កូរ៉េខាងត្បូងស្វាគមន៍សុន្ទរកថា ឆ្នាំថ្មីរបស់មេដឹកនាំកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ — កាលពីថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានស្វាគមន៍សុន្ទរកថា ឆ្នាំថ្មីធ្វើឡើងដោយលោក គីម ជុងអ៊ុន ( Kim Jong Un ) កូរ៉េខាងជើង ។

ក្រសួងបង្រួបបង្រួមរបស់ក្រុងសេអ៊ូលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាល ស្វាគមន៍សុន្ទរកថា របស់លោក គីម ដែលនៅក្នុងសុន្ទរកថានោះ មេដឹកនាំកូរ៉េខាងជើងបានបង្ហាញនូវជំហររបស់លោកថា ប្រទេសរបស់លោកនឹងបន្តកិច្ចប្រឹងប្រែងសម្រាប់ការធ្វើឱ្យឧបទ្វីបកូរ៉េ​គ្មាននុយក្លេអ៊ែរទាំង ស្រុង , ការបង្កើតឱ្យមានសន្តិភាពអចិន្ត្រៃយ៍ ព្រមទាំងពង្រីកការអភិវឌ្ឍនៅក្នុងទំនាក់ទំនងនានា ជាមួយ កូរ៉េខាងត្បូង ។

សេចក្តីថ្លែងការណ៍បាននិយាយថា កូរ៉េខាងត្បូងបានរក្សានូវជំហររបស់ខ្លួនដែលថា ខ្លួននឹងអនុវត្តន៍ ដោយស្មោះត្រង់កិច្ចព្រមព្រៀងអន្តរកូរ៉េ ដើម្បីអភិវឌ្ឍន៍ចំណងទាក់ទងអន្តរកូរ៉េនៅក្នុងសម័យកាលជាប្រវត្តិសាស្ត្រមួយ ដោយឡែកធ្វើកិច្ចប្រឹងប្រែងដើម្បីធ្វើឱ្យឧបទ្វីបនេះ គ្មាននុយក្លេអ៊ែរទាំងស្រុង ព្រមទាំងកសាងសន្តិភាពដ៏ស្ថិតស្ថេរមួយ ។

លោក គីម បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីផ្សាយតាមទូរទស្សន៍របស់លោកថា វានឹងជាជំហរដែលគ្មានការផ្លាស់ប្តូរមួយរបស់បក្សពលករកូរ៉េ និងរដ្ឋាភិបាល​ព្រមទាំងឆន្ទៈយ៉ាងរឹងមាំរបស់លោកដើម្បី កសាងសន្តិភាពដ៏យូរអង្វែងនៅលើឧបទ្វីបនេះ នឹងដើរឆ្ពោះទៅរកការធ្វើមិនឱ្យមាននុយក្លេអ៊ែរទាំងស្រុង ។

មេដឹកនាំកូរ៉េខាងជើងបានកត់សម្គាល់ថា ប្រសិនបើ ស.រ.អា បំពានលើកិច្ចសន្យារបស់ខ្លួន ហើយស្មានខុសនូវការអត់ធ្មត់របស់ប្រជាជនកូរ៉េខាងជើង ដោយឡែកធ្វើនូវរឿងរ៉ាវមួយចំនួនដោយបង្ខំជាឯកតោភាគី ព្រមទាំងរក្សាទុកការដាក់ទណ្ឌកម្ម និងការកៀបសង្កត់នោះ ប្រទេសរបស់លោកអាចត្រូវគេបង្ខំឱ្យប្រកាន់យកនូវមាគ៌ាថ្មីមួយ ដើម្បីការពារផលប្រយោជន៍ជាតិ និងអធិបតេយ្យភាព ព្រមទាំងធ្វើឱ្យសម្រេចបាននូវសន្តិភាព និងស្ថេរភាព នៅលើឧបទ្វីបនេះ ។

លោក ​គីម បានធ្វើកិច្ចប្រជុំកំពូលចំនួនបីលើកក្នុងឆ្នាំ ២០១៨ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចា – អ៊ីន ( Moon Jae –in ) ។ លោកក៏បានក្លាយទៅជាមេដឹកនាំកូរ៉េខាងជើងលើកដំបូងផងដែរ ដែលធ្វើកិច្ចប្រជុំកំពូលមួយ ជាមួយប្រធានាធិបតីអាម៉េរិក ដែលកំពុងកាន់តំណែងមួយរូប កាលពីក្នុងខែមិថុនា ឆ្នាំ ២០១៨ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )