អ៊ីរ៉ង់ថា អាម៉េរិកបរាជ័យក្នុងការបំបែកបំបាក់អ៊ីរ៉ង់នៅក្រោមការដាក់ទណ្ឌកម្ម

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ  ឆ្នាំ២០១៨ — មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុឡា អាលីខាមេនី (  Ayatollah Ali khamenei ) បាននិយាយនៅក្រុងតេហេរ៉ង់ កាលពីថ្ងៃពុធថា ក្រុងវ៉ាស៊ីតោនបានបរាជ័យនៅក្នុងការបំបែកបំបាក់ប្រជាជនអ៊ីរ៉ង់ តាមរយៈការដាក់ទណ្ឌកម្មគ្រប់បែបយ៉ាងទាំងអស់លើក្រុងតេហេរ៉ង់ ។

លោក ខា មេនី ត្រូវបានដកស្រង់សម្តីដោយវេបសាយផ្លូវការរបស់មេដឹកនាំនេះ ដែលនិយាយថា រាល់វិធានការប្រឆាំងអ៊ីរ៉ង់ទាំងអស់របស់អាម៉េរិក ក្នុងពេលពីឆ្នាំកន្លងទៅជាពិសេសការដាក់ទណ្ឌកម្មដ៏ធំទូលាយ គឺសំដៅបង្កើតឱ្យមានការបែកបាក់គ្នា ព្រមទាំងការបះបោរនៅតាមផ្លូវប៉ុន្តែពួកគេបានបរាជ័យក្នុងការធ្វើឱ្យសម្រេចបាននូវបំណងប្រាថ្នានេះ ។

មេដឹកនាំអ៊ីរ៉ង់បានអំពាវនាវឱ្យពួកមន្ត្រីអ៊ីរ៉ង់មានការប្រុងប្រយ័ត្នដោយនិយាយថា ថ្វីបើអំពើក្បត់ របស់សត្រូវត្រូវបានគេធ្វើឱ្យបរាជ័យក៏ដោយ ក៏ពួកមន្ត្រីទាំងនោះគួរតែប្រុងប្រយ័ត្នព្រោះថា ស.រ.អា គឺជា សត្រូវដែលមានកលល្បិចនិងការប្រោប្រាស់ ។

លោកបានសង្កត់ធ្ងន់ថា ស.រ.អា មិនអាចស្តាវិញនូវភាពមានប្រៀបរបស់ខ្លួនលើអ៊ីរ៉ង់បានទេ ។ សេដ្ឋកិច្ចអ៊ីរ៉ង់បានប្រឈមមុខនឹងពេលដ៏លំបាកបន្ទាប់ពីអាម៉េរិកដាក់ទណ្ឌកម្ម ដ៏ទូលំទូលាយឡើងវិញ ដែលរួមមានទាំងទណ្ឌកម្មថាមពល និងហិរញ្ញវត្ថុផងក្នុងប៉ុន្មានខែកន្លងទៅដែលត្រូវបានគេលុបចោលស្របទៅតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អន្តរជាតិអ៊ីរ៉ង់ឆ្នាំ ២០១៥ ។

ប្រទេសអ៊ីរ៉ង់បាននិយាយថា ខ្លួនបានរក្សាបាននូវការសន្យាដដែល ចំពោះកិច្ចព្រមព្រៀងជាប្រវត្តិ សាស្ត្រនេះ ហើយថា កម្មវិធីមីស៊ីលរបស់ខ្លួន គឺដើម្បីគោលបំណងធ្វើឱ្យញញើតតែប៉ុណ្ណោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )