កីឡាករ-កីឡាការិនីពិការលើពីរប្រភេទទៅបង្កើនគុណភាពបច្ចេទេសរបស់ខ្លួន នៅសាធារណរដ្ឋកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — កីឡាករកីឡាការិនីពិការ៤នាក់ និងគ្រូបង្វឹក២នាក់លើ២ ប្រភេទកីឡានៃគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជាបានចេញទៅបង្កើនគុណភាពបច្ចេកទេសឱ្យកាន់តែល្អ ប្រសើររយៈពេល ៥ថ្ងៃ នៅសាធារណរដ្ឋកូរ៉េ ក៏ដូចជាទទួលយកនូវបទពិសោធន៍ថ្មីបន្ថែមទៀត។

លោក យី សុភក្ត្រា ប្រតិភូដឹកនាំកីឡាករកីឡាការិនីបានបញ្ជាក់នៅអាសយានដ្ឋាន អន្តរជាតិ​​ភ្នំពេញ មុនពេលចេញដំណើរថា សម្រាប់កម្មវិធីហ្វឹកហាត់នេះ គឺជាការសហការ គ្នារវាងគណៈកម្មការអន្តរជាតិសហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកូរ៉េ និង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលក្នុងនោះកម្ពុជាបញ្ជូនអត្តពលិកលើ២ប្រភេទ កីឡា គឺកីឡាហែលទឹក និងកីឡាអត្តពលកម្ម។ ចំពោះការហ្វឹកហាត់លើកនេះដែរ មានការ ចូលរួមពីបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន និងអាស៊ី ដូចជាប្រទេសវៀតណាម, ឡាវ, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ប៉ាគីស្ថាន, នេប៉ាល់ និងបណ្តាប្រទេសមួយចំនួនទៀត។

ប្រតិភូដឹកនាំរូបនេះសង្ឈឹមថា នឹងទទួលបានបទពិសោធន៍ថ្មីៗ ព្រោះមានការបង្ហាត់បង្ហាញ ផ្ទាល់ពីគ្រូមកពីសហព័ន្ធអន្តរជាតិនឹងជួយកីឡាករ-កីឡាការិនី ព្រមទាំងគ្រូបង្វឹកឱ្យ​កាន់តែរីក ចម្រើននូវកម្រិតបច្ចេកទេសផងដែរ។ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងពីរប្រភេទកីឡា នេះ រួមមាន៖ ប្រភេទកីឡាហែលទឹក គ្រូបង្វឹក លោក ហែម លំផាត់, កីឡាការិនី ថា ស្រីនៀត និងកីឡាករ ជូ ជុំ ខណៈប្រភេទកីឡាអត្តពលកម្មមាន លោក យី សុភក្រ្តា គ្រូបង្វឹក កីឡាករ វ៉ាន់ វ៉ុន និងកីឡាករ ហេង សាវឿន៕

ដោយ ហេង ណាលីន