លោកជំទាវ ស៊ុន សាភឿន អញ្ជើញចែកវិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តដល់សិស្សនិស្សិតសមាគមអនាគតខ្ញុំ នៅស្រុកឆ្លូង

AKP ក្រចេះ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ -លោកជំទាវ ស៊ុន សាភឿន តំណាងរាស្រ្តមណ្ឌលក្រចេះបានអញ្ជើញ​ចែកវិញ្ញាបនបត្រនិងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិសិ្សតនៃសមាគមអនាគតខ្ញុំចំនួន ១៣០​នាក់ នៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩។

ព្រះគ្រូ ជយបដិតោ លាង សុវណ្ណ ប្រធានសមាគមអនាគតខ្ញុំ មានសង្ឃដីការឱ្យដឹងថា សមាគមនេះបង្កើតឡើងរយៈពេល២ឆ្នាំហើយ តាមប្រកាសអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ ។  ព្រះគ្រូបញ្ជាក់ថា ការបង្កើតសមាគមនេះឡើងគឺក្នុងគោលបំណង ពង្រីក និងពង្រឹងសមត្ថភាពជំនាញ ចំណេះដឹងរបស់សិស្សនិស្សិត និងភាពក្លាហានលើមុខវិជ្ជា តាំងពីថ្នាក់ក្រោមឡើងទៅ ជាពិសេសជួយកាត់បន្ថយនូវភាពខ្វះខាតក្នុងការសិក្សាលើជំនាញរបស់សិស្សនិស្សិតផងដែរ។ ព្រះគ្រូបញ្ជាក់ទៀតថា ជំនាញដែលសមាគមអនាគតខ្ញុំបានបណ្តុះបណ្តាល នោះ គឺ១-ភាសាអង់គ្លេស់, ២-កុំព្យូទ័រ, និងទី៣-សីលធម៌ក្នុងវិស័យពុទ្ធសាសនា ដែលជាគ្រឹះនៃការអប់រំផ្លូវចិត្ត ផ្លូវកាយ ការអត់ឱន អធ្យាស្រ័យ និងការផ្សព្វផ្សាយដល់អ្នកដទៃបានដឹង និងគោរពប្រតិបតិ្តតាម​ ។

លោកជំទាវ ស៊ុន សាភឿន បានកោតសរសើរដល់ព្រះគ្រូជយបដិតោ លាងសុវណ្ណ ប្រធានសមាគមអនាគតខ្ញុំ ដែលមានគំនិតផ្តួចផ្តើម បង្កើតឱ្យមាននូវសមាគមនេះឡើង ដើម្បីជួយលើកកម្ពស់ និងអភិវឌ្ឍន៍នូវធនធានមនុស្សក្នុងមូលដ្ឋាន និងសហគមន៍ លើវិស័យអប់រំ ក្នុងស្រុកឆ្លូង ក៏ដូចជាខេត្តក្រចេះផងដែរ ។ ដែលជំនាញមុខវិជ្ជាទាំងនេះ គឺសុទ្ធសឹងតែជាតម្រូវ ការរបស់សង្គមជាតិក្នុងទំនាក់ទំនងទាំងការទូត ការងារប្រចាំថ្ងៃ និងកិច្ចសហប្រតិបត្តិការជាតិ អន្តរជាតិផ្សេងៗផងដែរ ។ លោកជំទាវបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំពង្រឹង និងធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ទៅលើគុណភាពអប់រំសិក្សាស្របទៅនឹងបរិបទសង្គម ជាពិសេសការអប់រំលើបច្ចេកវិទ្យា និងវិទ្យាសាស្រ្តពិត ទៅនឹងស្តង់ដារការងារអាស៊ាន ។ លោកជំទាវតំណាងរាស្រ្ត ក៏បានធ្វើការពន្យល់និងដាស់តឿនដល់ក្មួយៗ ដែលជាទំពាំងស្នងឫស្សី ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យឆ្ពោះទៅរកភាពរីកចម្រើន ត្រូវខិតខំសិក្សារៀនសូត្រ និងសិក្សាស្រាវជ្រាវឱ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ៕

ដោយជួន សុជាតិ