ក្រសួងទេសចរណ៍គ្រោងដាក់ទីក្រុងខេសៀមរាបជាទីក្រុងគ្មានផ្សែងបារីនៅចុងឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា៖ ដោយចេម ហួត
ភ្នំពេញ៖ ក្រសួងទេសចរណ៍គ្រោងដាក់ទីក្រុងសៀមរាបជាទីក្រុងគ្មានផ្សែងបារីនៅចុងឆ្នាំ២០១៩ខាងមុខនេះដើម្បីលើកកម្ពស់សុខភាពសាធារណៈ ថែរក្សាបរិស្ថានល្អ និងទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើន។
ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាការធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា មុនឹងដាក់ឲ្យទីក្រុងសៀមរាបគ្មានផ្សែងបារីនៅពេលខាងមុខមន្ត្រីជំនាញនិងអង្កការដៃគូនានាបានចុះផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ , សេចក្តីណែនាំស្តីពី បរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងក្រុងសៀមរបឲ្យបានយល់ពីបញ្ហាគ្រោះថ្នាក់ពីក្រោះថ្នាក់ នៃការប្រើប្រាស់ថ្នាំជក់។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់លទ្ធផលនៃការអង្កេតវាយតម្លៃលើកទី២ស្តីពី បរិស្ថានគ្មានផ្សែងបារីក្រុងសៀមរាប នាព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមបញ្ជាក់ថា ការប្រកាសដាក់ខេត្តសៀមរាបជាទីក្រុងសៀមនេះ មិនមានន័យថាគ្រប់ទីកន្លែង នៃក្រុងសៀមរាបមិនអាចជក់បារីបាននោះទេ ពោលគឺហាមតែកន្លែងសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាសក់ តំបន់ទេសចរណ៍ កន្លែងកំសាន្តសប្បាយ កន្លែងធ្វើការទាំងរដ្ឋ និងឯកជនប៉ុណ្ណោះ។ដូច្នេះប្រជាពលរដ្ឋកុំមានការយល់ច្រឡំ។
ច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់បានកំណត់ថា មូលដ្ឋានអាជីកម្មទេសចរណ៍ទាំងអស់លែងឲ្យរៀបចំឲ្យមានបន្ទប់សម្រាប់ជក់បារី ឬឧបករណ៍កោះកំទិចបារីដូចមុនទៀតហើយ លើកលែងតែនៅព្រលានយន្តហោះព្រោះ អ្នកធ្វើដំណើរ ដែលរង់ចាំមិនអាចទៅណាបានក្រៅពីកន្លែងបរិវេននោះឡើយ។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានពាវនាវឲ្យអ្នកពាក់ព័ន្ធចូលរួមអនុវត្តន៍ផែនការនេះ ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋពីការស្រួបផ្សែងបារី និងឈានទៅកាត់បន្ថយនៃការប្រើប្រាស់ថ្នាំជក់ឲ្យមកនៅកំរិតទាប។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្កការចលនាសុខភាពកម្ពុជាមានប្រសាសន៍ថា ទីក្រុងសៀមរាប គឺជាមុខមាត់របស់ប្រទេសកម្ពុជា ព្រោះជាទីក្រុងកំពុងតែមានកំណើន ភ្ញៀវទេសចយ៉ាងខ្លាំ ។ ម៉្យាងវិញទៀត ផែនការនេះ ជាផ្នែកមួយដ៏សំខាន់ថែមទៀត ក្នុងការជំរុញកំណើនភ្ញៀវទេសចរ និងការចូលរួមការអនុវត្តនូវអនុសញ្ញាអន្តរជាតិ ស្ដីពីការត្រួតពីនិត្យផលិតផលថ្នាំជក់ របស់អង្គការសុខភាពពិភពលោក ។
លោកវេជ្ជបណ្ឌិតបន្តថា ថ្នាំជក់បានបង្កឲ្យកើតជំងឺជាច្រើនប្រភេទ ដូចជា ជំងឺមហារីកសរសៃឈាម បេះដូង ជំងឺផ្លូវដង្ហើម ផ្លូវរំលាយអាហារ ជាដើម។ ហើយថ្នាំជក់ជាឃាតកលាក់មុខ វាបានបំផ្លាញសរីរាង្គ និងសម្លាប់អ្នកជក់ និងអ្នកស្រូបផ្សែងបារីយ៉ាងស្ងៀមស្ងាត់បំផុត។
យោងតាមលទ្ធផលនៃការអង្កេត កាលពីខែធ្នូ២០១៨ ក្នុងខេត្តសៀមរាប ៧៤ភាគរយ នៃភោជនីយដ្ឋាន អាហារដ្ឋាន ហាងការហ្វេ បានបិទស្លាកសញ្ញាហាមជក់បារី។ ភោជនីយដ្ឋាន អាហារដ្ឋាន ហាងការហ្វេ ដែលមិនទាន់បានបិទសញ្ញាហាមជក់បារី អាចប្រឈមនឹងការផាកពិន័យ ៥ម៉ឺនរៀល ឯអ្នកជក់បារីត្រូវផាកពិន័យ២ម៉ឺនរៀល៕