អភិបាលរងរាជធានីភ្នំពេញដឹកនាំមន្ដ្រីជំរឿនចុះសម្ភាសន៍ផ្ទាល់នៅភូមិគ្រឹះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ -ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានដឹកនាំក្រុមមន្ត្រីជំរឿន សហការជាមួយអាជ្ញាធរខណ្ឌដូនពេញ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ បានចុះដល់ភូមិគ្រឹះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្របពេលដែលមន្ត្រីជំរឿន​នៅទូទាំងប្រទេស បាននិងកំពុងអនុវត្តន៍សកម្ម ភាពជំរឿនប្រជាពលរដ្ឋទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសដែលមន្រ្តីជំរឿនបានចុះផ្ទាល់ដល់ភូមិគ្រឹះរបស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា  ដោយក្រុមការងារ នៃមន្រ្តីជំរឿនបានជម្រាបជូនសម្ដេច ពីគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងការធ្វើជំរឿនប្រជាពលរដ្ឋ ដោយបានបញ្ជាក់ថា ការធ្វើជំរឿនត្រូវរៀបចំសំណួរពាក់ព័ន្ធ​នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែងការជំរឿន នៅក្នុងភូមិគ្រឹះសម្ដេចនៅពេលនេះក្រុមការងារត្រូវបានដាក់ជាសំណួរ ទៅលើសមាជិកទាំងអស់នៅក្នុងភូមិគ្រឹះរបស់សម្ដេច រួមមានទាំងអ្នកធ្វើការក្នុងផ្ទះ អង្គរក្ស ដោយសួរពាក់ព័ន្ធនឹងការសិក្សា ការបង្កកំណើត ការស្រង់ទៅលើ​ផ្ទះសម្បែង អគារផ្សេងៗ ដោយធ្វើការសម្ភាសន៍ផ្ទាល់នៅក្នុងគ្រួសារតែម្តង ជាមួយនឹងការបង្ហាញអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្រ្តីជំរឿនបានបញ្ជាក់ថា ក្រុមមន្រ្តីជំរឿនមិនបង្ខំ តម្រូវឱ្យមាន អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតរបស់ប្រជាពលរដ្ឋមកបង្ហាញនោះទេ ។

សម្តេចវិបុលសេនាភក្ដី សាយ ឈុំ  បានផ្តល់នូវបទសម្ភាសន៍ដល់ក្រុមការងារ ដែលបានធ្វើការសម្ភាសន៍សម្តេច ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ក្រុមការងារធ្វើជំរឿន ដូចទៅនឹងប្រជាពលរដ្ឋទូទៅ ដែលបានបង្ហាញនូវឯកសារ សមាជិកក្រុមគ្រួសាររបស់សម្តេច ដល់   មន្ត្រីចុះធ្វើជំរឿន។ ជាមួយគ្នានោះ សម្តេចក៏បានរម្លឹកនូវអតីតកាលពាក់ព័ន្ធនឹងប្រវត្តិតស៊ូ ក៏ដូចជាជីវិតអាពាហ៍ពិពាហ៍របស់សម្តេច កាលពីសម័យតស៊ូនោះផងដែរ៕

ដោយ សួស សំរិត