ខេត្តព្រះវិហារ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ​ ខួបលើកទី៧០

AKP ព្រះវិហារ ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០១៨ –នៅក្រុងព្រះវិហារ ​មានរៀបចំប្រារព្ធពីធីទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០១៨​ ខួបលើកទី៧០ក្រោមប្រធានបទ «សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយថីរភាព​» កាលពីថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្រ្តីរាជការតាមបណ្ដាមន្ទីរ អាជ្ញាធរពាក់ព័ន្ធ​ តំណាងអង្គការសង្គមស៊ីវិល​ និងប្រជាពលរដ្ឋមកពីក្រុង​ ស្រុកចំនួនប្រមាណ៤០០នាក់។

លោក អ៊ុង វុទ្ធី មានប្រសាសន៍ថា ទិវា​សិទ្ធិមនុស្ស ១០ធ្នូ ត្រូវបាន​ចាត់ជា​ទិវា​សិទ្ធិមនុស្ស​សកល ដែល​អង្គការសហប្រជាជាតិ បានប្រកាស​ឱ្យ​ប្រើ​តាំងពី​ឆ្នាំ១៩៤៨ ដើម្បី​លើកស្ទួយ​សិទ្ធិសេរីភាព​របស់​មនុស្ស ត្រូវការ​ឱ្យ​មនុស្ស​ចេះ​គោរព​គ្នា ក្នុងនាម​ជា​មនុស្សជាតិ​តែមួយ ព្រឹ​តិ្ត​ការណ៍​ក្នុងថ្ងៃនេះ​ជា​សក្ខីភាព​បញ្ជាក់ ឱ្យឃើញ​បន្ថែមទៀត​នូវ​ការចូលរួម​អបអរ​ចំពោះ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​តែង​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ​ មិនតែប៉ុណ្ណោះ​ថែមទាំង​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការ​រម្លឹក​ឡើងវិញ​ពី​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​ក្នុងការ​ទាមទារ​សិទ្ធិសេរីភាព​ក៏ដូចជា​ការធ្វើ​ព​ហិ​កម្ម​របស់​ប្រជាជន​កម្ពុជា ​ក្នុង​បុព្វហេតុ​ទាមទារ​ការពារ ឱ្យមាន​ការចូលរួម ឱ្យមាន​ការគោរព​សិទ្ធិមនុស្ស​ក្នុងពេល​កន្លងមក​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា ស្តីពី​ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​កុមារ​ ព្រមទាំងធ្វើការអភិវឌ្ឍ​ប្រទេសជាតិមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ក្រោម​ការដឹកនាំ​របស់​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា

ដោយ ទិត ស៊្រ