មន្ត្រីជំនាញពិនិត្យលទ្ធផលការអនុវត្តគម្រោងសាកល្បងការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកសហគមន៍

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត
ភ្នំពេញ ៖មន្ត្រីជំនាញពាក់ព័ន្ធនៅព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ បានជួបប្រជុំពិនិត្យលទ្ធផលការអនុវត្តគម្រោងសាកល្បងការ​ងារ​ព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកសហគមន៍ នៅសង្កាត់ច្បារអំពៅ១ ច្បារអំពៅ២ នៃខណ្ឌច្បារអំពៅ ខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៩។

លោក ថេង សុថុល អភិបាលរង តំណាងប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខណ្ឌច្បារអំពៅ បានមាន​ប្រសាសន៍ថា បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលតម្រូវឲ្យយេីងទាំងអស់​គ្នាត្រូវតែរួមគ្នាដោះស្រាយ ដោយបង្កេីនការងារផ្សព្វផ្សាយ និងជម្រុញអ្នកញៀនគ្រឿងញៀន​ហ៊ានចេញ​មកយកសេវាព្យាបាល នៅតាមមន្ទីរ​ពេទ្យបង្អែក និងមណ្ឌលសុខភាពនៅក្នុងសហគមន៍របស់យេីង។

លោក វេជ្ជបណ្ឌិត ស៊ិន អ៊ាប តំណាងវិស័យសុខាភិបាល បានមានប្រសាសន៍ថា ការងារព្យាបាលអ្នកញៀនគ្រឿងញៀន​​ត្រូវការចាំបាច់ការចូលរួមពីគ្រប់សមាសភាពទាំងអស់ក្នុងសហគមន៍បញ្ចុះបញ្ចូលអ្នកញៀនគ្រឿងញុៀន និងអាណាព្យា​បាលឲ្យគាត់ជឿជាក់ព្រមសហការបញ្ជូនអ្នកញៀនមកទទួលយកសេវា ។

លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ដោយថ្លែងអំណរគុណដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងសង្កាត់ទាំងពីរច្បារអំពៅ១ ច្បារអំពៅ២ ដែលបានខិតខំបំពេញការងារបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលសេវាព្យា​​បាលនៅមន្ទីរពេទ្យ​បង្អែកសម្រេចតាមផែនការ និងសូមបន្តការខិតខំរួមគ្នាដេីរឆ្ពោះទៅគោលដៅរបស់យេីងទាំងអស់គ្នា “រួមគ្នាព្យាបាលអ្នក​ញៀន​គ្រឿងញៀន” ភាពញៀនគ្រឿងញៀនមិនមែនជាបទឧក្រឹដ្ឋ តែជាជំងឺខួរក្បាលអាចព្យាបាលបាន៕