ប្រមុខរាជរដ្ឋាភិបាលស្នើអោយគ្រប់ស្ថាប័នរដ្ឋផ្តល់ឋានៈតួនាទីដល់មន្រ្តីរាជការជាស្រ្តីឲ្យកាន់តែមានតំណែងកាន់តែខ្ពស់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង​ សុភាវី​៖

ប្រមុខរាជរដ្ឋាភិបាលស្នើអោយគ្រប់ស្ថាប័នរដ្ឋទំាងអស់ផ្តល់ឋានៈតួនាទីដល់មន្រ្តីរាជ ការជាស្រ្តីឲ្យកាន់តែមានមុខតំណែងខ្ពស់ៗ ទៅតាមសមត្ថភាពរបស់ពួកគេ ដើម្បីអោយស្រ្តីកាន់តែមានលទ្ធភាពសកម្មក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តនិងការអភិវឌ្ឍប្រទេស។
សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នរដ្ឋទំាងអស់នៅថ្នាក់ជាតិ ត្រូវពង្រីកចំនួនស្ត្រីជារដ្ឋលេខាធិការ ជាអនុរដ្ឋលេខាធិការ និងក្នុងក្របខណ្ឌមុខងារសាធារណៈចាប់ពីអគ្គនាយកដល់អនុការិយាល័យ។
ថ្លែងក្នុងពិធីអប់អរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៨ នៅព្រឹកថ្ងៃទី៥ ខែមីនានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានថ្លែងថា បច្ចុប្បន្នមន្រ្តីរាជការជាស្រ្តីបានកសាងសមត្ថភាពរបស់ខ្លួន បានកាន់តែច្រើន ដែលអាចទទួលខុសត្រូវឬកាន់មុខតំណែងធំៗក្នុងកិច្ចការងាររបស់ខ្លួនបាន មិនចាញ់មន្រ្តីរាជការជាបុរសឡើយ។ សម្តេចតេជោបានបញ្ជាក់ថា បើមន្រ្តីរាជការជាស្រ្តីមានសមត្ថភាពគ្រាន់បើហើយ ដូច្នេះត្រូវចាត់បញ្ចូលឲ្យពួកគាត់ទទួលបន្ទុកជាអគ្គនាយក ឬកន្លែងនោះបើមានអគ្គនាយកជាបុរស ឬក៏អគ្គនាយករងហោចណាស់ចំនួន បួននាក់ ឬប្រាំនាក់គប្បីមានស្ត្រីម្នាក់ ឬពីរនាក់នៅក្នុងនោះដែរ ហើយនៅថ្នាក់នាយកដ្ឋានក៏ត្រូវរៀបចំយ៉ាងដូច្នោះដែរ។
ខ្ញុំនៅតែបញ្ជាក់ថាខ្ញុំនៅតែបញ្ជាក់បន្ថែមថា បើតែងតាំងហើយត្រូវផ្ដល់ការងារឲ្យពួកគាត់ធ្វើផង មិនគ្រាន់តែតែងតាំងដើម្បីបង្គ្រប់កិច្ច ហើយថាអង្គភាពរបស់ខ្ញុំស្ថាប័នរបស់ខ្ញុំ មានសមាសភាពយេនឌ័រល្អណាស់ ព្រោះស្ត្រីមានប៉ុណ្ណេះភាគរយ ប៉ុណ្ណោះភាគរយ ក៏ប៉ុន្តែជាទីបំផុត ស្ត្រីពុំបានចូលរួមធ្វើសេចក្ដីសម្រេចចិត្ត ស្ត្រីពុំបានចូលរួមបំពេញមុខងារក្នុងកិច្ចការដាក់ជាអ្នកទទួលខុសត្រូវនិងប្រើបានជំនាញនោះទេចាំទេ ខ្ញុំនៅតែបន្តការលើកទឹកចិត្តឲ្យគ្រប់ស្ថាប័នទាំងអស់ហើយខ្ញុំគាំទ្រ ឩទាហរណ៍កន្លងទៅនេះយើងបានកំណត់ហើយថាអនុប្រធាននាយកដ្ឋានមានប៉ុន្មាននាក់ព្រោះកន្លងទៅតែងតាំងនោះ វាតែងតាំងជាច្រើនពេក ព្រោះដោយសារតែថ្នាក់អនុប្រធាននាយកដ្ឋាន ត្រូវបានតែងតាំងដោយរដ្ឋមន្ត្រី ដូច្នេះកាលពីប៉ុន្មានឆ្នាំមុននោះអនុប្រធាននាយកដ្ឋានតែងតាំងអោយពេញនៅក្រសួងជាច្រើនពេក ប៉ុន្តែនៅក្នុងនោះវាបែរជាអត់មានស្ដ្រីទៀត ចឹងឥឡូវនេះប្រសិនបើត្រូវការពង្រីកមុខងារសាធារណៈ គួរត្រូវបានលើកទឹកចិត្តផ្ដល់ទិដ្ឋការ សម្រាប់ឲ្យរដ្ឋមន្ត្រីចុះហត្ថលេខាតែងតាំងស្ដ្រីកាន់មុខតំណែងចាប់ពីអនុប្រធាននាយកដ្ឋានចុះក្រោម ចឹងរដ្ឋមន្រ្តីមុខងារសាធារណៈ ព្រោះអានឹងត្រូវមានទិដ្ឋការ ទើបអាចទទួលបាននូវការតែងតាំង ឯសម្រាប់ចាប់ពីប្រធាននាយកដ្ឋានឡើងលើ អានឹងជាសិទ្ធិអំណាចរបស់ខ្ញុំនៅឯនេះទេ ចឹងបានជាបញ្ហានេះយើងគួរតែត្រូវបានរំលឹក ឲ្យយើងមិនមែនគ្រាន់តែត្រូវនិយាយឲ្យពិរោះស្ដាប់នោះទេ ប៉ុន្តែត្រូវធ្វើសកម្មភាពជាក់ស្ដែង៕