រដ្ឋបាលខេត្តព្រះសីហនុ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩​​ — នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បើកសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។


ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកសន្និបាតថា រដ្ឋបាល ខេត្តសម្រេចបាននូវសមិទ្ធផលនានាក្នុងឆ្នាំ២០១៨ ឆ្លុះបញ្ចាំងអំពីស្នាដៃ និងលទ្ធផលល្អ ប្រសើររបស់រដ្ឋបាលខេត្តដែលកើតចេញពីចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍ខេត្តលើការ ខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គដោយឥតរាថយ ការគាំទ្រយ៉ាងពេញទំហឹង និងចូលរួម យ៉ាងសកម្ម ព្រមទាំងភាពជាម្ចាស់ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់ លំដាប់ថ្នាក់របស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តផែនការរបស់ខេត្ត និងលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

ឯកឧត្តមបន្តថា ដោយឈរលើគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យមានជាអាទិ៍ ប្រព័ន្ធផ្លូវថ្នល់ ផ្លូវប្របឆ្នេរសមុទ្រ ប្រព័ន្ធលូ សួនច្បារ ឆ្នេរសមុទ្រ និងប្រព័ន្ធការពារបរិស្ថាន ដោះស្រាយទំនាស់បានជាបន្តបន្ទាប់។ ពង្រីកការអភិវឌ្ឍកំពង់ផែសមុទ្រ ព្រលានយន្ត ហោះអន្តរជាតិខេត្តព្រះសីហនុ (កងកេង) ជំរុញការងារវិនិយោគក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។ សមិទ្ធផលទាំងនេះបានធ្វើឱ្យជីវភាព រស់នៅរបស់ប្រជាពល រដ្ឋមានកម្រិតខ្ពស់ ៣០ភាគរយ មធ្យម ៥៥ភាគរយ និងទាប ១៥ភាគរយ បង្កើនអត្រាកំណើនសេដ្ឋកិច្ច ៨.៧ភាគរយ ធ្វើ ឱ្យអត្រាភាពក្រីក្រថយ ចុះមកនៅត្រឹម ១០,៧២ ភាគរយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងឆ្នាំ២០១៨ រដ្ឋបាលខេត្តបានថែទាំផ្លូវជាតិ ផ្លូវខេត្តចំនួន ៥ខ្សែ ក្នុងនោះផ្លូវក្រាលកៅស៊ូប្រភេទ AC ប្រវែង ៦៤.១៤គីឡូ ម៉ែត្រ ផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៨០.៧៧៥ គីឡូម៉ែត្រ ស្ពានបេតុង ១.៦៩៦ម៉ែត្រ និងលូគ្រប់ប្រភេទ ២.៩៤៥ម៉ែត្រ។ ជួសជុលផ្លូវបន្ទាន់ ផ្លូវក្រាលកៅស៊ូ AC ប្រវែង ៤៨០ម៉ែត្រ ផ្លូវក្រាលកៅស៊ូ DBST ១.៨៦០ម៉ែត្រ និងផ្លូវក្រាលបេតុង ៣១១ម៉ែត្រ សាងសង់ថ្មី ផ្លូវក្រាលបេតុង ១.០០០ម៉ែត្រ។

ឯកឧត្តម យន្ត មីន បន្តថា ទន្ទឹមនឹងការរីកចម្រើន ក៏មានបញ្ហាប្រឈមមួយចំនួន ដែលយើងទាំងអស់គ្នាត្រូវចាត់វិធានការអនុវត្តបន្តឱ្យទទួលបានជោគជ័យក្នុងឆ្នាំ២០១៩។ គោលដៅអាទិភាពក្នុងឆ្នាំ២០១៩ បន្តអនុវត្តន៍គោលនយោបាយ និងលិខិតបទដ្ឋាន គតិយុត្តរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃឱ្យទទួលបានជោគជ័យ៕

ដោយ ងូ សុមុនី