សម្ដេចតេជោនាយករដ្ឋមន្ត្រីស្នើឱ្យបណ្ដាញផ្សព្វផ្សាយចូលរួម ក្នុងការធ្វើជំរឿនទូទៅប្រជាជន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — ជាមួយនឹងការអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងការធ្វើជំរឿននោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បា​​ន​ស្នើឱ្យបណ្តាស្ថានីយវិទ្យុ ទូរទស្សន៍ បណ្តាញផ្សព្វផ្សាយទាំងអស់ ទាំងក្នុងប្រព័ន្ធគាំ​ទ្ររា​ជ​​រ​ដ្ឋា​​ភិបាល ប្រព័ន្ធអព្យាក្រឹត ឬប្រព័ន្ធប្រឆាំងរដ្ឋាភិបាល ចូលរួមក្នុងការធ្វើជំរឿនទូទៅប្រជា ជន ព្រោះ​​​នេះជាផលប្រយោជន៍រួម ហើយការធ្វើជំរឿននេះអត់មា​នទាក់ទិននឹងនយោបាយអ្វី​ទេ​។

ក្នុងពិធីបើកការដ្ឋាន​ស្ថា​បនា សាងសង់ប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធ​ប្រឡា​យ​-លូក្នុងរាជធានី​ភ្នំ​ពេ​ញ ជំហានទី៤ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន នា​ព្រឹ​កថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែ​មីនា​ឆ្នាំ២០​១​៩ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្ដេចតេជោមានប្រសាសន៍ថា ការងារជំរឿនទូទៅ​ប្រ​ជា​ជន​​នៅព្រះរាជាណាចក្រ  កម្ពុជា ឆ្នាំ២០១៩ នៅសល់រយៈពេល៩ថ្ងៃទៀតប៉ុណ្ណោះ ដែល​បាន​ចា​ប់​ផ្ដើមពីថ្ងៃទី០៣ ខែមីនា រហូតទៅដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដូច្នេះប្រជាពលរដ្ឋទាំង​អ​ស់​​ត្រូវចូលរួមធ្វើជំរឿនឱ្យបានគ្រប់ៗគ្នា។ ប្រជាពលរដ្ឋរបស់យើង បើអាចចៀសវាង​មេត្តាកុំធ្វើ​ដំណើរ​ទៅឆ្ងាយ ហើយសូមមេត្តាយោគយល់ដោយការអនុគ្រោះឱ្យ​មន្រ្តីជំរឿនចូល ទៅតាម​លំ​នៅ​​ឋាននៅក្នុងពេលយប់ ព្រោះពេលថ្ងៃបងប្អូនចេញមកធ្វើការ អីចឹង មានតែពេល យប់ ហើ​យ​កន្លែងខ្លះដោយសារតែប្រជាពលរដ្ឋ របស់យើងក៏ធ្វើ ដំណើរមកពីជនបទ ហើយគាត់មិន​អា​ច​​​ត្រឡប់ទៅវិញទាន់ពេល គាត់អាចស្នាក់អាស្រ័យ នៅកន្លែងនេះ នៅកន្លែងនោះ ក៏សូមមេត្តា​អ​ធ្យា​ស្រ័យធ្វើការយោគយល់ចំពោះមន្រ្តីជំរឿនផ្តល់ ឱកាសឱ្យគាត់បានធ្វើបទសម្ភាសន៍ និ​ង​ការ​កត់ត្រានានា។

សម្ដេចតេជោបន្តថា  សម្រាប់ជំរឿនមួយនេះ យើងដឹងអំពីស្ថាន​ភាពពិ​ត​ ចំនួនប្រជាជនពិតរបស់យើង ហើយយើងយកទៅប្រៀបធៀបទៅនឹងជំរឿនពេលមុន ថាតើអ​ត្រា​មនុស្សនៅជនបទមានចំនួនប៉ុន្មាន អត្រាមនុស្សនៅទីក្រុងកើនឡើងចំនួនប៉ុន្មាន អត្រា​ស្លា​ប់​នៅក្នុងរយៈពេលមុនប៉ុន្មាន អត្រាស្លាប់នៅក្នុងរយៈពេលក្រោយប៉ុន្មាន ចំនួនប្រជា​ពលរដ្ឋ​ដែ​ល​​មុននេះ និងពេលនេះមានមធ្យោបាយធ្វើដំណើរប៉ុន្មាន ហើយបើគិតតាំងពីមុន​កើនឡើង​ចំ​នួ​​​​នប៉ុន្មាន អ្នកប្រើប្រាស់ទូរស័ព្ទ ដែលមុននោះប្រើប្រាស់ប៉ុន្មាន ពេលនេះប៉ុន្មាន យើង​ក្ដា​ប់​បា​ន​យ៉ាងដូច្នេះ យើងនឹងអាចដឹងបាននូវការចរន្តវិវត្តន៍ នៅពេលខាងមុខរបៀបម៉េច ហើយយើង​ត្រូវ​​គ្រប់គ្រងសភាពការណ៍នោះយ៉ាងដូចម្ដេច។ ឧទាហរណ៍ ការកើនឡើងនូវចំនួន​ប្រជាពល​រដ្ឋ​ ដែលចាកចេញពីតំបន់ជនបទ មកកាន់បណ្តាទីក្រុង បានធ្វើឱ្យចំនួនមនុស្សនៅក្នុងទីក្រុង មិន​ថានៅទីក្រុងភ្នំពេញទេ ទីក្រុងដទៃមានការកើនឡើងជាមួយនឹងការថយចុះ​នៃចំនួនប្រជា​ពល​រដ្ឋដែលត្រូវធ្វើកសិកម្មនៅតាមជនបទ។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់​កា​រ​​ចូលរួម​ធ្វើជំរឿនលើកនេះ ដែលរាជរដ្ឋាភិបាលបានប្រើប្រាក់កាសយ៉ាងច្រើន សម្រាប់ការ​ធ្វើ​ជំរឿ​នមួយនេះ។

គួរបញ្ជាក់ដែរថា ការងារ​ជំរឿន​ប្រជាជន​កម្ពុជា ត្រូវបាន​ធ្វើឡើង​២​ដង​រួចមកហើយ គឺ​នៅ​​​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨ ដែល​ស្របតាម​ច្បាប់​ស្តីពី​ស្ថិតិ ដោយ​កំណត់​នូវ​កាតព្វកិច្ចរបស់​ប្រ​ជាពលរដ្ឋ​ម្នាក់ៗត្រូវ​ចូលរួម​សហការក្នុង​ការធ្វើជំរឿន​។ ការធ្វើជំរឿនថ្នាក់ជាតិនេះ នឹង​ផ្ដ​ល់​ នូវទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឱ្យរាជរដ្ឋាភិបាលអាចរៀបចំតា​​ក់​តែ​ង គោលនយោបាយត្រឹមត្រូវ ព្រមទាំងធ្វើឱ្យការអនុវត្តកម្មវិធីផ្សេងៗ ទទួល បានតុល្យភា​ព នៃ​ការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ទិន្នន័យជំរឿន នឹងផ្ដល់ជាសូចនា​ក​រ តា​​មដាន ត្រួតពិនិត្យ ការសម្រេចបានការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង គោ​ល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ២០១៦-២០៣០៕

ដោយ ជឹមណារី