សមាគមសហគ្រិនស្រ្តី ស្នើឱ្យរាជរដ្ឋាភិបាលសម្រួលលក្ខខណ្ឌប្រាក់កម្ចីលើអាជីវកម្ម ដល់សហគ្រាសខ្នាតតូច និងមធ្យម

AKP ភ្នំពេញ ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០១៩ — សមាគមសហគ្រិនស្រ្តីកម្ពុជា ស្នើឱ្យរាជរដ្ឋាភិបាល សម្រួលលក្ខខណ្ឌទទួលបានប្រាក់កម្ចីលើ អាជីវកម្ម ដល់សហគ្រាសខ្នាតតូច និងមធ្យម ក្រោយធនាគារSME លេចជារូបរាងនាពេល ខាងមុខនេះ។ ការស្នើឡើងពីសមាគមនេះ ត្រូវបានធ្វើឡើង ក្រោយពីសមាគមមើលឃើញថា សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាភាគច្រើន កំពុងជួបបញ្ហកង្វះហិរញ្ញវត្ថុ ដើម្បី ពង្រីកអាជីវកម្ម ខណៈរដ្ឋាភិបាល ចង់ឱ្យវិស័យនេះ ក្លាយជាផ្នែកមួយរឹងមាំ ដើម្បីជំរុញ ដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រីកផលិតផលក្នុងស្រុកឱ្យបានច្រើន។

លោកជំទាវឧកញ៉ា កែវ មុំ អគ្គនាយិកា ក្រុមហ៊ុនផលិតនំស្រួលលីលី និងជាអតីត ប្រធាន សមាគមសហគ្រិនស្ត្រីកម្ពុជា បានឱ្យដឹងថា អាជីវកម្មរបស់សហគ្រិនស្ត្រីមួយចំនួន បានដំណើរការល្អទៅមុខ ហើយចង់ពង្រីកឱ្យធំធាត់បន្ថែមទៀត ប៉ុន្តែមានការរារាំងពីបញ្ហា ហិរញ្ញវត្ថុ ទើបធ្វើឱ្យអាជីវកម្មខ្លះមិនអាចលូតលាស់បានខ្លាំង។ លោកជំទាវបន្តថា បើសិនជាដំ​ណើរការធនាគារ SME របស់រាជរដ្ឋាភិបាលចេញជាផ្លែផ្កាលឿននោះ បញ្ហាសម្រាប់សហគ្រិន ទៅលើការពង្រីក អាជីវកម្ម អាចនឹងកាត់បន្ថយ ហើយសហគ្រិន ដែលខ្វះទុនតែចង់ពង្រីក អាជីវកម្មបន្ថែម អាចសរសេរសំណើទៅកាន់ធនាគារ ដើម្បីយកហិរញ្ញវត្ថុមកពង្រីកអាជីវកម្ម របស់ខ្លួនបាន។

លោក គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ សហគ្រិនវ័យក្មេងកម្ពុជាជាច្រើន បានខិតខំបង្កើតអាជីវកម្ម និងកែច្នៃ អាជីវកម្មរបស់ខ្លួន បានល្អ និងមានស្តង់ដារ ប៉ុន្តែបញ្ហាប្រឈមនៅតែកើតឡើង ចំពោះសហគ្រិនវ័យក្មេង ដោយ​សារមិនមានទុនគ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្ម ហើយមានធនាគារតិចណាស់ ដែលអាច ផ្ដល់កម្ចីទៅពួកគាត់ ដោយមិនទាមទារយកទ្រព្យបញ្ចាំ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច បានឱ្យដឹងកាលពី ពេលថ្មីៗនេះថា ធនាគារ SME គ្រោងនឹងបើកឱ្យដំណើរការនៅចុងឆ្នាំនេះ ក្នុងដើមទុនដំបូង ១០០លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម។

គួរបញ្ជាក់ថា បើតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្ហាញថា នៅក្នុងចំណោមសហគ្រាសជាង៥២ម៉ឺនសហគ្រាសនៅក្នុងប្រទេសកម្ពុជា មានសហគ្រាស ធុនតូច និងមធ្យមមានប្រមាណ៩៩.៨ភាគរយ ដែលបានផ្ដល់ការងារសរុបប្រមាណ ៧០ ភាគរយ នៃការងារក្នុងវិស័យឧស្សាហកម្មសរុប៕

ដោយ ម៉ៅ ចរិយា