កិច្ចប្រជុំលើកទី១ គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី  ទទួលបានលទ្ធផលចំនួន៩ចំណុច

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ — កិច្ចប្រជុំលើកទី១ គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីទទួលបានលទ្ធផលចំនួន៩ចំណុចដើម្បីបោះជំហានទៅបង្កើតព្រលានយន្តហោះខ្នាតធំ4Fនាពេលខាងមុខនេះ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលអ្នកសារព័ត៌មានទទួលបាននៅល្លាចថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩នេះបានបង្ហាញលទ្ធផលទាំង៩ចំណុចនោះ

ទី ១. ជម្រាបជូន អំពីការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីខ្នាត 4F លើផ្ទៃដីទំហំ ២.៦០០ ហិកតា ដែលអាចទទួលយន្តហោះខ្នាតធំបាន ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។
ទី ២. ប្រគល់ភារកិច្ចជូនឯកនុត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរៀបចំកិច្ចព្រមព្រៀង ដាក់ពិគ្រោះយោបល់ជាមួយស្ថាប័ននិងអង្គភាពពាក់ព័ន្ធ និងសុំការសម្រេចពីរាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខាជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ឯ.ក សិក្សាកំណត់តំបន់សុវត្ថិភាពនៃការហោះហើរ។
ទី ៣. ប្រគល់ភារកិច្ចជូនក្រុមការងារគាំទ្រដល់ការរៀបចំទីតាំងគម្រោងសាងសង់ ចុះកំណត់និយាមការទីតាំងគម្រោង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បោះបង្គោលព្រំ កំណត់តំបន់លំនៅឋាន និងកម្ពស់អគាររៀបចំប្លង់លម្អិតនគរូបនីយកម្ម និងប្លង់ហេដ្ឋារចនាសម្ព័ន្ធ។
ទី ៤. អនុវត្តន៍ឱ្យមានការឯកភាពគ្នានូវប្រព័ន្ធនិយាមការ Datum WGS 84 ក្នុងការវាស់វែង គូសទីតាំងក្បាលដីក្នុងផែនទីតែមួយ។
ទី ៥. រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលខេត្តតាកែវ សហការជាមួយក្រុមការងារ និងក្រុមហ៊ុនក្នុងការអនុវត្តតួនាទីនិងភារកិច្ច គាំទ្រដល់គម្រោងសាងសង់អាកាសយានដ្ឋាន ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល។
ទី ៦.ប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តតាកែវ និងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ កំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋដែលមានដីនៅក្នុងទីតាំងគម្រោងឱ្យបានច្បាស់លាស់ ដោយផ្អែកទៅតាមការកាន់កាប់ជាក់ស្តែង និងឯកសារពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។ ជំហានបន្ទាប់តាមការចាំបាច់ ផ្អាកជាបណ្តោះអាសន្ន ការធ្វើចរន្តការដីស្ថិតក្នុងទីតាំងដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តន៍គម្រោង។
ទី ៧.ស្នើស្ថាប័នពាក់ព័ន្ធគិតគួរជាមុនអំពីហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាអាទិ៍ ការបង្កប់បំពង់ហ្គាស បណ្តាញផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធលូ ខ្សែកាបអុបទិក អាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវមុនបង្ហូរចូលលូសាធារណៈ អង់តែនទូរស័ព្ទ និងហេដ្ឋារចនាសម្ព័ន្ធក្រោមដីផ្សេងទៀត ចៀសវាងរៀបចំតាមក្រោយដែលបង្កឱ្យខូចខាតដល់ផ្លូវថ្នល់ ជាពិសេស ប្រព័ន្ធការពារ និងរំដោះទឹកជំនន់។
ទី ៨.ស្នើក្រុមហ៊ុនបង្កើតទីស្នាក់ការបណ្តោះអាសន្នសម្រាប់ធ្វើការនៅលើទីតាំង ជ្រើសរើសបុគ្គលិកចេញពីមូលដ្ឋានដែលមាន កាយសម្បទា និងលក្ខណសម្បត្តិ តាមចំនួនសមស្រប មកបម្រើការងារចាំបាច់ក្នុងការអនុវត្តគម្រោង។ជំហានបន្ទាប់ អាចជ្រើសរើសបុគ្គលិកបន្ថែម តាមតម្រូវការជាក់ស្តែង។
ទី ៩.លើកទឹកចិត្តប្រើប្រាស់ធនធានមនុស្សក្នុងស្រុកទាំងអ្នកជំនាញ និងអ្នកគ្មានជំនាញឱ្យអស់លទ្ធភាពក្នុងការអនុវត្តគម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
គួររម្លឹកថា ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ឯ.ក ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្តាលនិងខេត្តតាកែវ លើទំហំផ្ទៃដី ២.៦០០ហិកតា ក្រោមទុនវិនិយោគ១.៥០០លានដុល្លារសហរដ្ឋអាមេរិក ដោយក្នុងនោះ ក្រុមហ៊ុន OCIC មានទុន៩០ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលមានទុន១០ភាគរយ។សូមបញ្ជាក់ថា នារសៀល ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ ២០១៩ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ច ប្រជុំលើកទី ១ គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអនុប្រធានគណៈកម្មការ ,ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការ  រួមទាំង សមាជិកគណៈកម្មការទាំងអស់ និងតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ឯ.ក៕

ដោយ គង់សិរីរ័ត្ន