កងទ័ពអ៊ីស្រាអែលរៀបចំកម្ទេចលំនៅឋានពួកអ្នកវាយប្រហារប៉ាឡេស្ទីន

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ — យោធាអ៊ីស្រាអែលបាននិយាយពីថ្ងៃពុធថា ខ្លួនបានធ្វើការរៀបចំសម្រាប់ការកម្ទេចចោលលំនៅឋានគ្រួសារប្រព្រឹត្តិបទល្មើស ២គ្រួសារនៃការបាញ់ប្រហារមួយ​កាលពីឆ្នាំ២០១៦ បន្ទាប់ពីលំនៅឋានរបស់ពួកគេត្រូវបានគេកម្ទេចចោលហើយកសាងឡើងវិញ ។

កងទ័ពបានពិនិត្យមើលលំនៅឋានគ្រួសាររបស់ពួកអ្នកវាយប្រហារនេះ កាលពីយប់កន្លងទៅដែល បានវាយប្រហារដោយការបាញ់ធ្វើឱ្យស្លាប់នៅក្នុងទីផ្សារ Sarona  បរិវេណកន្លែងកម្សាន្តមួយក្នុងទីក្រុង តែលអាវីវ ។

អ្នកនាំពាក្យយោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកអ្នកស្រុកទាំងនេះបាន កសាងលំនៅឋាននេះឡើងវិញដោយគ្មានការអនុញ្ញាតបន្ទាប់ពីលំនៅឋានទាំងនេះ ត្រូវបានគេកម្ទេចចោល កាលពីក្នុងខែសីហា ឆ្នាំ ២០១៦ ដោយកងកម្លាំងការពារអ៊ីស្រាអែលបន្ទាប់ពីមានបញ្ជាមួយដែលបានចេញដោយមេបញ្ជាការនៃបញ្ជាការកណ្តាល ។ សេចក្តីថ្លែងការណ៍បាននិយាយថា នៅពេលឥឡូវនេះគេបានពិនិត្យមើលនូវជម្រើសនៃការកម្ទេចចោលលំនៅឋាននេះឡើងវិញ ។

នៅក្នុងខែមិថុនា លោក Khalid al- Muhamra  និង  Muhammad Ahmad Moussa Mahmara  ជាបងប្អូនជីដូនមួយ មកពីទីក្រុង Yatta  នៅក្នុងតំបន់ហេប្រុន ក្នុងវេសបែងភាគខាងត្បូងបានបើកការបាញ់ប្រហារនៅខាងក្នុងភោជនីយដ្ឋានមួយក្នុងផ្សារ Sorona  ដែលសម្លាប់មនុស្ស៣នាក់ និងរបួសច្រើននាក់ទៀត ។ ស្ត្រីទី៤ ម្នាក់បានស្លាប់ដោយគាំងបេះដូង នៅពេលមានការបាញ់ប្រហារនោះ ។

ចាប់តាំងពីអ៊ីស្រាអែលរឹបអូសយកវេសបែងនិង ហ្គាហ្សាស្រ៊ីប ក្នុងឆ្នាំ ១៩៦៧ គេបានកម្ទេចចោល លំនៅឋានប៉ាឡេស្ទីនរាប់រយខ្នងធ្វើជាវិធានការទណ្ឌកម្មមួយ ដែលមានបំណងធ្វើឱ្យពួកប៉ាឡេស្ទីន ញញើតមិនហានធ្វើការវាយប្រហារលើពួកអ៊ីស្រាអែល ។

កាលពីក្នុងដើមឆ្នាំ ២០០៥ គណៈកម្មាធិការយោធាអ៊ីស្រាអែលបានសន្និដ្ឋានថា វិធានការនេះមិនមានប្រសិទ្ធភាព ហើយអ៊ីស្រាអែលបានបញ្ឈប់នូវវិធានការនេះ ។ តែយ៉ាងណាក៏ដោយរដ្ឋាភិបាល បានយកមកប្រើឡើងវិញ ការអនុវត្តដែលចម្រូងចម្រាស់នេះ ក្នុងឆ្នាំ ២០១៥ ក្នុងខណៈមានរលកនៃការវាយប្រហារតាមផ្លូវថ្មល់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )