ឯកឧត្តម ទិត ចន្ថា ចូលរួមក្នុងពិធីប្រគល់ និងទទួលប័ណ្ណសមាជិក ប.ស.ស ជូនថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃក្រសួងទេសចរណ៍

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ — ក្រសួងទេសចរណ៍បានរៀបចំពិធីប្រគល់ និងទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វ ផ្សាយគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមជូនថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងទេសចរណ៍  ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទី នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ឯកឧត្តម ម៉េង ហុង នាយករងបេឡាជាតិរបបសន្ដិសុខសង្គម បានលើកឡើងពីខ្លឹមសារ ពាក់ព័ន្ធនឹងរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំ សុខភាពសម្រាប់មន្ត្រីរាជការសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។

ឯកឧត្តមរដ្ឋមន្ត្រីស្ដីទី ទិត ចន្ថា បានលើកឡើងថា  ការផ្ដល់របបសន្តិសុខសង្គមនេះ គឺជាកាយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះមន្ត្រីរាជការ ហើយក៏ជាគោលនយោបាយ ដ៏ល្អប្រសើរក្នុងការឆ្លើយតបទៅនឹងការរក្សាសុខុមាលភាព និងលើកកម្ពស់ជីវភាពរស់ នៅរបស់មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តម ទិត ចន្ថា ជឿជាក់ថា បន្ទាប់ពីទទួលបានប័ណ្ណសមាជិក ប.ស.ស នេះ មន្ត្រីរាជការ ក្រសួងទេសចរណ៍ នឹងមានភាពងាយស្រួលក្នុងការទទួលយកសេវាថែទាំ សុខភាពនៅតាម មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យជាដៃគូនានា។

ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់ សូមចូលរួមចំណែក អនុវត្តន៍ក្នុងការងារកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងបង្កើន ប្រសិទ្ធភាពការងារ និងផលិតភាពការងារសម្រាប់ឆ្នាំថ្មី ឱ្យបានកាន់តែប្រសើរជាងមុន ពិសេសត្រូវចូលរួមថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថិរ ដើម្បីបន្តការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រីស្ដីទី បានបន្តទៀតថា ដរាបណាប្រទេសជាតិមានសន្តិភាព និង មានការអភិវឌ្ឍ នោះការលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការក៏បានកាន់តែប្រសើរឡើង ជាបន្តបន្ទាប់ផងដែរ៕

ដោយ សាយ សុន (រូបថត៖ក្រសួងទេសចរណ៍)