សម្តេចតេជោ ហ៊ុន សែន ជាបិតានៃមគ្គុទេសក៍សន្តិភាពសម្រាប់កម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


អ្នកនាំពាក្យ ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាបិតាមគ្គុទេសក៍សន្តិភាព សម្រាប់កម្ពុជា ក្នុងការបង្រួមបង្រួមជាតិក្នុងដំបូលខ្មែរតែមួយ និងបាននាំឲ្យប្រទេសជាតិ និងជីវភាពប្រជាជនមានការរីកចម្រើនដូចបច្ចុប្បន្ន។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា រយៈពេល៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានតស៊ូ និងឆ្លងកាត់រាល់ឧបសគ្គ ក្នុងការបង្រួបបង្រួមជាតិ និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពទាំងស្រុង។
ថ្លែងប្រាប់ឲ្យដឹង កាលពីថ្ងៃទី១ ខែមករា ឯកឧត្តមបានបញ្ជាក់ថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានឈរលើគោលការណ៍សន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើននៃសេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ ឯកឧត្តមបន្តថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏គំរូដែលបានផ្សារភ្ជាប់ភាពជិតស្និតជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រាប់ទាំងជាមួយមន្ត្រីរាជការស៊ីវិល កសិករ និងកម្មករផងដែរ តាមរយៈការថែរក្សាសុវត្ថិភាពនៅក្នុងសង្គម ការបង្កើនប្រាក់បៀវត្សដល់មន្ត្រីរាជការស៊ីវិលនិងកម្មករកម្មការិនី ការបង្កើនសកម្មភាពពាណិជ្ជកម្មក្នុងស្រុកប្រកបដោយភាពរស់រវើក ជាដើម។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៦ ត្រូវបាន សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ានប្រគល់ពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ ដែលបង្ហាញពីការទទួលស្គាល់ជាសាកលចំពោះស្នាដៃនៃបុព្វហេតុកសាងសន្តិភាព ការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងក្រោយនយោបាយ ឈ្នះ ឈ្នះ ឆ្នាំ១៩៩៨ ដែលនាំឲ្យកម្ពុជាបានទទួលនូវសន្តិភាព រហូតមានការរីកចម្រើនមកទល់សព្វថ្ងៃ។
ក្រុមអ្នកវិភាគនយោបាយ និងសង្គមនៅក្នុងប្រទេសកម្ពុជា លើកឡើងថា ស្នាដៃ របស់សម្តេចតេជោ បានខិតខំសាងឡើងនូវសន្តិសុខជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសនយោបាយឈ្នះឈ្នះ ដែលបាននាំសុខសន្តិភាព ស្ថិរភាព ការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្ស ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃ៧មករាខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរខួប៤០ឆ្នាំ នៃការផ្តល់រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ក្នុងមីទ្ទិញមហាជនដ៏ធំមួយនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ៕