ក្រុមកីឡាបាល់ទាត់សិស្សនៃវិទ្យាល័យ១០មករាទទួលបានជ័យជម្នះរក្សាតំណែងជើងឯកបន្តសម្រាប់ឆ្នាំ២០១៩

AKP សៀមរាប ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ -ក្រុមកីឡាបាល់ទាត់សិស្សនៃវិទ្យាល័យ១០មករា១៩៧៩ បានទទួលជ័យជម្នះដោយរក្សាតំណែងជើងឯកបន្តសម្រាប់ឆ្នាំ២០១៩នេះ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីប្រកួតកីឡាសិស្ស សា លាបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា២០១៨-២០១៩ របស់ខេត្តសៀមរាប ដែលការប្រកួតផ្តាច់ព្រាត់ចុងក្រោយឈានទៅទទួលបានជ័យជម្នះនេះបានប្រព្រឹទ្ធទៅកាលពីថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅក្នុងកីឡដ្ឋានខេត្តសៀមរាប ដែលស្ថិតក្នុងសង្កាត់ស្វាយធំ ស្រុកប្រាសាទបាគង។ ជាលទ្ធផលបន្ទាប់ពីឆ្លងកាត់ការទាត់ជម្រុះចំនួន ៤៨ក្រុមកន្លងមក ក្រុមកីឡាបាល់ទាត់សិស្សនៃវិទ្យាល័យ១០មករា១៩៧៩ បានប្រកួតថ្នាក់កំពូលតារាង ជាមួយក្រុមកីឡាបាល់ទាត់សិស្សវិទ្យាល័យ ហ៊ុន សែន សៀមរាប ដោយក្រុមកីឡាករទាំងពីរ ទទួលបានលទ្ធផលស្មើគ្នាគឺ១ទល់១។ រីឯជ័យជម្នះត្រូវបានកាត់សេចក្តីដោយការទាត់បាល់បញ្ចូលទី១១ម៉ែត្រ  សម្រាប់១ក្រុមចំនួន៥គ្រាប់។ ដោយក្រុមកីឡាករបាល់ទាត់ វិទ្យាល័យ១០មករា១៩៧៩ ក្នុង៥គ្រាប់ ទាត់បញ្ជូលទីបាន៤គ្រាប់ រីឯក្រុមកីឡាករ វិទ្យាល័យហ៊ុនសែន-សៀមរាប ក្នុង៥គ្រាប់ទាត់បញ្ចូល ទីបាន២គ្រាប់។ ដូច្នេះលទ្ធផលចុងក្រោយវិទ្យាល័យ១០មករាឈ្នះក្រុមកីឡាករវិទ្យាល័យហ៊ុន សែន-សៀមរាប គឺ៥ ទល់នឹង៣។

គួរបញ្ជាក់ថា កម្មវិធីប្រកួតកីឡាសិស្សសាលាបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា២០១៨-២០១៩ របស់ខេត្តសៀមរាប បានចាប់ផ្តើមកាលពីថ្ងៃទី១៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ដែលក្នុងនោះផ្នែកបឋមសិក្សាមានវិញ្ញាសាកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្មដែលមានកីឡាករកីឡាការិនីចំនួន ៣៥ក្រុមចូលរួមប្រកួត។  ផ្នែកមធ្យមសិក្សារួមមានបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងតេក្វាន់ដូរ WTF ដែលមានកីឡាករកីឡាការិនីចំនួន១៤០ក្រុមចូលរួមប្រកួត។ ពោលគឺសរុបកីឡាករកីឡាការិនីជាសិស្សចូលរួម​ប្រកួតមានចំនួន ១.៩៤១នាក់ ក្នុងនោះមានកុមារី និងយុវនារីចំនួន ៧១២នាក់ មកពីសាលារៀនកម្រឹតបឋមសិក្សា និងមធ្យមសិក្សាទាំង ១២ក្រុង-ស្រុក ទូទាំងខេត្តសៀមរាប។

មានប្រសាសន៍នៅក្នុងពិធីបិទការប្រកួតកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានបង្ហាញនូវការចាប់អារម្មណ៍ចំពោះការចូលរួមពីសំណាក់លោកនាយក-នាយិកាសាលាទាំងអស់ ដែលបានសហការគាំទ្រ នាំឱ្យការប្រកួតមានដំណើរល្អ ចាប់ពីថ្ងៃបើកដំណើរការ រហូតដល់ថ្ងៃបិទបញ្ចប់ប្រកបដោយជោគជ័យ។

លោក អភិបាលរងខេត្តសៀមរាប បានបន្តទៀតថា ការចូលរួមគាំទ្រដោយមាតា-បិតា អាណាព្យាបាលសិស្ស គឺជាកំណត់សម្គាល់វិជ្ជមានមួយនៃសង្គម ក្នុងដំណើរឆ្ពោះទៅរកការស្រឡាញ់សុខភាព តាមរយៈនៃការចូលចិត្តលេងកីឡា។ ការចូលចិត្តលេងកីឡារបស់កុមារាកុមារី យុវជន យុវនារី វាគឺជាការកសាងទម្លាប់ដ៏ល្អ ដើម្បីមិត្តភាព សុខុមាលភាព ចម្រើនបញ្ញា ដើម្បីការសិក្សា ចៀសឆ្ងាយពីគ្រឿងញៀន និង ដើម្បីអនាគតដ៏រុងរឿង៕

ដោយសង្ស ​សៀក