​រដ្ឋមន្រ្ដីការបរទេសកម្ពុជារម្លឹក​សាជាថ្មី​អំពី​​ការ​ប្តេជ្ញាចិត្ត​​របស់រាជរដ្ឋាភិបាល​​​កម្ពុជា ​ក្នុង​ការ​ជំរុញ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩​ — រដ្ឋមន្ត្រីការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិកម្ពុជា បាន​ថ្លែងទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិ មនុស្ស​អង្គការសហប្រជាជាតិដោយបាន​រម្លឹក​សាជាថ្មី​អំពី​​ការ​ប្តេជ្ញាចិត្ត​ជាបន្ត​របស់រាជរដ្ឋាភិ បាល​​​កម្ពុជា ​ក្នុង​ការ​ជំរុញ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ស្របពេលជាមួយ​នឹង​ការ​​គូស​បញ្ជាក់អំពី​ទស្សនៈ​ផ្ទុយ​គ្នា​ពីរក្នុងការលើកឡើង​ពីមជ្ឈដ្ឋាន​ខាង​ក្រៅ​​អំពីកម្ពុជា។

ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិកម្ពុជានេះ ធ្វើឡើង ខណៈពេលបាន​ដឹកនាំគណៈប្រតិភូ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ជាន់ខ្ពស់​លើក​ទី ៤០ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី ២៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ថ្លែងដោយ​បាន​រំលេច​នូវ​សមិទ្ធផល​ និងបញ្ហា​ប្រឈមនានា​ នៅក្នុង​​ការ​អភិវឌ្ឍ សេដ្ឋកិច្ច-សង្គម លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​របស់កម្ពុជា។ ទន្ទឹម​គ្នា​នឹងការ​ផ្តល់​ការយក​ចិត្ត​ទុកដាក់​ទៅលើ​​​សារៈសំខាន់​ក្នុង​ការ​ការពារ​សន្តិភាព​ដែល​រក​បាន​ដោយ​លំបាក​​ដែលមានតម្លៃធំធេងបំផុតចំពោះប្រជាជន។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ក៏បាន​រំលេច​ពីការ​ចូលរួមដ៏សកម្មរបស់រាជរដ្ឋាភិបាល​ នៅ​ក្នុង​ប្រតិបត្តិការរក្សាសន្តិភាព​ អង្គការសហប្រជាជាតិ ក្នុងគោលបំណង​លើកស្ទួយសន្តិភាព និងការអភិវឌ្ឍនៅ​ប្រទេសនានា​លើសកលលោក​។

ក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​ជាន់ខ្ពស់​នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​​ បាន​ជួប​ជាមួយ​នឹង​
លោក​ជំទាវ អារ៉ាន់ឆា ហ្កុនហ្សាឡេ នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ ​ឯកឧត្តម គីយ៉ូតូ ស៊ូយិ​ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន​ និងឯកឧត្តម យូ ជានហួ ឯកអគ្គរដ្ឋទូត ចិនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​អំពី​បច្ចុប្បន្នភាព​នៃលទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​របស់កម្ពុជា ដោយ​ផ្តោត​សំខាន់​ទៅ​លើ​កិច្ច​ខិតខំ​ប្រឹ​ង​ប្រែង​ប្រកបដោយ​សង្គតិ​ភាព​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​បង្កើន​លំហ​ប្រជាធិបតេយ្យ និង​នយោបាយ សំដៅ​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​ប្រកបដោយ​សន្តិភាព​។

ក្នុង​ជំនួប​ជាមួយ​នឹង​លោក​ជំទាវ ហ្កុនហ្សាឡេ ភាគីទាំងពីរ​បាន​​ផ្លាស់ប្តូរយោបល់គ្នា​​អំពី​ការ​ជំរុញ​ការ​ពង្រឹង​​សមត្ថភាព​ស្ថាប័ន​របស់​កម្ពុជា ក្នុង​ការលើកស្ទួយ​​ការទូត​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍។​ លោកជំទាវ​បាន​ធានា​អះអាង​អំពីការ​គាំទ្រ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិទៅ​លើ​កិច្ច​ខិតខំប្រឹងប្រែង​របស់​កម្ពុជា​ និង​ប្តេជ្ញា​ផ្តល់​​ជំនួយ​បច្ចេក​ទេស​ដល់​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ ដើម្បីកសាង​សមត្ថភាព​ដល់​អ្នក​ការទូត​កម្ពុជា។​

ក្នុង​​កិច្ច​ពិភាក្សា​ជាមួយ​ឯកឧត្តម ស៊ូយិ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន បាន​សម្ដែង​នូវអំណរគុណ​ចំពោះ​តួនាទីរបស់ជប៉ុន​ក្នុង​កា​រ​គាំទ្រ​ការ​អភិវឌ្ឍប្រកប​ដោយ​សន្តិភាព​នៃលទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានបន្ដថា ការ​គាំទ្រ​​ដោយ​លក្ខណៈស្ថាបនា​របស់ជប៉ុន តាមរយៈ​ការ​ផ្តល់​​ដល់​អ្នក​នយោបាយ​វ័យ​ក្មេង​របស់កម្ពុជា​​មក​ពីគណបក្ស​នយោបាយ​ផ្សេង​គ្នា ឱ្យ​មាន​ឱកាស​សិក្សារួម​គ្នា​អំពីលទ្ធិប្រជាធិបតេយ្យ​នៅ​ជប៉ុន បានទទួល​ការ​​ស្វាគមន៍​ដោយ​ស្មោះពី​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​។ ឯកឧត្តម ស៊ូយិ ក៏បាន​គូស​បញ្ជាក់​អំពី​ការ​គាំទ្រ​ជាបន្ត​របស់ជប៉ុន​ទៅលើ​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​របស់កម្ពុជា ក្នុង​វិស័យ​នានាជាច្រើន​។

ក្នុងជំនួប​ជាមួយ​នឹងឯកឧត្តម យូ ជានហួ ភាគីទាំងពីរ​បាន​គូស​បញ្ជាក់​អំពី​កិច្ច​សហ ប្រតិបត្តិការ​ល្អ​ទ្វេភាគី និង​ពហុភាគីដែល​មាន​ស្រាប់​រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ យោង​លើ​ទំនាក់ទំនង​មិត្ត​ភាព​ដ៏រឹងមាំ​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​  ប្រទេសទាំងពីរ​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ទៅវិញទៅមក​លើ​បញ្ហា​តំបន់ និង​សកល នៅលើ​វេទិកា និង​ក្របខ័ណ្ឌអន្តរជាតិ៕

ដោយ អ៊ុន រិទ្ធី