នាយឧត្តមសេនីយ៍ សៅ សុខា ​អញ្ជើញចូលរួមក្នុងពិធីសម្ពោធទីលានបាល់ទាត់ និងបើកការ​ប្រកួតបាល់ទាត់ នៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ

AKP ព្រះវិហារ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨  — ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធទីលានបាល់ទាត់ និងបើកការ​ប្រកួតបាល់ទាត់ជ្រើសរើសជើងឯកយុវជនក្រោមអាយុ១៥ឆ្នាំ យុវជនក្រោមអាយុ១៧ឆ្នាំ និង ការប្រកួតបាលទាត់នារីឆ្នាំ២០១៨ ។ ពិធីនេះបានធ្វើឡើង កាលពីថ្ងៃសៅរ៍ ១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ក្នុងខេត្ដព្រះវិហារ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា សហព័ន្ធ នឹងធ្វើការសាង​សង់ទីលាន​បាល់​ទាត់ស្តង់ដារ នៅតាមសាលារៀននានា​តាមបណ្តាខេត្ត-រាជធានី ឱ្យរួចរាល់​ក្នុងឆ្នាំ២០១៩ខាងមុខនេះ ព្រមទាំងឧបត្ថម្ភប្រាក់ប្រចាំខែ ដល់លោកគ្រូ​អ្នកគ្រូជាគ្រូបង្ហាត់ក្នុង​ម្នាក់ៗទទួលបានថវិកា២លានរៀលក្នុងមួយខែ លើប្រាក់ខែដែលរដ្ឋាភិបាលផ្តល់ឱ្យ។

នាយឧត្តមសេនីយ៍ បានលើកឡើងថា ​ការប្រកួតជម្រើសជើងឯកយុវជន អាយុក្រោម១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០១៨នាពេលនេះ គឺជាផ្នែក​មួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍលើវិស័យ​បាល់ទាត់ ហើយជាថ្នាលបណ្តុះយុវជន ដែលជា​សហ​ព័ន្ធកីឡាបាល់ទាត់កម្ពុជាបានដាក់ចេញ នៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួនកាលពី​ឆ្នាំ២០១៧ដែលត្រូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ និងផែនការអភិវឌ្ឍន៍​បាល់ទាត់​ឆ្ពោះទៅកាន់​ខេត្ត ទាំង២៥រាជធានី-ខេត្ត។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដថា តាមរយៈការប្រកួតនេះ គឺយើងបានជ្រើសរើសនូវកីឡាករឆ្នើម សម្រាប់រៀបចំជាក្រុម​ជម្រើស​ជាតិចេញទៅប្រកួតក្នុងក្របខ័ណ្ឌបាល់ទាត់ ដែលរៀបចំដោយ សមាគមបាល់ទាត់​អាស៊ី​អាគ្នេយ៍ AFF ការប្រកួតបាល់ទាត់ទ្វីបអាស៊ី AFC ឬ​បាល់ទាត់អន្តរជាតិ ដែលរៀបចំដោយ FIFA ផងដែរ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មកទល់ពេលនេះ មានគ្រូ១០០នាក់​ទូទាំងប្រទេស ដែលក្នុងមួយខេត្តមានគ្រូ៤នាក់ ទទួលបណ្តុះបណ្តាលកីឡាករចំនួន២ក្រុម ដែលក្នុងក្រុមនីមួយៗ មានកីឡាករ២៥រូប។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ការប្រកួតបាលទាត់ជ្រើសរើសជើង​ឯកយុវជន​ក្រោមអយុ១៥ឆ្នាំ ក្រោមអាយុ១៧ឆ្នាំ និងប្រកួតជ្រៀសរើសជើងឯកបាល់ទាត់នារីឆ្នាំ​២០១៨​នេះ គឺមានរយៈពេលរហូតដល់៤ខែ ចាប់ផ្តើមពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨​នៅខេត្តព្រះវិហារ ហើយ​​បញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៩ នៅខេត្តបន្ទាយមានជ័យ។ ចំណែកកីឡាករ កីឡាការនី ដែលត្រូវប្រកួតនាពេលនេះមាន៦៦ក្រុម មានកីឡាករ កីឡាការិនីសរុប​១.៦៥០​នាក់។ ឯកឧត្តម នាយឧត្តមសេនីយ៍បានឱ្យដឹងទៀតថា ក្នុងនាមសហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា ចាប់ពីខែមករា ឆ្នាំ២០១៩តទៅ នឹងត្រូវធ្វើការពង្រឹងសមត្ថភាពក្នុងការវាយ​តម្លៃគុណ​សម្បត្តិ ឬផ្នែកគុណភាពគ្រូ ដែលគ្រប់គូ្របណ្ដុះបណ្ដាលទាំងអស់ ត្រូវតែបានបណ្តុះបណ្តាល​ប្រឡងទទួលបានសញ្ញាបត្រ ហើយធ្វើការ​គ្រប់ពេលម៉ោងកំណត់ទៀតផង ៕

​​ ដោយ ទិត ស្រ៊