ស្រុកចំនួន២ខេត្តបាត់ដំបង និងឃុំចំនួន៣នៅស្រុកចុងកាល់ និងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យកំពុងប្រឈម នឹងការខ្វះខាតទឹកប្រើប្រាស់

វិទ្យុជាតិកម្ពុជា៖ ដោយលោក ហោ សេង គ្រី

ភ្នំពេញ៖  មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកនិងឧត្តុនិយមឱ្យដឹងថា រហូតមកដល់ពេលនេះ ស្រុកចំនួន២នៅក្នុងខេត្តបាត់​ដំបងនិងឃុំចំនួន៣នៅក្នុងស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យកំពុងប្រឈម​មុខនឹងការអស់ទឹក​ប្រើ​ប្រាស់នៅក្នុងតំបន់។

ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧត្តុនិយម មានប្រសាសន៍អោយដឹង ថា គិតត្រឹមថ្ងៃទី៥ខែកុម្ភៈនេះ នៅស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង បានអស់ប្រភពទឹកសម្រាប់ប្រើប្រាស់នៅក្នុងតំបន់​របស់ខ្លួន​ហើយ។

ក្រសួងធនធានទឹកកំពុងចាត់វិធានការជួយសង្គ្រោះស្រុកទាំងពីរនេះ ដោយយកទឹកពីទំនប់  ពហុបំណង ក្នុងស្រុករតនៈ​មណ្ឌល ដែលនៅសល់ទឹកជាង១០០លានម៉ែត្រគូបនោះ បង្ហូរ តាមផ្លូវទឹកចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ទៅអោយ​ស្រុកទាំងពីរបាន​ប្រើប្រាស់។

ឯកឧត្តម បញ្ជាក់ទៀតថា៖ចំណែកឃុំ១ នៅក្នុងស្រុកចុងកាល់ និងឃុំចំនួន២ទៀត នៅក្នុងស្រុកបន្ទាយអំពិល ខេត្​តឧត្តរ​មានជ័យ ក៏កំពុងអស់ទឹកនៅក្នុងតំបន់របស់ខ្លួនដែរ។ នៅទីនោះ មន្ទីរធនធានទឹកនិងឧត្តុនិយម កំពុងពិនិត្យមើល​ទឹក​ក្រោមដី ដើម្បីប្រើប្រាស់អណ្ដូងស្នប់ ប៉ុន្តែបើគ្មានទឹកក្រោមដីទេ គឺនឹងត្រូវប្រើរថយន្តដាក់ស៊ីទែន ដឹកទឹកយក​ទៅចែកជូន​ពលរដ្ឋប្រើប្រាស់ ក្នុងរដូវប្រាំងឆ្នាំនេះ។

ក្រសួងធនធានទឹក បានឱ្យដឹងទៀតថា៖នៅរដូវប្រាំងឆ្នាំនេះ គេព្រួយបារម្ភថាខេត្តមួយចំនួន នៅតំបន់ទំនាបកណ្ដាល​ភាគពាយ័ព្យ និងតំបន់ភាគខាងជើងនៃប្រទេស មានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ជាដើម អាចនឹងគ្មានទឹកប្រើប្រាស់នៅតំបន់ខ្លះ។ ទោះជាយ៉ាងណាក្រសួងធនធានទឹកនិងឧត្តុនិយម កំពុងប្រឹងប្រែង ទាញយក​ទឹកខ្លះ ពីអាងស្ដុកនៅក្នុងស្ទឹងបវេល ទំនប់តាហែន បង្ហូរទៅស្ទឹងមង្គលបូរីនិងស្ទឹងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីស្តុកទឹកទុក ឱ្យអ្នកភូមិប្រើប្រាស់។ បើទោះបីជាក្រសួងធនធានទឹកនិងឧត្តុនិយម ព្រួយបារម្ភថាបណ្ដា​ខេត្តមួយ​ចំនួនអាចនឹងប្រឈមនិងការខ្វះទឹកប្រើប្រាស់ក៏ដោយ ក៏បញ្ហានេះ មិនបានគំរាមកំហែងដល់ស្រូវប្រាំងទេ ពីព្រោះតែ មក​ដល់ខែកុម្ភៈនេះ ការប្រមូលផលស្រូវប្រាំង បានឈានដល់ជិតរួចរាល់ទៅហើយ។

រូបតំណាង

ក្រសួងធនធានទឹក៖ធ្លាប់បានហាមមិនឲ្យកសិករធ្វើស្រែប្រាំងជាលើកទី២ ចាប់ពីអំឡុងខែកុម្ភៈតទៅ ព្រោះនឹង​ប្រឈម​មុខ​ចំពោះការខ្វះទឹកស្រោចស្រព។ ការធ្វើស្រែប្រាំងលើកទី១ នៅដើមរដូវកន្លងមកនេះ មានការប៉ះពាល់ខ្លះ ដោយសារ​ខ្វះទឹក ប៉ុន្តែតិចតួច ប្រហែលជា២%ប៉ុណ្ណោះ ក្នុងចំណោមផ្ទៃដីដែលធ្វើសរុបជាង៥៩ម៉ឺន២ពាន់ហិកតារ។

ក្រសួងធន​ធានទឹក ឱ្យដឹងថាបើទោះបីជាការប្រមូលផលស្រូវប្រាំងលើកទី១ នៅទូទាំងប្រទេស នៅមិនទាន់បាន១០០% ក៏ដោយក៏ការប្រមូលផលចុងក្រោយនៃស្រែប្រាំងនៅសល់តិចតួចណាស់៕