អភិបាលខេត្ដព្រះវិហារ ដឹកនាំមន្ត្រីរាជការក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ និង ក្រុមយុវជន ចុះទៅជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅស្រុកគូលែន

AKP ព្រះវិហារ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការក្នុងខេត្ត កងកម្លាំង ប្រដាប់អាវុធទាំង៣ និងក្រុមយុវជនជាច្រើនរូប ចុះទៅជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតកម្លាំងពលកម្ម នៅភូមិគូលែនជើង ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ ២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨។  លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានឱ្យ​ដឹងថា ផ្ទៃដីដាំដុះស្រូវវស្សាឆ្នាំ២០១៨នេះមានចំនួន៩០.០០៥ហិកតា មានការកើនឡើង ច្រើនជាងឆ្នាំ២០១៧ ដែលមានតែចំនួន៨៨.០០០ហិតា។

ចំណែកឆ្នាំ២០១៨នេះមានក្រុមហ៊ុន​ចំនួន៤ បានចុះកិច្ចសន្យាទិញស្រូវសរីរាង្គ ពីបងប្អូនប្រជាពលរដ្ឋមានចំនួន ២៧.០០០តោន ក្រុមហ៊ុនអេមរុរ៉ាយ Amru Rice ទិញបាន២.២០០តោន ស្មើនឹង១៤.៦ភាគរយ នៃបរិមាណ កិច្ចសន្យាសរុប១៤.០០០តោន ក្រុមហ៊ុនអាហ្គ្រោអង្គរ Agro Angkor Intertrade ទិញបាន ៨០តោន ស្មើនឹង១.១ភាគរយនៃកិច្ចសន្យាសរុប៧.២០០តោន ក្រុមហ៊ុន​ Signature of Asia កំពុងរៀបចំប្រមូលស្រូវ​​មិនទាន់បានដឹកចេញ ការចុះទិញរបស់ក្រុមហ៊ុនមានការកើនឡើងុ ច្រើនបើប្រៀបធៀបឆ្នាំ២០១៧។
លោកប្រធានមន្ទីរបានបញ្ជាក់ថា តម្លៃស្រូវឆ្នាំ២០១៨នេះប្រជាសហគមន៍ក្នុងខេត្ត ព្រះវិហារសប្បាយចិត្តដោយតម្លៃស្រូវលក់បានតម្លៃល្អបើធៀបឆ្នាំ២០១៧កន្លងមក ហើយការ ធ្វើចំណាត់ថ្នាក់ស្រូវពួកគាត់ភាគច្រើនទទួលបានចំណាត់ថ្នាក់​A2, A3 និង​​A4 ដោយកសិករ ទទួលបានពី១.៥២០រៀល ទៅ១.៥៨០រៀលក្នុង១គីឡូក្រាម ចំណែកស្រូវធម្មតាតម្លៃ ១.១០០ រៀល ទៅ១.២០០រៀលក្នុង១គីឡូក្រាម ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ នៅពេលនេះ មិនមែនជាលើកទី១ទេ គឺអាជ្ញាធរខេត្ដបាន ចុះជួយពួកគាត់ជារៀង រាល់ឆ្នាំ​ក្នុងមួយឆ្នាំមានម្តងនេះការផ្សាភ្ជាប់រវាងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង បងប្អូនប្រជា ពលរដ្ឋ។ ឯកឧត្តមបានលើកឡើងថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ លើវិស័យកសិកម្ម និងជំរុញក្នុងការកសាងប្រព័ន្ធធារាសាស្ត្រនៅគ្រប់មូលដ្ឋាន និងផ្លូវ គមនាគមន៍។ ឯកឧត្តមអភិបាលខេត្ដបានបន្ថែមថា អាជ្ញាធរខេត្ត បានចុះជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋនៅពេលនេះ ដែលជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង បានកាត់បន្ថយ ការចំណាយថវិកាមួយផ្នែក ក្នុងការជួលកម្លាំងពលកម្ម ហើយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ត្រូវជួយប្រជាកសិករឱ្យទាន់ពេលវេលានៅពេលពួកគាត់ជួបភាព រាំងស្ងួត ៕

ដោយ ទិត ស្រ៊