ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្ដព្រះសីហនុ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ខាងមុខនេះហើយ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — ផ្លូវល្បឿនលឿន(Express way) ពីភ្នំពេញ ទៅកាន់ខេត្ដព្រះសីហនុ ដែលមាន​ប្រវែងជាង​១៩០គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់នៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះហើយ ដើម្បីរួមចំណែកក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ពិសេសការត​ភ្ជាប់​រវាង​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹក ជញ្ជូន។

ជាមួយគ្នានេះ ផ្លូវល្បឿនលឿនដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ គឺ មានប្រវែងសរុប១៩០.៣៦៥ គីឡូម៉ែត្រ សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២សង់ទីម៉ែត្រ ពង្រីកទទឺងផ្លូវដល់ ២៤.៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ ឬមនុស្សឆ្លងកាត់។ លើសពីនេះទៀត ផ្លូវនេះក៏ មានកន្លែងឈប់សម្រាកដែលមានលក្ខណៈងាយស្រួល មិនបង្កឱ្យមានការកកស្ទះចរាចរណ៍ ហើយគ្រោងប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕

ដោយ អ៊ុន រិទ្ធី (ប្រភព៖ ក្រសួង សាធារណការ)