កូរ៉េខាងត្បូងនិងខាងជើងពិនិត្យផ្ទៀងផ្ទាត់មើលប៉ុស្តិ៍ឆ្មាំដែលដកចេញពីព្រំដែន

AKP ភ្នំពេញ ថ្ងៃទី១៣  ខែធ្នូ ឆ្នាំ២០១៨ — កូរ៉េខាងត្បូងនិងខាងជើងបានធ្វើការពិនិត្យផ្ទៀងផ្ទាត់មើលការដកប៉ុស្តិ៍ឆ្មាំចំនួន១១រៀងៗខ្លួន ឆ្លង កាត់ព្រំដែនអន្តរកូរ៉េ កាលពីថ្ងៃពុធ នៅខាងក្នុងតំបន់គ្មានយោធា ( DMZ ) ដែលបានបន្សល់ទុកឱ្យឧបទ្វីប     កូរ៉េបែងចែកគ្នាចាប់តាំងពីសង្គា្រមកូរ៉េឆ្នាំ​១៩៥០-១៩៥៣ បានបញ្ចប់ទៅដោយយុទ្ធសន្តិភាពនោះ។

ក្រុមកូរ៉េខាងត្បូង១១នាក់ ដែលក្រុមនីមួយៗមានទាហាន៧នាក់បានឆ្លងកាត់ខ្សែកំណត់ព្រំដែន យោធា ( MDL)ចូលទៅក្នុងទឹកដីកូរ៉េខាងជើង ក្នុងពេលព្រឹកដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់មើលនៅនឹងកន្លែងប៉ុស្តិ៍ឆ្មាំកូរ៉េខាងជើងចំនួន១១ ។

នៅក្នុងពេលរសៀលកូរ៉េខាងជើងបានបញ្ជូនក្រុមមានសមាជិក១១នាក់ ដែលក្រុមនីមួយៗមានទាហាន៧នាក់ សម្រាប់ធ្វើការពិនិត្យផ្ទៀងផ្ទាត់នៅនឹងកន្លែងក្នុងផ្នែកកូរ៉េខាងត្បូង។

កូរ៉េខាងត្បូងនិងកូរ៉េខាងជើង បានដកអាវុធនិងកងទ័ពចេញពីប៉ុស្តិ៍ឆ្មាំ១១រៀងៗខ្លួន នៅខាងក្នុង DMZ នៅក្រោមកិច្ចព្រមព្រៀងយោធា ដែលប្រមុខការពារកូរ៉េទាំងពីរបានចុះហត្ថលេខាងក្នុងអំឡុងកិច្ចប្រជុំកំពូលក្រុងព្យុងយ៉ាង កាលពីក្នុងខែកញ្ញា រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា-អ៊ីន ( Moon jae-in ) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន ( Kim jong un ) ។

ក្រុងព្យុងយ៉ាង និងក្រុងសេអ៊ូល ក្រោយមកបានសម្រេចរក្សាទុកប៉ុស្តិ៍ឆ្មាំមួយរៀងៗខ្លួន សម្រាប់ តម្លៃជាប្រវត្តិសាស្ត្ររបស់ខ្លួន ។ ក្រុមពិនិត្យផ្ទៀងផ្ទាត់នេះ បានឆ្លងកាត់ព្រំដែនប្រដាប់ដោយអាវុធធុនធ្ងន់តាមផ្លូវទើបកសាងថ្មីមួយ ដែលភ្ជាប់ប៉ុស្តិ៍ឆ្មាំដែលគេកម្ទេចចោលនេះ ។

លោកប្រធានាធិបតី មូន បានមើលការផ្សាយផ្ទាល់ពីការពិនិត្យផ្ទៀងផ្ទាត់នៅនឹងកន្លែងនេះ ប្រហែល២០ នាទី នៅក្នុងពេលរសៀលនៅឯមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិ នៅខាងក្នុងបរិវេណប្រធានាធិបតី ។ លោក ក៏ត្រូវបានពួកមេបញ្ជាការយោធាប្រាប់ដោយត្រួសៗផងដែរ ស្តីពីការពិនិត្យផ្ទៀងផ្ទាត់មើលនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )