សម្តេចតេជោឆ្លងឆ្នាំជាមួយប្រជាពលរដ្ឋនៅវិមានឈ្នះឈ្នះបញ្ជាក់ពីសន្តិភាពនិងមហាស្និតស្នាលបំផុត

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកស្រី សន សាវិន
ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាបានចាត់ទុកវត្តមានរបស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងព្រឹត្តិការណ៍អញ្ចើញចូលរួមឆ្លងឆ្នាំសកលជាមួយប្រជាពលរដ្ឋ គឺបានបង្ហាញពីភាពស្និតស្នាល កក់ក្ដៅ និងសុខសន្តិភាពពេញលេញនៅកម្ពុជា ។
លោកស្រីសន សាវិនអ្នកយកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍បន្ថែមអំពីរឿងនេះ៖នេះជាប្រវត្តិសាស្ត្រមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធី ឆ្លងឆ្នាំសកលជាមួយប្រជាពលរដ្ឋដែលមានលក្ខណៈទ្រង់ទ្រាយធំនិងអធិកអធមសប្បាយក្រៃលែង ស្របជាមួយការដាក់សម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនិងអបអរសាទរខួបលើកទី២០ឆ្នាំនៃ ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
អ្នកស្រី ពុទ្ធ ពិសី ដែលបានមកចូលរួមលេងកម្សាន្តជាមួយមិត្តភ័ក្តក្នុងបរិវេណវិមាន ឈ្នះឈ្នះនេះបានបង្ហាញ ភាពសប្បាយរីករាយក្រៃលែង ដែលបានចូលរួមអបអរសារទរឆ្លងឆ្នាំសកលជាមួយប្រមុខរាជរដ្ឋាភិបាល។ អ្នកស្រីបានបញ្ជាក់ថា វត្តមានរបស់សម្តេចនាពេលនេះ បានធ្វើអោយប្រជាពលរដ្ឋមានភាពកក់ក្ដៅ សប្បាយរីករាយ នឹងទុកចិត្តទៅដល់ថ្នាក់ដឹកនាំដែលបាននាំសន្តិភាពជូនដល់ប្រទេសជាតិហើយប្រជាពលរដ្ឋមានឱកាសបង្កលក្ខណៈសប្បាយរីករាយ ជាមួយក្រុមគ្រួសារ មិត្តិភ័ក្ត្រ មិត្តរួមការងារ ដោយមិនមានក្ដីបារម្ភ ពីបញ្ហាអសន្តិសុខឡើយ។
សំឡេង៖ «ជាការពិតយើងមានចូលឆ្នាំជាប្រពៃណីរបស់ខ្មែរ ហេតុអីយើងនាំគ្នាឆ្លងឆ្នាំសកល ប៉ុន្តែ បញ្ជាក់ពីសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែនបង្ហាញពីភាពសន្តិភាពរបស់ប្រទេសកម្ពុជាយើង។គាត់ចូលរួមជាមួយប្រជាពលរដ្ឋមិនដែលប្រកាន់ទេ គ្រប់ទីកន្លែងទាំងអស់ ជាមួយបងប្អូន កម្មករ សិស្សសាលា គ្រប់ស្រទាប់វណ្ណៈ គាត់អត់ដែលប្រកាន់ ថាគាត់ជាថ្នាក់ដឹកនាំអីទេ គឺគាត់នាំកូន ចៅសប្បាយរីករាយគ្រប់គ្នា។គាត់មកហ្នឹង គឺថាអត់មានសង្គ្រាមហើយ វាកក់ក្ដៅ ចឹងវាបង្ហាញថា សន្តិសុខមានសុវត្ថិភាពល្អ »។
ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមាន ប្រសាសន៍ថា ការចូលរួមឆ្លងឆ្នាំសកល រឺហៅថាcountdown របស់ប្រមុខរដ្ឋាភិបាលកម្ពុជា គឺជាសកម្មភាពដ៏ល្អមួយបន្ថែមទៀត ក្នុងការគាំទ្ររឺបង្កើតឡើងសុខដុមភាពវិស័យវប្បធម៌ ព្រោះជាគោលការណ៍របស់អង្គការយូណេស្កូលពិភពលោក រឺអន្តរជាតិបានតម្រូវអោយប្រទេសនិមួយៗទទួលស្គាល់ នូវវប្បធម៌ដ៏សំបូរបែបនៃរដ្ឋនានា នៅក្នុងសកលោក។
សំឡេង៖ «ព្រោះគោលការអង្គការយូណេស្កូលពិភពលោកក៏ដូចជាអន្តរជាតិ គេបានអោយយើងទទួល ស្គាល់នូវវិញ្ញត្តិភាពវប្បធម៌ ពិសេសវប្បធម៌ដ៏សំបូរបែបនៃរដ្ឋនានាក្នុងសកលោក រួមទាំងបង្អូនជនជាតិ ដើមភាគតិចផងដែរ។យើងប្រើថាចូលឆ្នាំសកលទៅហើយ យើងពុំមានអ្វីខុសឆ្គងទេ ប្រទេសមួយចំនួន ក៏គេមិនប្រកាន់ ជាប្រពៃណីចង្អៀតចង្អុលដែរ ប៉ុន្តែគេបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីចូលឆ្នាំសកល ដែលពាក្យសកលនេះ មានន័យថាទូទាំងសកលោក យើងអាចធ្វើបានមិនខុសឆ្គងទេ»។
សូមបញ្ជាក់ថា នេះគឺជាលើកទីមួយហើយ ដែលសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនអញ្ចើញចូលរួម រាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយប្រជាពលរដ្ឋនៅវិមានឈ្នះ ឈ្នះ ក្នុងទឹកដីខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ ក្នុងសភាពដ៏សែនសប្បាយរីករាយក្រៃលែង៕