​សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងងថា «ទ្វារនឹងអាចបិទមុន ឬក្រោយ បុណ្យចូលឆ្នាំខ្មែរ សម្រាប់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ ដែល​ត្រូវបាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ»

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩​​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ផ្ញើ​សារ​ន​យោ​​បាយ​ជាថ្មី​ទៅកាន់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ដែល​ត្រូវបាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយថា ទ្វា​​រ​​​នឹង​អាចបិទមុន ឬក្រោយ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដូច្នេះបើចង់ចូលធ្វើ​ន​យោ​បា​យឡើងវិញ សូម​ប្រញាប់ដាក់ពាក្យស្នើសុំ​នៅក្រសួងមហាផ្ទៃដោយគ្មាន​ភ្ជាប់លក្ខខណ្ឌអ្វី​ទាំ​ងអស់ បើមិនដូច្នោះទេ ​នឹង​ត្រូវ​រង់​ចាំ​ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ទើបអាចចូលធ្វើនយោ​បាយ​វិញ​បាន។


ក្នុងពិធីបើកការដ្ឋាន​ស្ថា​បនា សាងសង់ប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធ​ប្រឡា​យ​-លូក្នុងរាជធានី​ភ្នំ​ពេ​ញ ជំហានទី៤ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន នា​ព្រឹ​កថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែ​មីនា​ ឆ្នាំ២០​១​៩ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្ដេចតេជោថ្លែងថា ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ដែល​ត្រូ​វ​បា​ន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ ហើយចង់ធ្វើបក្សនយោបាយឡើងវិញ ត្រូវ​ប្រ​ញាប់​ប្រ​ញាល់មក​សុំ​​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​កុំ​បាច់​រង់ចាំនិងដាក់​លក្ខខណ្ឌ​អ្វី​ឱ្យ​សោះ ព្រោះ​ទ្វារ​កំពុ​ង​ បើក​តែ​វា​ក៏​អាច​បិទ​ទៅវិញ​ផងដែរ ​ដូចនេះ​ជម្រើស​មានតែ​២​ទេគឺ ទី​១មួយៈ ត្រូវសុំ​សិទ្ធិ​នីតិ​សម្ប​ទា​ធ្វើ​នយោបាយ​ឡើងវិញ​ និងទី​ពីរៈ ត្រូវ​រង់ចាំ​រហូត​ចប់​ឱ​សាន​វាទ​នៃ​សាលក្រម​តុលា​ការ​​កំ​ពូល​នៅ​ខែវិច្ឆិកា​ ឆ្នាំ២០២២។ អ្នកត្រូវ​ចាំប្រទេស​នេះ ​កំពុងស្ថិត​ក្នុងប្រទេស​ឯក​រាជ្យ​អធិ​ប​តេយ្យ​និង​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ រាជរដ្ឋាភិបាល​បាន​ខិតខំ​បើកទ្វារ​សម្រា​ប់​​អស់លោកអ្នក ប៉ុន្តែ​រឿង​អស់លោកអ្នក​ចូល ឬ​មិន​ចូល​ជា​រឿង​របស់​អស់លោកអ្នក។ ប៉ុន្តែ​អស់​លោកអ្នក​កុំ​សង្ឃឹមថា​នឹងមាន​ការលើក​លែងទោសឬ ការលើកលែង​ការចោទប្រកាន់​ចំ​ពោះ​​​អ្នកណា​នោះឱ្យសោះ សុំ​ផ្តាំ​។

​សម្តេច​ក៏បាន​លើក​ឡើង​ដែរថា​ មាន​អ្នកខ្លះ​បានលើកឡើង​ថា​ចាំ​ក្រោយ​ថ្ងៃទី០៣ ខែមីនា ខ្ញុំ​សូម​ឱ្យ​លោក​ឯង​រង់​ចាំមើល​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ ឯណោះ លោ​ក​ឯង​ចូល​ឬ​មិន​ចូល​ជា​សិទ្ធិ​របស់​អ្នកឯង សិទ្ធិ​នយោបាយ​ត្រូវ​ហាមឃាត់ អ្នកឯង​ហ៊ាន​ធ្វើ​នយោបាយ​ខ្ញុំ​វៃ​ខ្នោះ និយាយ​ឱ្យ​ពិត រឿងនេះ​វា​តែ​ប៉ុណ្ណឹង។ ទ្វារ​បើក​ហើយ​បើ​អ្នកឯង​មិន​ចូល​ជា​រឿង​របស់​អ្នកឯង ហើយ​កុំ​រង់ចាំ​ថា​និង​មានការ​សម្របសម្រួល​ន​យោ​បាយ​ណាមួយ។ នេះ​មិ​នមែនជា​រឿង​នយោបាយ​នោះទេ​តែ​ជា​រឿង​ផ្លូវច្បាប់។ តុលាការ​ត្រូវ​កាត់ទោស​ជន​ដែល​កំពុ​ងស្ថិ​ត​នៅក្រោម​កា​រ​ស៊ើបអង្កេត​ពី​សំណាក់​តុលាការ​ជា​បន្ត នៅពេល​គេ​បិទ​ការស៊ើបអង្កេត គេ​នឹង​​ដំណើរការ​ក្តី​តាម​អំណាច​របស់​តុលាការ។ ខ្ញុំ​គ្រាន់តែ​ឱ្យ​សារ​ចុងក្រោយ​សម្រាប់​អ្នក ​ហើ​យបើ​អ្ន​ក​ព្រ​ងើយ​កន្តើយ​ទ្វារ​នឹងត្រូវ​បិទ​នៅមុន​ចូលឆ្នាំ​ខ្មែរ ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ។

សម្តេច​តេ​ជោ​ក៏បាន​ថ្លែងឱ្យដឹងដែរថា​ សម្តេច​ក៏បាន​ប្រាប់​ទៅកាន់​តំណាង​គណ​ប្ស​នយោបាយ​ចំនួន១៦ ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់យោបល់​ថា មាន​ជម្រើស​ពីរ​សម្រាប់​អតីត​បក្ស​​ប្រឆាំង​គឺ ​ទីមួយៈ សុំ​សិទ្ធិ​ធ្វើ​នីតិសម្បទា​ហើយ​រៀបចំ​បក្សនយោបាយ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ និងទី​ពីរៈ ​រង់ចាំ​ឱ្យ​ផុត​សាលដីកា​តុលាការ​នៅ​ខែវិច្ឆិកា ​ឆ្នាំ​២០២២។

គួរបញ្ជាក់ដែរថា តុលាការកំពូលហាមឃាត់​ធ្វើ​សិទ្ធិ​នយោបាយ​ចំនួន​៥​ឆ្នាំដល់បុគ្គ​លអ​តី​​​តគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ចំនួន១១៨រូប ដោយរង​ការចោទ ប្រកាន់ ថា ​បានចូលរួមនៅក្នុងសកម្មភាពប៉ុនប៉ង់ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ មកដល់ពេល នេះមា​ន​អ​តីតមន្ត្រី​គណបក្សប្រឆាំង​ចំនួន​៣ រូប​ហើយ​ត្រូវបាន​ព្រះមហា​ក្ស​ព្រះរាជទាន​ផ្តល់​នីតិ​ស​ម្ប​​ទា​នយោបាយ​តាម​សំណើរបស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​៕

ដោយ ជឹម ណារី​