ឯកឧត្តម ជាម យៀប ចូលរួមក្នុងកិច្ចប្រជុំ ដើម្បីសិក្សាឈ្វេងយល់ពីសក្តានុពល សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាជាតិ ដែល ដឹកនាំដោយឯកឧត្តម ជាម យៀប អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីសិក្សាឈ្វេងយល់ពី សក្តានុពល សេដ្ឋកិច្ច ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នៅសាលប្រជុំសាលា ខេត្តព្រះសីហនុ។

លោកស្រី ហៀក ហ៊ីមិល្លី អភិបាលស្តីទីខេត្តព្រះសីហនុ មានប្រសាសន៍ជម្រាប ជូនគណ:ប្រតិភូ ពីសក្តានុពលក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច រួមមាន វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ដែលជាវិស័យអាទិភាពធ្វើការអភិវឌ្ឍខឿន សេដ្ឋកិច្ចជាតិ ខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ មានសក្តានុពលដូចជា កំពង់ផែសមុទ្រទឹក ជ្រៅតំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្ត ហោះអន្តរជាតិ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជីវ:ចម្រុះបាតសមុទ្រ និងធនធានធម្មជាតិទាំងអស់នេះ បាននឹងកំពុងជំ រុញការអភិវឌ្ឍ សេដ្ឋកិច្ច ឱ្យមានការរីកចម្រើនជាលំដាប់។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុក និងប្រែក្លាយខេត្តព្រះសីហនុ ទៅជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” ធំជាងគេតែមួយ គត់ក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥ – ២០២៥។

ឯកឧត្តម ជាម យៀប ប្រធានគណៈ កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូសភា តំណាងរាស្ត្រ សិក្សាឈ្វេងយល់ពីការអភិវឌ្ឍរីក ចម្រើនរបស់ខេត្តព្រះសីហនុ ដោយអនុលោមតាមច្បាប់ ការគ្រប់គ្រងថវិកាជាតិសម្រាប់ អភិវឌ្ឍន៍មូលនិធិឃុំ សង្កាត់ ស្រុក ក្រុង។

ឯកឧត្តមបានវាយតម្លៃខ្ពស់ ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ អនុវត្តន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរកប្រភពចំណូល ចំណាយរបស់ខេត្ត ។

ឯកឧត្តម បានអបអរសាទរដល់រដ្ឋបាលខេត្តព្រះសីហនុ បានបំពេញតួនាទីការងារបាន ល្អប្រសើរ ដោយសារតែខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ច ទាំង៤ មានរាជធានីភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ និងភូមិភាគឦសាន (រតនគិរី) ធ្វើឱ្យខេត្តព្រះសីហនុ មានសក្តានុពលក្នុងការប្រ មូលចំណូល ចំណាយបានយ៉ាងច្រើន ម្យ៉ាងទៀតរដ្ឋបាលខេត្តបានសហការជាមួយសាខាគយ និងរដ្ឋាករ និងសាខាពន្ធដារខេត្ត ជំរុញការបង្កើនរកប្រភពចំណូលថវិកាជាតិមានការកើនឡើង ក្នុងការកៀរគរប្រភពចំណូល ថវិកា ដើម្បីមកជួយផ្គត់ផ្គង់ដល់បណ្តាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដែលខេត្ត ខ្លះរកប្រភពចំណូលថវិកាមិនគ្រប់។ ម្យ៉ាងទៀតវិស័យទេសចរណ៍គ្មានផ្សែង នាំមកនូវប្រភព ចំណូលមួយយ៉ាងសំខាន់ និងជួយរកការងារជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងច្រើន សន្ធឹកសន្ធាប់ថែមទៀត ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ជាម យៀប បានថ្លែងអំណរគុណរដ្ឋបាលខេត្ត ដែលបានខិតខំជំរុញសក្តា នុពលប្រភពចំណូលជួយដល់បណ្តាខេត្តដទៃទៀត នៅក្នុងព្រះរា ជាណាចក្រកម្ពុជា ហើយអ្វី ដែលជាបញ្ហាប្រឈម យើងត្រូវធ្វើការដោះស្រាយ ជម្រះការប្រឈមលើគ្រប់វិស័យ ដើម្បីប្រែ ក្លាយខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ និងការអភិវឌ្ឍន៍រីកចម្រើនបន្តថែមទៀត ស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ងូ សុមុនី