ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា រោងចក្រ សហគ្រាស និងឃ្លាំងស្តុកទំនិញ ដែលមានស្រាប់ មិនតម្រូវឱ្យធ្វើការផ្លាស់ប្ដូរទេ តែរោងចក្រថ្មីត្រូវរកទីតាំងនៅជាយក្រុង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រោងចក្រ សហគ្រាស និងឃ្លាំងស្តុកទំនិញដែលបម្រើឱ្យវិស័យកាត់ដេរទាំងអស់ក្នុងរាជធានីភ្នំពេញ មិនមានធ្វើការ ផ្លាស់ប្ដូរទេ តែបើរោងចក្របើកថ្មី សហគ្រាស ឃ្លាំងស្ដុកទំនិញធំៗតម្រូវឱ្យទៅនៅ ជាយក្រុង។ ឯកឧត្ដមបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយតំណាងសហគ្រាស រោងចក្រ និងឃ្លាំងស្ដុកទំនិញកាលពីរសៀលថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានវិធានការ ឱ្យរើរោងចក្រ សហគ្រាស ឬឃ្លាំងស្តុកទំនិញដែលមានស្រាប់ ទៅរកទីតាំងជាយក្រុងឡើយ ដោយត្រូវបន្តសង្វាក់ផលិតកម្មនៅលើទីតាំងបច្ចុប្បន្ននេះជារៀងរហូត។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានសំណូមពរដល់ សមាគមរោងចក្រកាត់ ដេរនៅកម្ពុជា (GMAC) ឱ្យជួយចលនាដល់វិនិយោគិន ដែលមានបំណងបង្កើតរោងចក្រថ្មី ទៅសាងសង់នៅតំបន់ជាយក្រុង ឬនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ដើម្បីចូលរួមកាត់ បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

បន្ទាប់មក ភាគីទាំងពីរបានឯកភាពគ្នានូវចំណុចមួយចំនួនដូចជា៖ ១. បង្កើតក្រុម ការងាររួមមួយ ដែលមានសមាសភាពខាង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា ដើម្បីប្រជុំកំណត់ប្រភេទ និងទំហំរថយន្តដឹក ទំនិញធុនធ្ងន់ចេញ-ចូលរាជធានីភ្នំពេញ តម្រាយផ្លូវហាមឃាត់ និងកំណត់ពេលវេលា ម៉ោងចេញ-ចូល សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។ ២. ក្រុមការងារ រួមនេះ នឹងធ្វើការប្រជុំរៀងរាល់មួយខែម្តង ឬបីខែម្តងតាមការចាំបាច់ ដើម្បីពិភាក្សារក ដំណោះស្រាយ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ និងដោះស្រាយ បញ្ហាកង្វល់របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ៣. ចំពោះការ សាងសង់រោងចក្រ ដែលមានក្រឡាផ្ទៃក្រោម៣,០០០ ម៉ែត្រក្រឡា(បីពាន់ម៉ែត្រការ៉េ) រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយសម្រួលបែបបទ តាមសេវាច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី ភ្នំពេញ សំដៅជួយកាត់បន្ថយពេលវេលា ដើម្បីឆាប់បានដំណើរការសាងសង់៕

ដោយ សួស សំរិត