សម្តេចតេជោ ហ៊ុន សែន៖ គ្មានការចរចាផ្នែកនយោបាយអ្វីទាំងអស់សម្រាប់អតីតមន្ត្រីបក្ស ប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន គូសបញ្ជាក់ថា គ្មានការចរចា ផ្នែកនយោបាយណាមួយសម្រាប់អតីតមន្ត្រីគណបក្សប្រឆាំង ដែលចង់ឱ្យបាននីតិសម្បទាផ្នែកនយោបាយឡើងវិញ ក្រៅពីការស្នើសុំដោយខ្លួនឯង​នោះទេ។


ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និង កែលម្អ ប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “គ្មានត្រូវចរចាផ្នែកនយោបាយសម្រាប់បើកផ្លូវ​ឱ្យអតីតបក្សប្រឆាំងមានសិទ្ធិធ្វើនយោបាយនោះទេ គឺត្រូវទុកសិទ្ធិឱតុលាការកាត់ក្តី សម្រាប់​អ្នកដែលត្រូវបានចាប់ខ្លួន និងកំពុងដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការ នេះជាសារ នយោបាយជាក់លាក់ តែហ៊ុន សែន មិនអាចធ្វើផ្ទុយពីនេះ។ សម្តេចតេជោបានបញ្ជាក់ថា “ខ្ញុំសូមឱ្យសារទៅអ្នកទាំងឡាយដែលលើកមតិនេះ លើកមតិនោះ សុំអ្នកត្រូវចាំថា សិទ្ធិចុះ​ហត្ថលេខានៅលើដៃ ហ៊ុន សែន បើអ្នកប្រហើន ហើយវាយតម្លៃខុស សូម្បីតែដាក់១៥នាក់​មក ត្រូវដោយសរសេរលិខិតម្នាក់មួយៗតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។ ប៉ុន្តែក្នុងចំណោម ១៥នាក់ មានមនុស្ស២នាក់ជាមនុស្សក្បាលរឹង ហើយប្រឆាំងជាមួយសាលដីការតុលាការ ខ្ញុំនឹងអាចទាត់ចោល២នាក់ចេញ”។ សម្តេចតេជោក៏បានលើកឡើងថានៅពេលដែលអតីត មន្ត្រីបក្សប្រឆាំង មិនទាន់ទទួលបាននីតិសម្បទានយោបាយ ហើយធ្វើនយោបាយនោះ នឹងខុសច្បាប់។ សម្ដេចតេជោបានបន្ដថា នេះមិនមែនជាបង្ក្រាបខាងនយោបាយនោះទេ ប៉ុន្តែជាការពង្រីកលំហនយោបាយសម្រាប់ដំណើរប្រជាធិបតេយ្យ សេរី ពហុបក្ស និង​នីតិរដ្ឋ។

សម្ដេចតេជោបានបន្ថែមថា ក្នុងច្បាប់ស្តីពីពន្ធនាគារបានផ្តល់សិទ្ធិឱ្យ​នាយករដ្ឋមន្ត្រី​លើកលែងទោសដល់ទណ្ឌិតពេលណាក៏បានដែរ ប៉ុន្តែក្នុងច្បាប់ស្តីពីគណបក្សនយោបាយ មិនបានបើកច្រកណាមួយសម្រាប់នាយករដ្ឋមន្ត្រីស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់នីតិ សម្បទានយោបាយឡើងវិញបានទេ។ ដូច្នេះហើយបានជារាជរដ្ឋាភិបាល ធ្វើវិសោធនកម្ម​ច្បាប់ស្តី ពីគណ បក្សនយោបាយ បើកច្រកសម្រាប់ធ្វើនីតិសម្បទា ដែលត្រូវស្នើដោយរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្នើទៅនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រីស្នើថ្វាយព្រះមហាក្សត្រ។

សម្ដេចតេជោបានបន្ដទៀតថា មានមនុស្សមួយចំនួនបានដាក់លក្ខខណ្ឌថា សុំឱ្យដោះ លែងមេរបស់គេទើបគេសុំសិទ្ធិធ្វើនយោបាយ។ សម្ដេចតេជោបានអះអាងថា “យើងបានធ្វើ សម្រាប់មនុស្ស៣នាក់ហើយ ឥឡូវនេះមានមនុស្សមួយចំនួនបានកំពុងរត់ការ ប៉ុន្តែគេ​បែរថា ចាំៗ ហើយក៏មានមនុស្សមួយចំនួនឆ្លើយថាឱ្យដោះមេគេមុនទៅគេនឹងធ្វើ។ ហ្នែងមិនមកទេ ល្ហី មិនមុខដូចម៉ែអញទេ ពួកអានេះទាល់ តែនិយាយបែបនេះ”៕

ដោយ ប៊ុនរិទ្ធ