ក្រសួងព័ត៌មាន ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន បន្តចែករំលែកចំណេះដឹងនៃការបង្កជំងឺអេដស៍

AKP ភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩​  — ក្រសួងព័ត៌មានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន បន្តផ្សព្វផ្សាយពី ចំណេះ ដឹងនៃការការពារ ទប់ស្កាត់ និងបង្កជំងឺអេដស៍បន្ថែម ដើម្បីកម្ពុជាឈានទៅបញ្ចប់បញ្ហា មេរោគអេដស៍នៅឆ្នាំ២០២៥។

ថ្លែងក្នុងសិក្ខាសាលាស្តីពី ការពិនិត្យស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍ នៅទីស្តី ការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួង ព័ត៌មាន និងជាប្រធាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ក្រសួងព័ត៌មាន បានមាន ប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋ មានការយល់ដឹងច្រើនពី បញ្ហាជំងឺអេដស៍ក្នុងប្រទេស កម្ពុជា ក្រោយមានការសហការពីអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងជំងឺអេដស៍ និងក្រសួងពាក់ព័ន្ធ រួមគ្នាជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយ អប់រំពីចំណេះដឹងទាក់ទងនឹងជំងឺអេដស៍ នេះ តាមសិក្ខាសាលា និងក្នុងពិធីបុណ្យជាតិមួយ ចំនួនផងដែរ ដូចជាបុណ្យអុំទូកជាដើម។

ឯកឧត្តមបន្តថា ដើម្បីឈានទៅសម្រេចនូវគោលដៅរួមបញ្ចប់បញ្ហាជំងឺអេដស៍នេះ ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមជួយផ្ញើជា សារ គោលការណ៍បច្ចេកទេស ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានដាក់ចេញ ដើម្បីធ្វើយ៉ាងណាបញ្ជ្រាបការយល់ដឹង ពីអហិភ័យ និងគ្រោះថ្នាក់ នៃជំងឺអេដស៍ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តក្រុង ក្នុងប្រទេសកម្ពុជា ឱ្យទទួលបាននូវចំណេះដឹងនេះ ទូលំទូលាយ នឹងចូលរួមទប់ស្កាត់ទាំងអស់គ្នា។

លោក ថុល ងនថៃ អនុប្រធាននាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស របស់អគ្គ នាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន ដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានលើកឡើងថា កន្លងមកអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា តែងតែបានចូលរួមផ្សព្វផ្សាយ ពីអហិភ័យ និងគ្រោះថ្នាក់នៃជំងឺអេដស៍ ក៏ដូចជាវិធីបង្កផ្សេងៗពាក់ព័ន្ធនឹងជំងឺនេះ ដល់សាធារណជន តាមរយៈការបង្កើតជាកម្មវិធីអប់រំផ្សេងៗ និងការផ្សព្វផ្សាយជាព័ត៌ មានផងដែរ។

លោកបន្តថា លោកបានមើលឃើញថា ប្រជាពលរដ្ឋ មានការយល់ដឹងបានច្រើន ទាក់ទងនឹងបញ្ហានេះ ដោយពួកគាត់លែងមានភាពអៀនខ្មាសក្នុងការចូលរួមបញ្ចេញមតិ ជុំវិញរឿងនេះ។ គួររម្លឹកដែរថា កាលពីចុងឆ្នាំ ២០១៨នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំនូវកិច្ច អង្គប្រជុំលើក២ ដោយបានពិនិត្យពិភាក្សាលើសមិទ្ធផល ស្ថានភាពរាលដាលមេរោគអេដស៍ ឧបសគ្គ ឱកាស ស្ថានភាពហិរញ្ញប្បទាន គោលនយោបាយ និងគោលដៅយុទ្ធសាស្រ្តពិភពលោក ព្រមទាំងគោលដៅ និងការតាំងចិត្តជាយុទ្ធសាស្រ្តជាតិ ដើម្បីប្តេជ្ញាបន្តនូវឆន្ទៈរួមគ្នា ក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៍ឱ្យបានជោគជ័យ តាមរយៈការធ្វើឱ្យ សម្រេចនូវគោលនយោបាយសូន្យបី(សូន្យនៃការឆ្លងមេរោគអេដស៍ថ្មី សូន្យនៃការមាក់ងាយ និងរើសអើង និងសូន្យនៃការស្លាប់ដោយសារជំងឺអេដស៍) និងគោលដៅយុទ្ធសាស្ត្រ ៩៥ ៩៥ ៩៥ នៅឆ្នាំ២០២៥ (៩៥ភាគរយ នៃអ្នកដែលផ្ទុកមេរោគអេដស៍ទាំងអស់ បានដឹងពីស្ថានភាព ផ្ទុកមេរោគអេដស៍ពួកគេ ៩៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានធ្វើរោគវិនិច្ឆ័យហើយ បានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ជាប់ជាប្រចាំ និង៩៥ភាគរយ នៃអ្នកទាំងអស់ ដែលទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ទទួលបាន ប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួនដែលលែងជាគ្រោះគំរាមកំហែងដល់អ្នកផ្ទុកមេរោគអេដស៍)៕

ដោយ ម៉ៅ ចរិយា