សម្តេចប្រធានរដ្ឋសភា សំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ជួយពង្រឹងការអប់រំលើកកម្ពស់សមភាពយេនឌ័រ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរដល់ ក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការជាតិ អន្តរជាតិ និងសង្គមស៊ីវិល ជាពិសេសក្រសួងកិច្ចការនារី ដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល សូមបន្តកិច្ចខិត ខំប្រឹងប្រែងត​ទៅ​ទៀត ដោយធ្វើយ៉ាងណាពង្រឹងការអប់រំ សីលធម៌ សុជីវធម៌ បង្កើនចំណេះ ដឹង និងជំនាញក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ ធនធានមនុស្ស។ សម្តេចប្រធានរដ្ឋសភាបានសំណូមពរយ៉ាងដូច្នេះ នៅក្នុងឱកាស ដែលសម្តេចបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ក្រោមប្រ​ធា​ន​បទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើ​ម្បី​អភិវឌ្ឍន៍ធនធាន មនុ​ស្ស» នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នៅវិមានរដ្ឋសភា។

សម្តេចបានប្រកាសពីការគាំទ្រ និងអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ក្រោមប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ ធនធានមនុស្ស» គឺស្របតាមបរិការណ៍របស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែងដាក់ចេញជាសកម្ម​ភាពគន្លឹះ ក្នុងការអនុវត្ត គោលនយោបាយជាតិ និងគាំ​ពារសង្គម ក្នុងគោលដៅផ្តោតសំខាន់ទៅលើការលើក កម្ពស់សីលធម៌ គុណធម៌ និងផ្តល់តម្លៃដល់ស្រ្តីកម្ពុជានៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។

សម្តេចបានកោតសរសើរ ចំពោះជោគ​ជ័យទាំងឡាយ ដែលលោកជំទាវ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងសហការី បាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងបុព្វហេតុដើម្បីស្រ្តី ក៏ដូចជាប្រជាជនកម្ពុជា សំដៅឱ្យបងប្អូនទទួលបានសេចក្តីសុខ សុភមង្គល សម្បូរសប្បាយ និងមានភាពថ្លៃ ថ្នូរក្នុងសង្គម។

សម្តេចក៏បានសំណូមពរដល់សមាជិកសភាស្រ្តី និងក្រុមសភាជាតិ នៃអ្នកនយោ បាយស្រ្តី ដែលដឹកនាំដោយ លោកជំទាវ ឃួន សុដារី ត្រូវបន្តចូលរួមចំណែកឱ្យកាន់ តែសកម្ម ថែមទៀត ដោយសហការជាមួយភាគីពាក់ព័ន្ធ ក្នុងបុព្វហេតុរបស់ស្រ្តី តាមរយៈការងារនីតិកម្ម ដែលជាការងារស្នូលរបស់ស្ថាប័ន ដើម្បីបង្កើតច្បាប់ និងបទដ្ឋានគតិយុត្តនានា សំដៅការពារ និងលើកកម្ពស់សិទ្ធិរបស់ស្រ្តី និងក្មេងស្រីក្នុងគ្រប់វិស័យ។

ជាមួយនេះក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការជាតិ អន្តរជាតិ និង សង្គមស៊ីវិល ជាពិសេសក្រសួងកិច្ចការនារី ដែលជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលបន្ត កិច្ចខិតខំប្រឹងប្រែងតទៅទៀត ដោយធ្វើ យ៉ាងណាពង្រឹងការអប់រំ សីលធម៌ សុជីវធម៌ បង្កើនចំណេះដឹង និងជំនាញ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ រវាងបុរស និងស្ត្រី៕

ដោយ ប៉ាល់ សុង