សហព័ន្ធកីឡាទូកក្តោងកម្ពុជា ប្រកាសពីការប្រកួតជើងឯកថ្នាក់ជាតិដើម្បីពង្រីកគុណភាព អត្តពលិក ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកោះកុង

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ — សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានជម្រាបជូនដំណឹងជាផ្លូវការ កាលពីពេលថ្មីៗនេះជូន​ដល់​ក្លិប-សមាគម និងសាធារណជន ដែលស្នេហាកីឡាឱ្យបានជ្រាបថា ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា, សហព័ន្ធកីឡាទូកក្តោងកម្ពុជានឹងរៀបចំការប្រកួតជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពង្រីកគុណភាពអត្តពលិក និងពន្លឿនការអភិវឌ្ឍបន្ថែម ទៀត ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ ២០១៨ ក៏ដូចជា ចូលរួមអបអរ សាទរពិធីបុណ្យសមុទ្រ លើកទី៧ ជុំទី២ ដែលនឹងប្រារព្ធធ្វើឡើង នៅខេត្ត កោះកុង។ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ចំពោះវិញាសាដែលដាក់ឱ្យប្រកួត រួមមាន៖ ១-វិញ្ញាសា ទូកក្តោង Windsurfing Sail 7.8M2 to 8.5M2 និង២-វិញ្ញាសា ទូកក្តោង Windsurfing Sail 4.0M2 to 6.5M2 ដែលការទទួលពាក្យ ចូលរួមប្រកួតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូត ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ ការសហព័ន្ធកីឡាក្តោងកម្ពុជា នៃអគារ គណៈ កម្មាធិការអូឡាំពិកកម្ពុជា ឬតាមទូរស័ព្ទលេខ ០៧៧ ៦៦ ១៦ ៥៩ និង ០១០ ២៧ ០១ ៧៨។ជាមួយគ្នានេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានសម្តែងនូវអំណរគុណយ៉ាងជ្រោល ជ្រៅជូនចំពោះ ឯកឧត្តម ហ្គោដុន ថាង (H.E GORDON TANG) អនុប្រធានគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា ដែលតែងតែជួយឧបត្តម្ភ គាំទ្រដល់សហព័ន្ធកីឡាទូកក្តោងកម្ពុជា និងលើកកម្ពស់វិស័យកីឡាទូក ក្តោងកម្ពុជាកាន់តែ ល្អប្រសើរជាលំដាប់។សូមរម្លឹកថា សហព័ន្ធកីឡាទូកក្តោងកម្ពុជាទើបនឹងបញ្ជូនគ្រូបង្វឹក១ រូបគឺ លោក សោម សុទ្ធរិទ្ធិពង្ស និង កីឡាករចំនួន ២រូប គឺកីឡាករ សូត្រ មេសា និងកីឡាករ ហៀង ស៊ុនហេង ទៅទៅចូលរួម ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោង ASAF ASIAN WINDSURFING CHAMPIONSHIP 2018 នៅទីក្រុងហ្សូហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំឡើង ដោយសមាគមកីឡាទូកក្តោងប្រទេសចិន និងមានការគាំទ្រដោយសហព័ន្ធកីឡាទូក ក្តោង អាស៊ី ដែលមានកីឡាករចូលរួមប្រកួតសរុប ១៧០រូប មកពី១៣ប្រទេស ដែលការចូលរួម នេះនឹងបានជួយផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃជាច្រើនដល់កីឡាករទាំង២រូប របស់កម្ពុជា ក្នុងការអភិវឌ្ឍនូវបច្ចេកទេសរបស់ពួកគេ ត្រៀមក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វ៊ីលីពីន និងត្រៀមប្រកួតកីឡា ស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ៕

ដោយ ហេង ណាលីន