ADB ប្រកាសបន្តជួយលើការងារធារាសាស្រ្តនៅកម្ពុជាដើម្បីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយលោក ជួន បូណា

ភ្នំពេញ៖តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ប្រចាំកម្ពុជាប្រកាសជំហរប្រកាសបន្តជួយលើការងារធា​រាសាស្រ្ត​​នៅកម្ពុជាបន្ថែមទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិឲ្យមានសន្ទុះទៅមុខជានិច្ច។

លោកជំទាវ Sunniya Durrani-Jamal ប្រធានស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជាមានប្រសាសន៍ថាADB នឹងអនុវត្តន៍យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា២០១៩-២០២៣ ដោយផ្តោតការយកចិត្តទុកដាក់​ជាពិសេស​លើសន្តិសុខទឹក ការធ្វើឲ្យប្រសើរប្រសិទ្ធភាពផ្នែកធារាសាស្រ្ត ការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត ការគ្រប់គ្រងធន​ធានទឹក​​ចម្រុះសម្រាប់អាងទន្លេនិងការពង្រឹងស្ថាប័នជាដើម។

ក្នុងជំនួបជាមួយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងធនធានទឹកលោកស្រីបញ្ជាក់ថា  គម្រោងសំខាន់ចំនួន ២ គឺគម្រោង​ធ្វើ​​ឲ្យ​ប្រសើរធារាសាស្ត្រកសិកម្ម និងគម្រោងកញ្ចីហិរញ្ញប្បទានច្រើនយ៉ាងស្តីពី​ធារាសាស្រ្ត​និងការ​គ្រប់គ្រង​ធនធានទឹក ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ៣៨០លានដុល្លារ ដែលត្រូវអនុវត្តន៍ក្នុងឆ្នាំ២០១៩នេះ។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួម​ចំណែកប្រកបដោយប្រសិទ្ធភាពរបស់ ADB ដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច សង្គមនៃកម្ពុជា រហូតមក​ដល់​ពេលនេះ។ សម្រាប់វិស័យធនធានទឹក និងឧតុនិយម ADB បានរួមចំណែកជួយលើការពង្រឹង និងអភិវឌ្ឍស្ថាប័ន ការ​កសាង​សមត្ថភាព ការរៀបចំគោលនយោបាយនិងបទដ្ឋានគតិយុត្តិ ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹក ដូចជាផ្នែកធា​រាសាស្រ្ត​ជាដើម៕