ប្រធានាធិបតីកូរ៉េខាងត្បូង នឹងប្រឹក្សាគ្នាជាមួយលោក ត្រាំ ស្តីពីកិច្ចប្រជុំកំពូល គីម- ​ត្រាំ លើកទី២

AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ — វិមាន Blue House  ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា  ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា – អ៊ីន ( Moon Jae –in  )  នឹងធ្វើការប្រឹក្សាគ្នាជាមួយប្រធានាធិបតីអាម៉េរិក លោក    ដូណាល់ ត្រាំ ( Donald Trunp  ) នៅក្នុងអនាគតឆាប់ៗនេះស្តីពីកិច្ចប្រជុំកំពូលលើកទី២ រវាងកូរ៉េខាងជើង និង ស.រ.អា​ ។

លោក Kim Eui-Keum  អ្នកនាំពាក្យ Blue House បានប្រាប់សន្និសីទសារព័ត៌មានមួយថា មេដឹកនាំ កូរ៉េខាងត្បូង និង ស.រ.អា នឹងធ្វើការពិភាក្សាគ្នាស្តីពីកិច្ចប្រជុំកំពូលកូរ៉េខាងជើង  –  ស.រ.អា លើកទី២ ក្នុង អនាគតឆាប់ៗនេះ ដោយនិយាយថា គម្រោងពិតប្រាកដនឹងត្រូវគេប្រកាសជាសាធារណៈឆាប់ៗនេះ នៅ ពេលដែលការរៀបចំត្រូវបានគេធ្វើឡើង​ ។

គេរាយការណ៍ថា លោក មូន និង លោក ត្រាំ នឹងធ្វើការសន្ទនាគ្នាតាមទូរស័ព្ទមួយ ក្នុងពេលឆាប់ៗនេះ ។ ការសន្ទនាគ្នា មូន – ត្រាំ នឹងធ្វើឡើងបន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (  Kim Jong Un  ) នឹងលោក ត្រាំ បានព្រមព្រៀងជួបគ្នាម្តងទៀតនៅចុងខែនេះ ក្នុងក្រុងហាណូយប្រទេសវៀតណាម ។ លោក គីម និងលោក ត្រាំ បានធ្វើកិច្ចប្រជុំកំពូលរបស់ខ្លួននៅសិង្ហបុរី កាលពីក្នុងខែមិថុនា ឆ្នាំ កន្លងទៅ​ ។

លោក Stephen    Biegun  តំណាងពិសេសអាម៉េរិកសម្រាប់កិច្ចការកូរ៉េខាងជើង បានធ្វើទស្សនកិច្ច ក្រុងព្យុងយ៉ាងកាលពីដើមសប្តាហ៍នេះ ដើម្បីប្រឹក្សាគ្នាជាមួយសមភាគីកូរ៉េខាងជើង  ស្តីពីកិច្ចប្រជុំកំពូល គីម  –  ត្រាំ លើកទី២ ដែលបានគ្រោងទុក ។

អ្នកនាំពាក្យ Blue House  បាននិយាយថា លោក បានឮថា ក្រុងព្យុងយ៉ាង និង ក្រុងវ៉ាស៊ីងតោន បានព្រមព្រៀងគ្នាបន្តកិច្ចចរចានៅឯប្រទេសទី៣មួយក្នុងអាស៊ីក្នុងសប្តាហ៍ដែលចាប់ផ្តើមនៅថ្ងៃទី១៧ ខែកុម្ភៈ។

អ្នកនាំពាក្យនោះបាននិយាយបន្ថែមថា  រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក កាង ក្យុង –  វ៉ា ( Kang Kyung -Wha ) និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉ែវ ( Mike Pompeo  ) នឹងធ្វើកិច្ចចរចា ក្នុងពេលឆាប់ៗនេះ ដោយឡែកលោក ជុង អឺយ – យ៉ុង ទីប្រឹក្សាសន្តិសុខជាតិកំពូល Blue House   នឹងធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាយ៉ាងជិតស្និទ្ធជាមួយទីប្រឹក្សាសន្តិសុខជាតិ សេតវិមានលោក ជន បូលតុន  ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )