ដើម្បីធ្វើឱ្យកីឡាកម្ពុជាបន្តនូវភាពខ្លាំងរបស់ខ្លួនជាបន្តទៀត។ ជាគោលដៅស៊ីហ្គេម ឆ្នាំ២០២៣ បានរៀបចំប្រភេទកីឡាក្នុងចន្លោះ៣០ ដល់៣៥ ដែលចាត់ ចេញជា៣ថ្នាក់ ក្នុងនោះ២ប្រភេទកីឡាគឺអត្តពលកម្ម និងហែលទឹក ត្រូវបានលើកកម្ពស់ឈរនៅលំដាប់ជួរមុខ ក្នុងការ ដណ្តើមមេដាយ ពីព្រោះថា២ប្រភេទកីឡានេះគឺមានវិញ្ញាសាច្រើនបំផុត ក្រៅពីនេះ ក៏នឹងមាន ប្រភេទកីឡា ប្រពីណីជាតិមួយ ដែលជាសិទ្ធិរបស់ម្ចាស់ផ្ទះ ក្នុងការដាក់បញ្ចូលដណ្តើម មេដាយពីក្នុង ចំណោមប្រភេទ កីឡា គឺកីឡាអុកចត្រង្គ ឬគុនល្បុក្កតោ ដែលនឹងសម្រេចជាផ្លូវការនាពេលខាងមុខ។

លោក គុជ គឹម ឡុង បានបន្ថែមថា ការខិតខំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡាតែងតែបានគាំទ្រ និងលើកទឹកចិត្តគ្រប់សកម្មភាពកីឡាទាំងអស់ ក្នុងនោះ​វិស័យ​កីឡាអុកចត្រង្គ ដែលជាប្រភេទកីឡាប្រពៃណីជាតិខ្មែរ ក៏ត្រូវបានលើក កម្ពស់យ៉ាងខ្លាំងដូចគ្នា ដែល ធ្វើឱ្យ​អុកចត្រង្គ​ក្នុងរយៈពេល២-៣ឆ្នាំចុងក្រោយនេះ គឺមានសកម្មភាពផុសផុល​ខ្លាំងក្លាណាស់ដែរ។

កីឡាករ សុខ ចាន់មាន

ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៦ ផ្នែកកីឡាប៉េតង់ នៅប្រទេស​ម៉ាដាហ្គាស្កា កីឡាករ សុខ ចាន់មាន បានបង្ហាញនូវទស្សនៈរបស់ខ្លួនថា បន្ទាប់ពីមានការជ្រោមជ្រែងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ជា​ពិសេសសម្តេចតេជោ ហ៊ុន សែន វិស័យកីឡាកម្ពុជាបានរីកចម្រើនឡើង ខ្លាំងក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ។

លោកបានបញ្ជាក់ថា ក្នុងនាមជាកីឡាករគឺលំបាករហូត គឺត្រូវការខិតខំហ្វឹកហាត់ ការគោរពវិន័យ ក្រម​សីលធម៌ ជាពិសេសគឺការខិតខំប្រកួតដណ្តើមមេដាយជូនជាតិជាបន្តបន្ទាប់។ កីឡាករជម្រើស ជាតិ ប៉េតង់រូបនេះបានប្តេជ្ញាចិត្តថា ទោះបីជាលំបាកជួបផលវិបាកយ៉ាងណាក្តី ក៏ខ្លួននៅតែមានស្មារតីដ៏មោះមុត ក្នុង ការខិតខំហ្វឹកហាត់ និងប្រកួតជាបន្តទៀត ដើម្បីដណ្តើមមេដាយជូនជាតិ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិ ទាំង កម្រិតតំបន់ និងពិភពលោក នាពេលខាងមុខ។

កីឡាការិនី កែ ឡេង

ម្ចាស់មេដាយមាសជើងឯកពិភពលោកលើវិញ្ញាសាកីឡាប៉េតង់៣សម័យកាល វីរកីឡាការិនី កែ ឡេង បានថ្លែងដែរថា ក្រោយថ្ងៃរំដោះ៧មករា នៅ ក្រោមម្លប់នៃសន្តិភាពបានធ្វើឱ្យវិស័យ​កីឡារីកចម្រើន​បន្តិចម្តង​ៗ​​ជាមួយនឹង​វិស័យ​​នានារបស់ជាតិ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការលើកទឹកចិត្តពី​រាជរដ្ឋាភិបាល​កម្ពុជាបានធ្វើឱ្យកីឡាករនិងកីឡាការិនីកំពុងខិតខំយ៉ាងខ្លាំង ក្នុងការហ្វឹកហាត់ និងប្រកួត​ប្រជែង​មេដាយ​មាស​នៅលើឆាកអន្តរជាតិនានា៕

ដោយ ហេង ណាលីន និង អ៊ុន រិទ្ធី