អភិបាលរាជធានីភ្នំពេញ ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់គិលានដ្ឋាន ដែលជាអំណោយ​របស់​សម្តេចតេជោ ជូនកងពលតូចអន្តរាគមលេខ១២៨ ខេត្ដស្ទឹងត្រែង

AKP ស្ទឹងត្រែង ថ្ងៃទី២៧ ​ខែមករា ឆ្នាំ២០១៩ —  គិលានដ្ឋានកងពលតូចអន្តរាគមលេខ១២៨ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា​សេនា បតី​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្ដព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ត្រូវបាន​សម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ។   

ឯកឧត្ដម ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមលេខ១២៨ បានលើកឡើងពីកិច្ចសហការល្អប្រសើរជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាអង្គភាព​សម្ព័ន្ធមេត្រីនឹងគ្នាធ្វើឱ្យអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងនៅតំបន់​អូរអាល័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង​ដែលជាអង្គភាពទើបបង្កើតថ្មីមានការប្រែ មុខមាត់ ថ្មីទាំងការកសាងមូលដ្ឋានទ័ព និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចការលើកកម្ពស់ជីវភាពកងទ័ព និងគ្រួសារកងទ័ព។ ឯកឧត្ដមសេនីយ៍ទោបានឱ្យដឹងពីស្ថានភាពតាមបណ្តោយព្រំដែន ដែល​អង្គភាព១២៨ឈរជើងមានលក្ខណៈល្អប្រសើរជាមួយភាគីឡាវ និងបានរួម ចំណែកធ្វើឱ្យ​តំបន់​ព្រំដែនក្លាយជាព្រំដែនសន្តិភាព ព្រំដែនអភិវឌ្ឍន៍​និងបង្កលក្ខណៈងាយស្រួលដល់ប្រជា​ពលរដ្ឋទាំងសងខាងអាចធ្វើទំនាក់ទំនងរកគ្នាយ៉ាងល្អ។ ជាមួយគ្នានេះ គិលានដ្ឋានដែលត្រូវ​សម្ពោធជាផ្លូវការនាពេលនេះគឺជា សមិទ្ធផល និងជាសក្ខីភាពនៃការគិតគូររបស់សម្តេចតេជោ និងសម្តេចកិតិ្ដព្រឹទ្ធបណ្ឌិតជូនដល់អង្គភាពអន្តរាគមន៍លេខ១២៨ តាមរយៈរដ្ឋបាលរាជ​ធានី​ភ្នំពេញ សម្រាប់ប្រើប្រាស់ពិនិត្យព្យាបាលជំងឺជូនកងទ័ព និងប្រជាពលរដ្ឋនៅតំបន់នេះ។​

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា  ប្រទេសជាតិមួយខ្លាំង គឺខ្លាំងដោយសារកងទ័ព ហើយកងទ័ពសម័យនេះមិនខុសពីកងទ័ពសម័យមុនទេគឺក្នុងតួនាទីភារកិច្ច និងកាតព្វកិច្ច ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ការពារទឹកដី និងថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន។ ឯកឧត្តមបន្ដថា នេះជាលើកទី២ហើយដែលប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានមកសួរសុខទុក្ខកងទ័ពនៅអង្គភាព១២៨ក្រោយពីបានចង សម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញកាលពីថ្ងៃទី១៥កញ្ញា ឆ្នាំ២០១៧ ហើយក៏ស្របគ្នានឹងដំណើរសួរសុក្ខទុក្ខវីរកងទ័ពជួរមុខនៅបញ្ជាការដ្ឋាន កងពល ធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ និងវរៈនគរបាលការពារព្រំដែនលេខ ៧៩៣ ខេត្តព្រះវិហារផងដែរ។

សូមបញ្ជាក់ថា គិលានដ្ឋាននេះចាប់សាងសង់កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ មានបណ្តោយ៣០ម៉ែត្រ ទទឹង៧ម៉ែត្រមានក្លោងទ្វារ របងដែល ចំណាយថវិកាសាងសង់ ប្រមាណ៧ម៉ឺនដុល្លារអាម៉េរិកដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ៕

ដោយ សួស សំរិត