ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តតាកែវប្រចាំឆ្នាំសិក្សា២០១៨-២០១៩

AKP តាកែវ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ -កាលពីថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា​ ឆ្នាំ២០១៩ នៅទីលានបាល់ទាត់ សាលាគរុកោសល្យភូមិភាគតាកែវ បានរៀបចំពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំសិក្សា២០១៨-២០១៩។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ រួមជាមួយលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រួ សិស្សានុ សិស្ស ដែលជាកីឡាករ កីឡាការិនី ជាច្រើននាក់។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០១៨-២០១៩នេះ លោក ខាន់ សុខា បានធ្វើការលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកួត ដើម្បីដណ្តើមយកជ័យជម្នះជូនសាលារបស់ខ្លួន។ ជាពិសេសការប្រកួតកីឡានាំមកនូវសុខភាពល្អ អាចចៀសផុតពីការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជា ការប្រើប្រាស់អំពើហិង្សា ការសេពគ្រឿងញៀន ល្បែងស៊ីសង ។ល។ ព្រោះកីឡានាំឱ្យសុខភាពល្អ និងមានវិន័យ វិន័យនាំឱ្យមានសណ្តាប់ធ្នាប់សេចក្តីថ្លៃថ្នូរ និងមានកិត្តិយស។

លោកអភិបាលរងខេត្តតាកែវ ក៏បានធ្វើការអំពាវនាវដល់មន្ត្រីរាជការនៅតាមមន្ទីរ អង្គភាពនានាជុំវិញខេត្ត ថ្នាក់ដឹកនាំកីឡាករក្នុងក្រុង ស្រុក លោកគ្រូ អ្នកគ្រូទាំងអស់ សូមចូលរួមចំណែកបំផុសចលនាកីឡាឱ្យបានទូលំទូលាយ។ ជាពិសេសសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងសាលារៀន ដើម្បីជាគោលដៅសុខុមាលភាព ទាំងផ្លូវកាយផ្លូវបញ្ញារបស់ក្មួយៗសិស្សា    នុសិស្សផង និងចូលរួមចំណែកលើកស្ទួយការអភិវឌ្ឍកីឡាក្នុងខេត្តតាកែវយើងផងដែរ។

លោក ឡោ វិរិទ្ធ ប្រធាមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ មានប្រសាសន៍ឱ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០១៨-២០១៩មាន៤ប្រភេទកីឡា រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និងប៉េតង់ (ប៊ូល) ។ ក្នុងនោះបាល់ទាត់កុមារា មាន១០ក្រុម បាល់ទាត់កុមារីមាន ៥ក្រុម បាល់ទះកុមារាមាន១០ក្រុម បាល់ទះកុមារីមាន ៦ក្រុម បាល់បោះកុមារា មាន៥ក្រុម បាល់បោះកុមារីមាន៣ក្រុម និងប៉េតង់កុមារា កុមារីមាន ៤៨ក្រុម។ ការប្រកួតនេះចាប់ផ្តើមពីថ្ងៃទី០៤​ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ដោយមានសិស្សជាកីឡាករ កីឡាការិនីចូលរួមប្រកួតសរុបចំនួន ៦៥៤នាក់ និងគ្រូបង្វឹកចំនួន ៥៦នាក់។ ការប្រកួតនេះសំដៅប្រមូលផ្តុំកីឡាករ កីឡាការិនីដែលជាសិស្សឱ្យចូលរួមប្រកួតប្រជែង ដើម្បីដកស្រង់បទពិសោធន៍ បច្ចេកទេស ភាពសប្បាយរីករាយ ពង្រឹងកាយសម្បទា  ឱ្យមាំមួន បង្កើនស្មារតីឱ្យឈ្លាសវៃ និងចៀសផុតពីអំពើអសកម្មផ្សេងៗក្នុងសង្គម៕

ដោយ អ៊ុច សៀង