សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបប្រកាសពីការចូលរួមប្រជែងមេដាយកីឡាបាល់បោះ U23 ជើងឯកថ្នាក់ជាតិ ២០១៨

AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ — ក្លិបកីឡាបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានប្រកាសពីការចូលរួមប្រកួតប្រជែង មេដាយនៅក្នុងព្រឹត្តិការណ៍កីឡាបាល់បោះយុវជនអាយុក្រោយ២៣ឆ្នាំ ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់បោះកម្ពុជា គ្រោងនឹង ប្រកួតនាថ្ងៃទី១១ ខែធ្នូស្អែកនេះ នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាអគារថ្មី នៃពហុ​កីឡដ្ឋានជាតិ។

 ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃចន្ទទី១០ ខែធ្នូ ឆ្នាំ២០១៨ លោក ពៅ ហុក គ្រូកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍នេះអាស៊ីអឺរ៉ុប​នឹង បញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រជែងមេដាយ ចំនួន២ក្រុម ជាមួយនឹងបណ្តាក្រុមបាល់ បោះផ្នែកបុរសមកពីបណ្តាខេត្តនានាសរុបចំនួន៨ និងផ្នែកនារីមានចំនួន សរុបចំនួន៥ក្រុម។ លោកបានបង្ហាញឱ្យឃើញនូវក្តីសង្ឃឹមខ្ពស់សម្រាប់វិញ្ញាសាផ្នែកបុរស ដែលអាចឈានដល់ ចំណាត់ថ្នាក់លេខ១ ឬលេខ២ ពីព្រោះថាក្រុមអត្តពលិកលើប្រភេទកីឡានីមួយៗ​កំពុងតែ​មាន​សក្តានុពលខ្ពស់ ដែលតែងតែឈ្នះមេដាយមាសជាច្រើន នាពេលកន្លងមក ជាពិសេសគឺ​ផ្នែក​បាល់បោះនេះក៏អាស៊ីអឺរ៉ុបធ្លាប់ឈ្នះ មេដាយមាសនៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ​គ្រប់កម្រិតអាយុផងដែរ។ ទន្ទឹមនេះ កាលពីឆ្នាំមុនកីឡាករបាល់ បោះអាយុក្រោម១៨ឆ្នាំ ក៏ឈ្នះមេដាយមាសដែរ ហើយសម្រាប់ការប្រកួតឈុតU23 ឆ្នាំនេះ ក៏លោកគ្រោងនឹង បញ្ជូន ឈុតយុវជនU18 ទៅចូលរួមប្រកួតជាមួយឈុតU23ខ្លះៗដែរ ដែលនេះគឺជាគោលដៅបង្កើន គុណភាព បច្ចេកទេសឱ្យកាន់តែខ្លាំងក្លាថែមទៀត។

លោកបានបន្ថែមថា តាមរយៈព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់បន្ថែមក្នុងការ អភិវឌ្ឍគុណភាព កីឡាករ កីឡាការិនីបាល់បោះរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺជាចូលរួមចំណែកក្នុងការពន្លឿនបច្ចេកទេស ការអភិវឌ្ឍជាមួយសហព័ន្ធជាតិ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា សម្រាប់ថ្នាលយុវជនរបស់ ខ្លួនឱ្យទទួលបាននូវសមិទ្ធផលជា​ផ្លែផ្កា ក្នុងការឈានទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

លោក ពៅ ហុក ក៏បានសម្តែងការដឹងគុណចំពោះគណៈគ្រប់គ្រង ជាពិសេសឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលតែងតែចំណាយធនធាន និងលើកទឹកចិត្តគ្រប់ពេលវេលា ទាំងអស់ សម្រាប់ការចូលរួមប្រកួតនានា នាពេលកន្លងមក។

បើតាមការបញ្ជាក់ដោយឡែកពីលោក កៅ កាន់ណាលី អគ្គលេខាធិការសហព័ន្ធ កីឡាបាល់បោះកម្ពុជា បានឱ្យដឹងដែរថា ការប្រកួតកីឡាបាល់បោះយុវជនអាយុក្រោយ២៣ឆ្នាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៨នេះ ផ្នែកបុរសដែលមាន៨ក្រុមនោះ ត្រូវបាន ចែកចែញជាពីរពូល និងផ្នែកនារីមាន៥ក្រុម ដែលចាប់ផ្តើម ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨៕

ដោយ ហេង ណាលីន