រដ្ឋសភា និងរាជរដ្ឋាភិបាល បាននិងកំពុងកសាងច្បាប់ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — សម្តេចប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភា និងរាជរដ្ឋាភិបាលបាននិងកំពុងកសាងច្បាប់ និងធ្វើសកម្មភាពនានាដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា។


ថ្លែងក្នុងពិធីអបអរសាទខួបលើកទី១០៨ ទិវាអន្តរជាតិ នាទី៨មីនា ឆ្នាំ២០១៩លើប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” កាលពី ព្រឹក​ថ្ងៃទី៤ខែមីនា នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ការជួបជុំគ្នានៅពេលនេះ គឺជាឱកាសដ៏ល្អប្រសើរមួយ និងប្រកប​ដោយ​អត្ថន័យដើម្បីរម្លឹកឡើងវិញនូវស្នាដៃដ៏មហិមារបស់ស្រ្តីនានា លើពិភពលោក ក្នុងនោះ​ក៏មានស្ត្រីកម្ពុជាផងដែរ ដែលបានតស៊ូលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និងអាយុជីវិត នៅក្នុងការប្រយុទ្ធតស៊ូ ដើម្បីបុព្វហេតុស្រ្តី និងដើម្បីបុព្វហេតុរបស់​មនុស្ស​ជាតិ។

សម្តេចពញាចក្រីបានគូសបញ្ជាក់ថា “ថ្ងៃ៨មីនា គឺជាទិវាដែលផ្តល់កិត្តិយស​ចំពោះ ស្នាដៃរបស់ស្ត្រី និងជាថ្ងៃដែលយើងទាំងអស់គ្នា ជាពិសេសបុរសៗ ត្រូវតែបន្តជំរុញ និងលើក តម្កើងនូវតម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្ត្រីកម្ពុជាយើងឱ្យកាន់តែមានភាពប្រសើរ និងថ្លៃថ្លា ថែមទៀត”។ សម្ដេចប្រធានបានចាត់ទុកប្រធានបទខាងលើនេះថា គឺពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តីកម្ពុជា ដែលជាម្តាយ ជាអ្នកដឹកនាំគ្រួសារ និងជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ចនិងសង្គម ឱ្យប្រកបដោយគុណសម្បត្តិដ៏ថ្លៃថ្លា ជោគជ័យគ្រប់កិច្ចការក្នុង​នាមជា​ពលរដ្ឋដ៏ល្អនោះ។ សម្តេចបន្ដថា កម្ពុជាកំពុងអនុវត្តន៍គោលនយោបាយគាំពារសង្គម ដែល បានចាប់ផ្តើមអនុវត្តន៍មុនគេ ចំពោះស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះ។ ជាពិសេសទៀតនោះ គឺក្នុងពេលសម្រាលកូនសាមីខ្លួនបានឈប់សម្រាករយៈពេល៣ខែ និងទទួលបានប្រាក់ខែ ១២០ភាគរយ ទៀតផង។ សម្តេចបានគូសបញ្ជាក់ថា ទាក់ទងនឹងវិស័យអប់រំវិញ រាជរដ្ឋាភិ​បាលបានលើកទឹកចិត្ត និងជំរុញឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានច្រើន ដើម្បីឱ្យធនធាន មនុស្ស របស់យើងជាស្ត្រីភេទ កាន់តែសំបូរបែបថែមទៀត។ ជាក់ស្តែងក្នុងការប្រឡង សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ សិស្សស្រីបានប្រឡងជាប់៦៩.៣៨ភាគរយ កើនជាង​ឆ្នាំ២០១៧។​ កាលពីឆ្នាំ២០១៧ ដែលមានសិស្សស្រីជាប់តែ៦៥.៩២ភាគរយ។ ដោយឡែក​ចំនួននិស្សិតស្រី បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិញ ក៏មានចំនួនកើនឡើងដែរ។ ឆ្នាំ២០១៧ មានចំនួ ន៤៦.៦៧ភាគរយ ចំណែកនៅឆ្នាំ២០១៨ មានចំនួន ៤៩.២៤ភាគរយ។

សម្តេចប្រធានរដ្ឋសភាបានបន្ថែមថា កន្លងមករដ្ឋសភា បានអនុម័តថវិកាជាតិសម្រាប់ក្រសួង អប់រំ​ឆ្នាំ២០១៩ មានកំណើន ៩ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៨។ ក្នុងចំណោម​ថវិកា ទំាង​នោះ ថវិកាមួយចំនួនត្រូវយកមកកសាងអគារស្នាក់នៅរបស់សិស្ស ដែលមានសម្រាប់ សិស្ស និស្សិតស្រី និងគ្រូបង្រៀននៅតាមសាលារៀនទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យ​សិស្សស្រីមានឱកាសបានបន្តការសិក្សាឱ្យបានច្រើន។
សម្ដេចបានលើកឡើងថា រដ្ឋសភាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុរបស់ ស្រ្តី តាមរយៈការងារនីតិកម្ម ដែលជាការងារស្នូលរបស់ស្ថាប័ន ដើម្បីបង្កើតច្បាប់ និងបទ ដ្ឋានគតិយុត្តិនានា សំដៅការពារ និងលើកកម្ពស់សិទ្ធិ របស់ស្រ្តីនិងក្មេងស្រី ក្នុងគ្រប់វិស័យ។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានឱ្យដឹងថា ក្រសួងកិច្ចការនារី បានជ្រើសរើសប្រធានបទសម្រាប់អបអរទិវាអន្តរជាតិនារីនៅឆ្នាំនេះ “លើកកម្ពស់សមភាព យេនឌ័រ និងការគំាពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” គឺដើម្បីឆ្លើយតបទៅនឹងការ ប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ស្របជាមួយនឹងវឌ្ឍនភាព និងកាលានុវត្តភាពថ្មីៗ នាពេលបច្ចុប្បន្នរបស់កម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ថា ប្រធានបទខាងលើ ក៏ស៊ីចង្វាក់ ជាមួយនឹងប្រធានបទអាទិភាពរបស់សន្និបាតនៃគណៈកម្មការលើកកម្ពស់ស្ថានភាពស្រ្តីលើកទី៦៣ ឆ្នាំ២០១៩ នៃអង្គការសហប្រជាជាតិ ស្តីពី “ប្រព័ន្ធគំាពារសង្គ មការទទួលបានសេវា សាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី”។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្ដីក៏បានលើកឡើងពីវឌ្ឍនភាពនានារបស់ស្រ្តីនៅក្នុង សង្គមកម្ពុជា ដែលមានដូចជាស្រ្តីបានទទួលបានតួនាទីកាន់តែច្រើននៅក្នុងឋានៈជាអ្នក សម្រេចចិត្ត នៅលើវិស័យសាធារណៈ និងនយោបាយ នៅក្នុងនោះ មានចន្លោះឆ្នាំ២ ០០៩ ដល់ឆ្នាំ២០១៧ ចំនួនស្រ្តីជាមន្រ្តីរាជការកើនឡើងជាលំដាប់ពី ៣៤ភាគរយ ទៅ៤១ភាគរយ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានតែងតំាងស្រ្តីជាអភិបាលរងខេត្ត នៃគណៈអភិបាលរាជធានី ខេត្ត២៦រូប អភិបាលក្រុង ស្រុក ខណ្ឌ ជាស្រ្តី៦រូប ស្រ្តីជាអភិបាលរងនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ១៨៦រូប។ ក្នុងឆ្នាំ២០១៨ ស្រ្តីជាឯកអគ្គរាជទូត មានចំនួន០៤រូប និងមន្រ្តីការ ទូតជាស្រ្តីដែលកំពុងប្រចំាការនៅបរទេសមានចំនួន៤៩រូប។
ស្របពេលជាមួយគ្នានេះដែរ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់រាជរដ្ឋាភិ បាល ជាពិសេសក្រសួងកិច្ចការនារី បន្ត និងជំរុញការអនុវត្តគោលនយោបាយជាតិខាង លើនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់ស្ត្រី និងក្មេងស្រី ក៏ដូចជា ប្រជាជនកម្ពុជាទាំងមូល៕

ដោយ ប៊ុនរិទ្ធ