អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញបើកអោយដំណើរការផ្លូវរត់យន្តហោះថ្មីអាចទទួលយន្តហោះធន់ធំបានដោយសុវត្ថិភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ហុក សុខរិន ៖​

អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញបើកអោយដំណើរការផ្លូវរត់យន្តហោះថ្មី ដែលមានសមត្ថភាពអាចទទួលយន្តហោះធន់ធំបានដោយសុវត្ថិភាព និងមានភាពងាយ ស្រួល។

ក្នុងពិធីសូត្រមន្តប្រោសព្រំបញ្ចប់គម្រោងអ៊ុតផ្លូវរត់យន្តហោះថ្មីនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ លោកអេរិច ឌឺឡូប៊ែល Eric Delobel អគ្គនាយកក្រុមហ៊ុនកម្ពុជាអ៊ែផតបានឲ្យដឹងថាផ្លូវរត់យន្តហោះថ្មីនេះមានលទ្ធភាពទាក់ទាញការចុះចត់យន្តហោះអន្តរជាតិធំៗកាន់តែច្រើនរហូតដល់រយៈពេល១៥ឆ្នាំទៅមុខទៀត ដែលនឹងជួយលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានលក្ខណៈល្អ ប្រសើរ។

លោកបញ្ជាក់ថា ផ្លូវថ្មីនេះបានប្រើប្រាស់បច្ចេកទេសសាងសង់ទំនើបដែលធានាបានទំាងសុវត្ថិភាពនៃការចុះចត និងការរត់ឡើងរបស់យន្តហោះ។

ឯឧ.សយ សុខាន់ អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ការស្ថាបនាផ្លូវរត់យន្តហោះថ្មីនេះគឺបានបង្កើនភាពកក់ក្តៅដល់អ្នកធ្វើដំណើរ ខណៈដែលចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសនេះកំពុងមានកំណើនខ្ពស់ច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។

សូមបញ្ជាក់ថា ផ្លូវរត់យន្តហោះថ្មីនេះមានប្រវែង៣ពាន់ម៉ែត្របានចំណាយថវិការហូតដល់ជាង១២លានដុល្លាអាមេរិក ហើយគ្រោងសាងសង់ចំណតយន្តហោះចំនួន១០ចំណតបន្ថែមទៀត ដើម្បីកាន់តែផ្តល់ភាពងាយស្រួលក្នុងការទទួលយន្តហោះធំៗមកពីក្រៅប្រទេស៕