លោកស្រី ហៀក ហ៊ីមុន្លី អញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាល ស្តីពីវគ្គអន្តរគមន៍ អភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — នាយកដ្ឋានបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សហការជា មួយរដ្ឋបាលខេត្តព្រះសីហនុ  បានបើកវគ្គបណ្ដុះបណ្ដាល ស្តីពីវគ្គអន្តរគមន៍ អភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ដែលមានរយៈពេល៣ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ  ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកស្រី ហៀក ហ៊ីមុន្លី អភិបាលរងខេត្តព្រះសីហនុ។

លោកស្រី ហៀក ហ៊ីមុន្លី មានប្រសាសន៍ បើកវគ្គបណ្ដុះបណ្ដាល ស្តីពីវគ្គអន្តរគមន៍ អភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថា វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងដើម្បីបំប៉ន បង្កើនសម្ថភាពដល់មន្រ្តីរដ្ឋបាលក្នុងខេត្តព្រះសីហនុ ដោយផ្តោតសំខាន់លើ,  ១. ការងារអភិបាលកិច្ចល្អ , ២. ការងារកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់, ៣. ការបង្កើតគំនិតច្នៃប្រឌិត និងទី៤. ការកសាង និងដឹកនាំក្រុមឱ្យមានប្រសិទ្ធភាព។

លោកស្រីបន្តថា ចំណុចសំខាន់ទាំង ៤ខាងលើ  ដើម្បីជំរុញឱ្យមន្ត្រីថ្នាក់ក្រោមជាតិ កាន់តែមានចំណេះដឹង បទពិសោធន៍ថ្មីៗក្នុងការបំពេញការងារកាន់ តែមានប្រសិទ្ធិភាព តម្លាភាព បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ធានាបានទាំងបរិមាណ និងគុណភាព។

លោកស្រីអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់មន្ត្រីដែលបានចូលរួមក្នុងវគ្គ បណ្តុះបណ្តាល ត្រូវខិតខំស្តាប់គ្រូឧទ្ទេស ដើម្បីបង្កើននូវចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីទទួលបាននូវបទពិសោធន៍ យកទៅបំពេញការងារតាមការិយាល័យក្រុង ស្រុក ឃុំ សង្កាត់ឱ្យទទួលបានលទ្ធផលល្អបន្ថែមទៀត ព្រោះយើងជាមន្ត្រីជាអ្នកបម្រើ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

ដោយ ងូ សុមុនី