ប្រជាពលរដ្ឋក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានទឹកស្អាតប្រើវិញហើយនៅព្រឹកថ្ងៃទី២ កុម្ភៈ នេះ

វិទ្យុជាតិកម្ពុជា ដោយលោក ហុក សុខរិន

កោះកុង៖ មកដល់ព្រឹកថ្ងៃទី២ ខែកុម្ភៈនេះ ប្រជាពលរដ្ឋរស់នៅតាមបណ្តាភូមិ និងសង្កាត់មួយចំនួន ក្នុងក្រុងខេមរភូមិន្ទ ចាប់ផ្តើមមានទឹកស្អាតប្រើប្រាស់វិញហើយបន្ទាប់ពីគ្មានទឹកប្រើប្រាស់អស់ពេល៤ថ្ងៃមក។

អាជ្ញាធរបានបញ្ចូនទឹកទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋដូចពេលធម្មតាវិញហើយ លែងជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ។

លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សហកម្ម និងសិប្បកម្មខេត្ត កោះកុងបានឲ្យដឹងថា  មូលហេតុដែល​​ក្រុមហ៊ុនផ្គត់​​ផ្គង់ទឹក​ស្អាតនៅកោះកុងអាក់ខានបញ្ចេញទឹកទៅកាន់លំនៅដ្ឋានរបស់ពលរដ្ឋ និងមន្រ្តីរាជការអស់ពេល៤ថ្ងៃមកនេះ ក៏ព្រោះ​តែបំពង់ទុយោមេបញ្ចូនទឹកឆេះធ្លុះធ្លាយ​ដែលបង្កឡើងដោយភ្លើងឆេះ​ព្រៃចំណុច​ស្ពាន​ផ្លូវបំបែកអូរស្រីស្រណោះ បណ្តោយផ្លូវជាតិលេខ៤៨។

ដោយឡែកសម្រាប់ទឹកសម្រាប់បំរើដល់វិស័យកសិកម្មវិញ លោក ប្រធានមន្ទីរឧស្សហកម្ម និងសិប្បកម្មបាន អះអាងថា បរិមាណទឹកជាង៥ពាន់ម៉ែត្រគីបដែល​ស្តុបទុកក្នុងអាង បច្ចុប្បន្ន គឺមានគ្រប់គ្រាន់សម្រា​ប់បំពេញតម្រូវការ​ជូនពល​រដ្ឋនា​រដូវ​ប្រាំងនេះ។

ក្រៅពីមានវិធានការដោះស្រាយបញ្ហាខ្វះទឹកប្រើ អាជ្ញាធរ និងក្រុមហ៊ុន ក៏បន្តស្វែងរកប្រភពទឹកស្អាតបន្ថែមទៀតផងដែរ ដើម្បី​ទំនុកបម្រុងសម្រាប់ប្រើប្រាស់នៅខែមីនា និងខែមេសាខាងមុខនេះ ដោយក្រុមហ៊ុនតភ្ជាប់ប្រភពទឹកសាបមួយ​នៅក្បែ​រអតីតព្រលានយន្តហោះ ដែលមានបរិមាណទឹកប្រមាណ៨ម៉ឺនម៉ែត្រគីប៕