ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អន្តរក្រសួង ស្ថាប័ន រដូវកាលថ្មី ២០១៨ដំណើរការ ចាប់ពី ថ្ងៃទី១៥ ខែធ្នូនេះទៅ ដោយមាន ៣១ក្រុម

AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ — សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មាន និងចាប់ឆ្នោតចែកពូល ដល់ក្រុមចូលរួមចំនួន៣១ កាលពីល្ងាចថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឌាគារ រ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាប់ការប្រកួត​ដណ្តើម ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៦ រដូវកាលថ្មី ២០១៨ ដែលគ្រោងនឹង បើកការប្រកួតជាផ្លូវការ នាថ្ងៃរសៀលថ្ងៃទី១៥ខែធ្នូ ខាងមុខឆាប់ៗនេះ នៅទីលាន Premium Sport Club។   
ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង​ជាប្រធានគណៈកម្មការរៀបចំការប្រកួតការដណ្តើមពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នបានស្នើឱ្យកីឡាករ ដែលជាមន្ត្រីរាជការមកពីបណ្តាក្រសួងស្ថាប័ននានាគោរពឱ្យ​បាន នូវវិន័យ ក្រមសីលធម៌ និងគោរពគោលការណ៍លេងដោយយុត្តិធម៌ ដោយឈរលើស្មារតី សាមគ្គីភាព មិត្តភាពជាចម្បង ដើម្បីរួមគ្នាបង្កឱ្យព្រឹត្តិការណ៍ បាល់ទាត់មួយនេះ ទទួលបាន នូវភាពជោគជ័យ។ ឯកឧត្តមក៏សូមឱ្យកីឡាករទាំងអស់កុំប្រើប្រាស់ ពាក្យសម្តីណាមួយ​ដែល​មិនសមរម្យ នៅពេលប្រកួត ដើម្បីរក្សាបានជាគំរូល្អក្នុងនាមជាមន្ត្រីរាជការផង និង ជា យុវជនល្អផង។

ព្រឹត្តិការណ៍នេះទទួលបានភាពទាក់ទាញ និងការគាំទ្របានកាន់តែខ្លាំងឡើងៗពីមួយរដូវ កាល ទៅមួយរដូវកាល ដោយមានក្រុមចូលរួមបានកើនឡើងជាលំដាប់ រីឯបណ្តាក្រុមហ៊ុន នានាក៏ស្ម័គ្រចិត្តចូលរួមឧបត្ថម្ភ គាំទ្រក៏កាន់តែកើនឡើងដូចគ្នាផងដែរ ជាពិសេសគឺនៅ រដូវកាល ២០១៨នេះ មានក្រុមហ៊ុនចំនួន៤បន្ថែមបាន ចូលរួមឧបត្ថម្ភ។

សូមបញ្ជាក់ថា ការប្រកួតនេះគ្រោងនឹងដំណើរការពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដល់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយមានក្រុមមកពីក្រសួងស្ថាប័នចំនួន៣១ក្រុម និងចែក ចេញជា៨ពូល៕

ដោយ ហេង ណាលីន