សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រចាំឆ្នាំ២០១៨ មានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០១៧

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានមានប្រសាសន៍ នៅព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ថា សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលថវិកាលើមធ្យោបាយដឹក ជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ គឺគិតចាប់ពីខែមិថុនា រហូតដល់ថ្ងៃទី២៨  ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានយានយន្តចំនួនជាង ១៣.១៣៧គ្រឿង បានចូលមកបង់ពន្ធនៅតាម សាខាពន្ធដារ ធនាគារអេស៊ីលីដា និងធនាគារការណាឌីយ៉ា ក្នុងខេត្តព្រះសីហនុ។

 

លោកបន្តថា បើប្រៀបធៀបនឹងរយៈពេលនៃការបង់ពន្ធលើយានយន្តប្រចាំឆ្នាំ២០១៧ មានការកើនឡើងជាង ១.០០០គ្រឿង មានទឹកប្រាក់ជាង ៦ពាន់លានរៀល កើនលើសឆ្នាំ២០១៧ ១១.៨៨ភាគរយ ។

លោកប្រធានសាខាពន្ធដារខេត្តព្រះសីហនុបានបន្តទៀតថា ការកើនឡើងនូវចំណូល ពន្ធ​លើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។ ការកើនឡើង ដោយសារកំណើនយានយន្តមានការកើនឡើង ជីវភាពប្រជាពលរដ្ឋល្អប្រសើរ ប្រជាពលរដ្ឋមានការភ្ញាក់រលឹកពីកាតព្វកិច្ចបង់ពន្ធ។ សាខាពន្ធដារខេត្តព្រះសីហនុ បានពង្រឹងច្បាប់សារពើពន្ធផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ស្តីពីកាតព្វកិច្ចបង់ពន្ធ ព្រមទាំងបានបើកសិក្ខាសាលាផ្សព្វផ្សាយ ពីកាតព្វកិច្ចបង់ពន្ធ ពិសេសប្រជាពលរដ្ឋ អាជីវករ មានការយល់ដឹងចូលមកបង់ ពន្ធនៅតាមសាខាក្រុង ស្រុក ខេត្ត មានការកើនឡើងជាបន្តបន្ទាប់ ធ្វើឱ្យការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនមានការកើនឡើង និងលើសផែនការ ជារៀងរាល់ឆ្នាំ ពិសេសមន្ត្រីពន្ធដាររបស់យើងបានបំពេញការងារ បម្រើសេវា ជូនអតិថិជនប្រកបដោយក្រមសីលធម៌ ភាពជឿជាក់ តម្លាភាពជាមន្ត្រីបម្រើរាស្ត្រ។

លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ក៏បានសំណូមពរដល់បង ប្អូនប្រជាពលរដ្ឋ អាជីវករ  ដែលមានកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូនទាំងអស់ ត្រូវចូលមកបង់ពន្ធនៅតាមសាខាពន្ធដារ ធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា ដែលនៅជិតផ្ទះឱ្យបានទាន់ពេលវេលា ព្រោះការបង់ពន្ធនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ប្រសិនបើមិនបានចូលមកបង់ពន្ធលើ មធ្យោបាយដឹកជញ្ជូនទាន់ពេលវេលា អាចប្រឈមនឹងការផាកពិន័យទ្វេដងជាក់ជាមិនខាន ម្យ៉ាងទៀតអគ្គនាយកដ្ឋានពន្ធដារ ក៏មិនមានការពន្យាពេលបង់ពន្ធលើ មធ្យោបាយដឹកជញ្ជូននោះផងដែរ ព្រមទាំងបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកបង់ពន្ធដោយខ្លួនឯង ចៀសវាងឱ្យគេមកបង់ជំនួសចំណាយសេវាក្រៅផ្លូវការ នាំឱ្យខាតបង់ពេលវេលា ថវិកា និងបង្កឱ្យមានបាតុភាពមិនល្អថែមទៀត ។

លោកប្រធានពន្ធដារសាខាខេត្តព្រះសីហនុបានបញ្ជាក់ថា នៅពេលថ្ងៃបិទបញ្ចប់ គឺថ្ងៃទី៣០  ខែវិច្ឆិកា នៃការបង់ពន្ធប្រចាំឆ្នាំ ប្រជាពលរដ្ឋតែងតែសម្រុក មកបង់ពន្ធមធ្យោបាយរបស់ខ្លួន ដែលមន្ត្រីរបស់យើងមិនអាចបំពេញតាម តម្រូវការបានទាន់ពេលវេលា។ លោកសង្ឃឹមថា រយ:ពេល ៣ថ្ងៃ នៃការបិទបញ្ចប់ការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ និងមានយានយន្តជាច្រើនគ្រឿងផ្សេងទៀតចូលមកបំពេញកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំនៅតាមសាខាពន្ធដារ ឬនៅតាមធនាគារដែលបានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ៕

ដោយ ងូ សុមុនី