សាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជ ឈ្នះមេដាយមាសវិញ្ញាសាទ្វារមេគុនដៃបុរស-នារី ថ្ងៃបើកឆាក ជើងឯកថ្នាក់ជាតិ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ — សាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជខេត្តសៀមរាបបានឈ្នះ មេដាយមាសលើ​វិញ្ញាសា​ទ្វារមេគុនដៃទាំងពីរវិញ្ញាសា បុរស-នារី នាថ្ងៃបើកឆាក កាលពីល្ងាច​ថ្ងៃទី០​៨ ខែធ្នូ ឆ្នាំ ២០១៨ នៃព្រឹត្តិការណ៍កីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ នៅសាលកីឡា​ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

យោងតាមលទ្ធផលផ្លូវការពីគណៈកម្មការបច្ចេកទេសបានឱ្យដឹងថា  វិញ្ញាសាចំនួន២ ដែល​បានបញ្ចប់មុនគេម្សិលមិញនេះ គឺវិញ្ញាសាទ្វារមេគុនដៃបុរស មេដាយមាសដណ្តើមបានដោយ កីឡាករ អ៊ៃ សំអុន មក សាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជខេត្តសៀមរាប មេដាយប្រាក់ កីឡាករ ហេង ខុន មកពីសាលាគុនល្បុក្ក តោរាជព្រឹក្ស ភ្នំពេញ ខណៈមេដាយសំរឹទ្ធិ ដណ្តើម​បានដោយកីឡាករ ព្រុំ ពេញពិសាល នៃសាលាគុនព្រះខ័នជ័យ ភ្នំពេញ។ ចំណែក​ឯវិញ្ញាសាទ្វារមេគុនដៃនារី មេដាយមាស ដណ្តើមបានដោយកីឡាការិនី ស៊ិន សៀវ សៀន និងមេដាយប្រាក់ កីឡាការិនី ភិរម្យ មុន្នីរ័ត្ន មកពីសាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជ ខេត្តសៀមរាប ដូចគ្នា ខណៈមេដាយសំរឹទ្ធិបានទៅលើកីឡាការិនី សុន សុធា មកពីសាលា​គុនរាជព្រឹក្ស ភ្នំពេញ។ ក្រៅពីនេះ ក៏មានការប្រកួតលើវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស-នារីជាច្រើនវិញ្ញាសាផ្សេងៗទៀតដែរ ប៉ុន្តែកំពុងប្រកួតជម្រុះ នៅឡើយ។

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សាជាន់ខ្ពស់​សហព័ន្ធ​កីឡាគុនល្បុក្កតោ កម្ពុជាមានប្រសាសន៍ក្នុងឱកាសបើកមុនការប្រកួត​ថា ទោះបីជា​កីឡាករ ឬកីឡាការិនីណាក៏ដោយ ប្រកួតចាញ់មិនបានមេដាយក៏ដោយ មិនត្រូវអស់សង្ឃឹម ឬបាក់​ទឹកចិត្តឡើយ ប៉ុន្តែត្រូវប្រើប្រាស់បទពិសោធន៍ ទាំងនេះយកទៅហាត់ហ្វឹកហ្វឺនបន្ថែមទៀត ដើម្បីទទួលបានជោគជ័យនាការប្រកួតលើកក្រោយៗទៀត។ ឯកឧត្តមសង្កត់ធ្ងន់ថា សម្រាប់​កីឡាករ កីឡាការិនីដែលលេងលើវិញ្ញាសាប្រយុទ្ធ គប្បីគួរប្រើប្រាស់បច្ចេកទេសនៃ ក្បាច់គុន​ប្រពៃណីវប្បធម៌ជាតិមួយនេះឱ្យបានច្រើន ជាជាងប្រើកម្លាំងវាយឱ្យគូប្រកួតរបួសធ្ងន់ ឬសន្លប់ ពីព្រោះ ថាអ្នកចូលរួមទាំងអស់សុទ្ធសឹងតែជាអ្នកដែលស្ថិត​នៅក្នុងវិស័យគុនល្បុក្កតោដូចៗ គ្នា ដើម្បីផលប្រយោជន៍ រួមនៃក្បាច់គុនព្រលឹងវប្បធម៌ជាតិមួយនេះ ពោលគឺត្រូវគោរពឱ្យ​បានខ្ជាប់ខ្ជួនវិន័យ ក្រមសីលធម៌ គោលការណ៍ យុត្តិធម៌ និងបទបញ្ជា ការប្រកួតជាដើម។

សូមបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ​២០១៨នេះមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន១៥៣នាក់ មកពី១៨សាលាគុន​ទូទាំង​ប្រទេស ដែលដំណើរការប្រកួតពីថ្ងៃទី០ ៨​ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨៕

ដោយ ហេង ណាលីន