សហគមន៍ស្រូវអង្ករកម្ពុជា ត្រៀមប្រគួតប្រជែង តម្លៃស្រូវអង្ករជាមួយសហគមន៍ស្រូវអង្ករអឺរ៉ុប

វិទ្យុជាតិកម្ពុជា៖ ដោយកញ្ញាទុយ សូលីដា

ភ្នំពេញ៖ សហគមន៍ស្រូវអង្ករកម្ពុជា ត្រៀមប្រគួតប្រជែង តំម្លៃស្រូវអង្ករជាមួយសហគមន៍ស្រូវអង្ករអឺរ៉ុប បន្ទាប់ពីសហគមន៍អឺរ៉ុបសម្រេចយកពន្ធលើកការនាំចេញចូលអង្កររបស់កម្ពុជា។

លោកឧកញ៉ា ហ៊ុន ណែម អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ការយកពន្ធរបស់សហគមន៍អឺរ៉ុប គឺមិនមែនជាបញ្ហាធំដុំនោះទេ។ ប៉ុន្តែកម្ពុជាត្រូវប្រយ័ត្ន ប្រយ៉ែងទៅលើគុណភាព ការទម្លាក់ថ្លៃដើមផលិត ដើម្បីអាចប្រកួតប្រជែងជាមួយសហគមន៍ស្រូវអង្ករអឺរ៉ុបបាន ដោយសារតែទំនិញដែលនាំចេញពីកម្ពុជាទៅអឺរ៉ុប មានតម្លៃកើនឡើងបន្តិច សម្រាប់អ្នកប្រើប្រាស់នៅអឺរ៉ុប ។

លោកបន្តថា អង្ករកម្ពុជាមានវត្តមាននៅទីផ្សារអឺរ៉ុបជាយូរមកហើយ ភ្ញៀវនៅតែបន្តបញ្ជាទិញ ដោយអង្ករកម្ពុជាមានរស់ជាតិល្អ និងក្រអូប ហើយសហគមន៍ត្រូវរកទីផ្សារផ្សេងទៀត រកឱកាស និងសក្ដានុពលបន្ថែមទៀតក្នុងវិស័យឧស្សាហកម្មនេះ ។

សម្លេង៖ការយកពន្ធពេលនេះឬនៅពេលក្រោយមិនមែនជាបញ្ហាទេ សំខាន់ខ្ញុំគិតថាវាគួរតែយើងគិតរឿងថ្មី ថាកម្ពុជាអាចនាំចេញទៅកាន់ប្រទេសដែរជាមិត្តនិងដៃគួររបស់យើងទាំងប្រទេសដែលអនុញ្ញាតអោយនាំចូលរួចពន្ធ ឬ ប្រទេសដែរយកពន្ធ នេះជាចំនុចមួយដែរយើងត្រូវពង្រឹងសមត្ថភាពខ្លួនឯង បើគេអនុញ្ញាតអោយយើងនាំចេញទៅរួចពន្ធយើងចំណេញច្រើន តែបើជាប់ពន្ធយើងចំនេញតិច ហើយយើងអាចផលិតបាននេះជាចំណុចដែលយើងត្រូវពង្រឹងខ្លួនឯង ការធ្វើពិពិតកម្មសេដ្ឋកិច្ច និងការសម្រួលនីតិវិធីផ្សេងៗ សំខាន់ជាងនេះទៀតនោះគឺបង្កើនផលិតភាពផលិតរបស់យើង។
លោកឧកញ៉ា ហ៊ុន ណែម បញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបប្រមាណជាង២៧ម៉ឺនតោនក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា សហគមន៍អឺរ៉ុប បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ថា សហគមន៍មួយនេះ នឹងចាប់ផ្តើមគិតពន្ធលើការនាំចូលអង្កររបស់កម្ពុជា ដោយចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ សម្រាប់រយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូងតម្លៃពន្ធចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន ៕