លោកម៉ាក្រុងដាក់ចេញវិធានការថ្មី ដើម្បីបញ្ចប់ការបះបោររបស់ក្រុមបាតុករអាវកាក់លឿង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១១.១២.១៨)

បារាំង៖ ប្រធានាធិបតីបារំាង នៅថ្ងៃចន្ទនេះ បានប្រកាសដាក់ចេញនូវវិធានការផ្នែកហិរញ្ញវត្ថុមួយចំនួនក្នុងគោលបំណងឆ្លើយតបទៅនឹងការបះបោររបស់ក្រុមអាវកាក់ពណ៌លឿងដែលកំពុងតែបង្កឲ្យមានជាបាតុកម្មតវ៉ាហឹង្សានៅតាមទីក្រុងនានា ទូទំាងប្រទេសបារំាង ។​

តាមទូរទស្សន៍បរទេសបានរាយការណ៍មកថា នៅក្នុងសន្ទរកថាតាមទូរទស្សន៍ រយៈពេល ១៥ នាទីលោកប្រធានាធិបតីបារំាង លោក ម៉ាក្រុង ដែលមានទឹកមុខស្រពាប់ស្រពោននោះ បាននិយាយថាខ្ញុំសូមទទួលខុសត្រូវ ចំពោះវិបត្តិដែលកើតមានឡើង ។​​​ លោកប្រធានាធិបតីបារំាងដែលជាអតីតមន្រ្តីធនាគារមួយរូប បាននិយាយដោយសម្លេងទន់ភ្លន់ ខុសពីមុននៅពេលដែលគាត់ព្យាយាម ឆ្លើយតបចំពោះពាក្យរិះគន់ ពីរបៀបដឹកនាំរបស់គាត់ ។​

លោកប្រធានាធិបតីបារំាង និយាយថា បាតុកម្មតវ៉ា​ដែលភាគច្រើនធ្វើឡើងដោយក្រុមអ្នកដែលមានប្រាក់បៀវត្សរ៍ទាបហើយរស់នៅតាមតំបន់ជនបទប្រទេសបារំាង កើតឡើងដោយសារបញ្ហា​ដែលអូសបន្លាយអស់ពេលជាច្រើនឆ្នំា មកហើយ និងគ្មានដំណោះស្រាយ ។​