រដ្ឋមន្រ្ដីក្រសួងការងារ៖ រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់​ឱ្យស្ត្រីក្លាយជា​កម្លាំងចលករចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩  — រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បាន ផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់ អាចដល់ស្រ្តី និងក្មេងស្រី ដើម្បីឱ្យពួកគេក្លាយជាកម្លាំងចលករចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។

ក្នុងពិធីអបអរសាទរខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា គោលដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងពង្រឹងតួនាទីស្រ្តី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដែលមានលក្ខណៈទូលំទូលាយ ដោយផ្តោតលើសសរស្តម្ភពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។ ឯកឧត្តមបានបន្ដថា ក្របខ័ណ្ឌគោលនយោបាយនេះ នឹងដើរ តួនាទី​យ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពទទួលបានសេវាជំនួយសង្គម និងសន្តិសុខសង្គម ដែលជាការគិតគូរចំពោះស្រ្តី មានដូចជាទី១. កម្មការិនីសម្រាលកូនបានទទួលប្រាក់ឈ្នួល​ចំនួន១២០ភាគរយ ចំនួន៣ខែ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បាន អនុវត្តន៍កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីសម្រាលកូន ដោយផ្តល់ជូនកូនមួយនាក់​ចំនួន ៤០ម៉ឺនរៀល ចំពោះកូនភ្លោះទទួលបាន៨០ម៉ឺនរៀល និងកូនភ្លោះបីបាន១លាន​២សែន​រៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន៥លានរៀល ពីសម្តេចតេជោ ហ៊ុន សែន និង​សម្តេច កិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ផងដែរ។ ទី២. នៅពាក់កណ្តាលឆ្នាំ២០១៩ អនុវត្តន៍កម្មវិធីឧបត្ថម្ភស្រ្តី មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រដែលមាន ៣ដំណាក់កាល គឺដំណាក់ កាលទី១ ឧបត្ថម្ភ៤លើក ក្នុង១លើក ៤ម៉ឺនរៀល នៅពេលស្រ្តីមានផ្ទៃពោះទៅទទួលយក សេវាពិនិត្យផ្ទៃពោះ នៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ, ដំណាក់កាលទី២ ឧបត្ថម្ភ២០ម៉ឺនរៀល នៅពេលស្រ្តីសម្រាលកូននៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ និងដំណាក់កាលទី៣ ឧបត្ថម្ភ ១០លើក ក្នុង១លើក ៤ម៉ឺនរៀល នៅពេលស្រ្តីជាម្តាយនាំទារកទៅទទួលថ្នាំបង្ការ ឬសេវា គាំពាររហូត​ដល់កុមារមានអាយុ២ឆ្នាំ។ ទី៣. ការអនុញ្ញាតឱ្យកម្មការិនីជាស្រ្តីដែលមានផ្ទៃពោះ ចេញមុនម៉ោងយ៉ាងតិច១៥នាទី។ លើសពីនេះទៀត គ្រប់រោងចក្រទាំងអស់ត្រូវរៀបចំបន្ទប់ បំបៅកូនសម្រាប់កម្មការិនី ដែលមានកូនអាយុក្រោម១២ខែនិងត្រូវមានទារកដ្ឋាន សម្រាប់ កម្មការិនីដែលមានកូនអាយុលើសពី១៨ខែ។ គ្រប់តំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម ត្រូវរៀបចំឱ្យមានទារកដ្ឋានមួយនៅក្នុងតំបន់របស់ខ្លួន។ ទី៤. ទន្ទឹមនឹងនេះ គ្រប់រោងចក្រ ទាំងអស់បានអនុញ្ញាតឱ្យកម្មករនិយោជិតជាស្រ្តីខ្មែរឥស្លាម អាចប្រើប្រាស់សម្លៀកបំពាក់ តាមបែបប្រពៃណីឥស្លាម។ ទី៥. រាជរដ្ឋាភិបាលប្រកាសផ្តល់ជូនប្រាក់ ឧបត្ថម្ភដល់ស្ត្រីជាមន្រ្តី រាជការស៊ីវិល នគរបាល និងកងកម្លាំងប្រដាប់ឤវុធ ដែលបានសម្រាលកូន ក្នុងនោះកូន មួយទទួលបាន ៨០ម៉ឺនរៀល កូនភ្លោះទទួលបាន ១លាន៦០ម៉ឺនរៀល កូនភ្លោះ៣ ទទួលបាន ២លាន៤០ម៉ឺនរៀល រួមជាមួយនឹងការឈប់សម្រាកលំហែមាតុភាព រយៈពេល៣ខែ ជាមួយ ប្រាក់បៀវត្សរ៍ ១០០ភាគរយ។

ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ទាំងអស់នេះ បានបង្ហាញច្បាស់ថា រាជរដ្ឋាភិ​បាល​តែងបានយកចិត្តទុកដាក់ខ្ពស់ចំញេះស្ត្រី ដោយពីមួយឆ្នាំទៅមួយឆ្នាំ ស្ត្រីតែងទទួលបាន​នូវផលប្រយោជន៍ផ្ទាល់ខ្លួនច្រើន និងកាត់បន្ថយបន្ទុកគ្រួសារកាន់តែច្រើន ដែលជាការលើក​កម្ពស់ដល់សមភាពយេនឌ័រកាន់តែប្រសើរឡើង នៅគ្រប់វិស័យនៅកម្ពុជា។

ជាមួយគ្នានេះ ជាលទ្ធផល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជា​សេនាធិការរបស់រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់។  បើពិនិត្យ មើល​ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ ក្រសួងមានរដ្ឋលេខាធិការ ជាស្រ្តីមួយរូប អនុរដ្ឋលេខាធិការ៣រូបជាស្រ្តី និងមានថ្នាក់ដឹកនាំជាស្រ្តីជាច្រើនទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃទាំង​ឡាយ របស់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៅក្នុងក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ហើយជោគ ជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលមិនអាចកាត់ផ្តាច់បានពីការប្តេជ្ញាចិត្តចូលរួមសហការ និង សាមគ្គី ឯកភាពគ្នាជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំង នារី និងបុរស ក្នុងការគ្រប់គ្រងរាល់សភាពការណ៍ និងពុះពារកសាងនូវបរិយាកាសវិជ្ជមាន និងល្អ ប្រសើរសម្រាប់ធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមបានជំរុញដល់បុរសៗ សូមបន្តយកចិត្តទុកដាក់ចំពោះ​ស្ត្រី ស្របតាមពាក្យ​ស្លោកខ្មែរយើងដែលបានលើកឡើងថា “សំណាបយោងដី-ស្រីយោង ប្រុស”  ជាពិសេសសូម​កុំមានការរើសអើងការងាររវាងស្ត្រី និងបុរស ទាំងការងារក្នុងផ្ទះ និង ក្រៅផ្ទះ គឺសុទ្ធសឹងតែ​មានតម្លៃស្មើគ្នា។

សូមបញ្ជាក់ថា ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ត្រូវបានប្រារព្ធឡើងជារៀង រាល់ឆ្នាំ ដើម្បីរម្លឹកអំពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យ មាន​ការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តី​នៅក្នុងសង្គម។ ដោយឡែក នៅកម្ពុជា ទិវាអន្តរជាតិនារី ៨មីនា ក្នុងឆ្នាំ២០១៩នេះ ត្រូវបាន​ធ្វើឡើងក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ ធនធានមនុស្ស៕

ដោយ ប៊ុនរិទ្ធ